អន្តរជាតិ
ប៉េកាំង ព្រមាន​បាតុករ​ហុងកុង​៖ លេង​ជាមួយ​ភ្លើង​ប្រយ័ត្ន​ឆេះ​ខ្លួនឯង​
07, Aug 2019 , 10:07 am        
រូបភាព
ប្រភពរូប៖ Getty Images
ប្រភពរូប៖ Getty Images
ដោយ:
​មួយថ្ងៃ​ក្រោយពី​ភាពវឹកវរ​កាន់តែ​ធំ​ឡើង​គ្របដណ្តប់​លើ​ទីក្រុង​នេះ​រដ្ឋាភិបាល​ចិន បាន​ព្រមាន​ក្រុមបាតុករ​ហុងកុង​ខ្លាំងៗ​។ ក្នុង​បាតុកម្ម​នេះ ប៉ូលិស​ហុងកុង អះអាងថា មនុស្ស ១៤៨​នាក់ ត្រូវបាន​ចាប់ខ្លួន ខណៈ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ជាង ៨០០​គ្រាប់ ត្រូវបាន​បាញ់​ក្នុងការ​ទប់ទល់​ក្រុមបាតុករ​។

 
«​អ្នក​ទាំងឡាយណា​ដែល​លេង​ជាមួយ​ភ្លើង នឹងត្រូវ​ឆេះ​ខ្លោច​ដោយសារ​វា​»​។ នេះ​ជាការ​ព្រមាន​ដ៏​ធ្ងន់​មួយ​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ទៅលើ​ក្រុមបាតុករ​ហុងកុង ដែល​បានធ្វើ​សកម្មភាព​តវ៉ា ​អស់​រយៈ​ប្រមាណ​២​ខែ​មកហើយ​នេះ​។  
 
​ក្នុង​សន្និសីទ​ព័ត៌មាន​ក្នុង​រដ្ឋធានី​ប៉េកាំង នៅ​ថ្ងៃ​អង្គារ ទី​៦ សីហា អ្នកនាំពាក្យ​សម្រាប់​ការិយាល័យ​ទទួលបន្ទុក​កិច្ចការ​ម៉ា​កាវ និង​ហុងកុង លោក Yang Guang បញ្ជាក់ថា បាតុកម្ម​នេះ ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​ស្ថិរភាព និង​វឌ្ឍនភាព​របស់​ទីក្រុង​ហុងកុង ដែល​កំពុង​រុញ​ច្រាល​ក្រុង​នេះ ​ធ្លាក់ចូល​ទៅក្នុង​ស្ថានភាព​គ្រោះថ្នាក់​កាន់តែ​ជ្រៅ​។ 
 
​រដ្ឋាភិបាល​ចិន នៅតែ​គាំទ្រ​យ៉ាង​ពេញទំហឹង​ លើ​កងកម្លាំង​ប៉ូលិស​ហុងកុង​ដែល​ទទួលរង​ការរិះគន់​ ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​ក្រុមបាតុករ និង​ប្រធាន​ប្រតិបត្តិ​ទីក្រុង​ង​ហុងកុង លោកស្រី Carrie Lam ដែល​ក្រុមបាតុករ​ ចង់​ឲ្យ​ចុះ​ចេញពី​តំណែង​ផងដែរ​។  លោក Yang និយាយ​បែបនេះ ដោយ​សង្កត់ធ្ងន់ថា​៖ «​កុំ​វិនិច្ឆយ​ខុស​លើ​ស្ថានការណ៍ និង​យល់ច្រឡំ​​ភាព​អត់​ធ្ម​ន់​របស់​យើង​ថា​ជាចំណុចខ្សោយ​ឲ្យ​សោះ ហើយ​កុំ​មើលស្រាល​កម្លាំង​រដ្ឋាភិបាល​មជ្ឈិម​ចិន​»​។ 
 
​ការលើកឡើង​របស់លោក​បែបនេះ ធ្វើឡើង​ក្រោយពី​ប៉ូលិស​ហុងកុង បានប្រកាសថា ពួកគេ បាន​ឃាត់ខ្លួន​មនុស្ស​ជិត ១៥០​នាក់  ​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​ កាលពី​ថ្ងៃ​ចន្ទ​ ទី៥ សីហា​។នៅ ពេលនោះ ការ​បាតុកម្ម​ត្រូវបាន​រៀបចំ​ស្ទើរ​គ្រប់​ទីកន្លែង ដែលបាន​បង្អាក់​ជើងហោះហើរ​រាប់រយ និង​សេវាកម្ម​រថភ្លើង​ថែម​ទៀតផង​។ 
 
​ក្នុងការ​ប៉ះទង្គិច​គ្នា​ចុងក្រោយបង្អស់ កាលពី​យប់​ថ្ងៃ​អង្គារ​ទី ៦ ខែសីហា ប៉ូលិស​ក្រុង​ហុងកុង បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ប្រមាណ ​៨០០​គ្រាប់​ លើ​ក្រុមបាតុករ និង​ប្រជាជន ដែល​បាន​ប្រមូលផ្តុំ​គ្នា​នៅក្រៅ​ស្ថានីយ៍​ប៉ូលិស​មួយកន្លែង ​ក្នុង​សង្កាត់ Sham Shui Po បន្ទាប់ពី​មានការ​ចាប់ខ្លួន​និស្សិត​ម្នាក់​។ ទាក់ទិន​នឹង​ការចាប់ខ្លួន​និស្សិត​ហុងកុង​រូបនេះ សមត្ថកិច្ច អះអាងថា ពួកគេ រកឃើញ អាវុធ​ជាប់​ខ្លួន​រូបគេ​។​
 
​ខណៈ​ការប៉ះទង្គិច​រវាង​កង​កម្លាំង​ហុងកុង និង​ក្រុមបាតុករ ចេះតែ​បន្ត​អូសបន្លាយ​បែបនេះ គេ​សង្ស័យថា ក្រុង​ប៉េកាំង ប្រហែល​ត្រូវបាន​បង្ខំចិត្ត​ ធ្វើ​អន្តរាគមន៍​ក្នុង​បញ្ហា​នេះ ហើយ​ទំនងជា​ប្រើប្រាស់​កម្លាំងយោធា​ផង​ក៏​មិនដឹង​។ យ៉ាងណាមិញ លោក Yang បដិសេធ​មន្ទិលសង្ស័យ​បែបនេះ ដោយ​និយាយថា រដ្ឋាភិបាល​ក្រុង​ហុងកុង មាន​សមត្ថភាព​ពេញលេញ​ ដាក់ទោស​ឧក្រិដ្ឋកម្ម​ហិង្សា ដោយ​អនុលោម​តាមច្បាប់ និង​ស្តារ​ស្ថិរភាព​និង​សណ្តាប់ធ្នាប់​ឡើងវិញ​។​
 
​សូមបញ្ជាក់ថា មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​សាកល ហុងកុង បាន​ធ្លាក់​ចូលក្នុង​ភាពចលាចល ដោយសារ​បាតុកម្ម​ជាច្រើន​សប្តាហ៍​មកនេះ ។ បាតុកម្ម​នេះ ត្រូវបាន​បញ្ចេះ​ឡើង​ដោយ​ពលរដ្ឋ​ហុងកុង ជាពិសេស​ក្រុមយុវជន ប្រឆាំង​ដាច់ខាត​នឹង​សេចក្តីព្រាងច្បាប់​មួយ ដែល​នឹង​អនុញ្ញាត​ឲ្យ​មាន​ការធ្វើ​បត្យាប័ន ​ទៅកាន់​ចិនដីគោក​។ ចាប់តាំងពី​ពេលនោះ​មក បាតុកម្ម​ជា​បន្តបន្ទាប់ បាន​វិ​វត្ត​ទៅជា​ចលនា​កាន់តែ​ធំ​ឡើងៗ ក្នុង​គោលដៅ​ធ្វើកំណែទម្រង់​លទ្ធិ​ប្រជា​ធិ​បេ​តយ្យ និង​ការពារ​សេរីភាព​៕

Tag:
 ចិន​
  ហុងកុង​
  បាតុកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com