អន្តរជាតិ
ចិន និង​ប៉ា​គី​ស្ថាន​រិះគន់​ឥណ្ឌា​ដែល​ដក​ឋានៈ​ស្វ័យភាព​ពី​តំបន់​កា​ស្មៀ​រ​
07, Aug 2019 , 11:40 am        
រូបភាព
បាតុករប៉ាគីស្ថានដុតទង់ជាតិឥណ្ធាដែលមានរូបលោក នារិន្ទ្រា ម៉ូឌី ។ រូបភាព AFP
បាតុករប៉ាគីស្ថានដុតទង់ជាតិឥណ្ធាដែលមានរូបលោក នារិន្ទ្រា ម៉ូឌី ។ រូបភាព AFP
​រដ្ឋាភិបាល​ជាតិនិយម​ហិណ្ឌូ​នៅ​ឥណ្ឌា នៅ​ថ្ងៃទី​៦ ខែសីហា បានបង្ហាញ​ការ​ត្រេក​ជា​ពន់ពេក​ចំពោះ​ការដក​ឋានៈ​តំបន់​កា​ស្មៀ​រ ជា​ទឹកដី​ស្វយ័ត ហើយ​ដែល​អនុញ្ញាត​ឲ្យ​ក្រុង​ញូ​វ​ដេលី​គ្រប់គ្រង​ទឹកដី​នេះ​ដោយផ្ទាល់​ដូច​តំបន់​ផ្សេងទៀត​ដែរ​។ ប៉ុន្តែ​ចិន និង​ប៉ា​គី​ស្ថាន ដែល​គ្រប់គ្រង​ផ្នែក​ខ្លះ​នៃ​កា​ស្មៀ​រ​ដែរនោះ បាន​រិះគន់​ការសម្រេចចិត្ត​របស់​ឥណ្ឌា និង​ចាត់ទុកជា​ទង្វើ​ខុសច្បាប់​ទៀតផង​។ ប៉ា​គី​ស្ថាន ក៏មាន​គម្រោង​យក​បញ្ហា​នេះ​ទៅ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ដោះស្រាយ​ផងដែរ​។

 
​ឋានៈ​ស្វយ័ត​របស់​តំបន់​កា​ស្មៀ​ដែលមាន​អស់​រយៈពេល​៧​ទសវត្សរ៍​មកហើយ​នោះ ត្រូវបាន​ប្រធានាធិបតី​ឥណ្ឌា​ចេញ​ក្រិ​ត្យ​ដក​វិញ​នៅ​ថ្ងៃទី​៥ ខែសីហា​កន្លងទៅ​។ មុន​ការ​ឋានៈ​ស្វយ័ត​នេះ ទឹក​ដីកា​ស្មៀ​រ​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា ត្រូវបាន​បិទ​ទាំងស្រុង ដោយ​ប្រជាជន​កា​ស្មៀ ត្រូវ​បង្ខំ​ឲ្យ​ស្ថិត​ក្នុងការ​ផ្ទះ​របស់​ពួកគេ ប្រព័ន្ធ​អ៊ីនធឺណិត និង​ទូរ​សព្ទ​ជាដើម​ត្រូវបាន​កាត់ផ្ដាច់ ខណៈ​ក្រុង​ញូ​វ​ដេលី​បាន​បញ្ជូន​ទ័ព​បន្ថែម​ខ្ទង់​៧​ម៉ឺន​នាក់​ឯណោះ​។​
 
​នាយករដ្ឋមន្ត្រី​រដ្ឋាភិបាល​ជាតិនិយម នា​រិ​ន្ទ្រា ម៉ូ​ឌី បាន​សាទរ​នឹង​ការដក​ស្វ័យភាព​ពី​តំបន់​កា​ស្មៀ​នេះ ហើយ​ចាត់ទុកជា​ព្រឹត្តិការណ៍ ជាការ​ប្រមូល​ជនជាតិ​ឥណ្ឌា​តែមួយ​ដើម្បី​សម្រេច​ក្ដី​សុបិន​របស់​ប្រជាជន​កា​ស្មៀ​។ ការដក​ឋានៈ​នេះ ត្រូវបាន​សភា​ឥណ្ឌា​អនុម័ត ដែល​ការណ៍​នឹង​បើកផ្លូវ​ឲ្យ​រដ្ឋាភិបាល​លោក ម៉ូ​ឌី អាច​គ្រប់គ្រង​ទឹកដី​ដែលមាន​ជន​មូស្លីម​ភាគច្រើន​នេះ​ដោយផ្ទាល់​។ នៅលើ Twitter របស់ខ្លួន លោក ម៉ូ​ឌី ហៅ​ការសម្រេចចិត្ត​របស់​ស​ភា​ជា​រឿង​ពិសេស​ក្នុង​ប្រជាធិបតេយ្យ​សភានិយម​នៅ​ឥណ្ឌា​។​
 
​រដ្ឋាភិបាល​ឥណ្ឌា​សប្បាយចិត្ត ព្រោះ​អាច​ចាត់ចែង​កិច្ចការ​នៅ​កា​ស្មៀ​របា​ន​ដោយផ្ទាល់​។ ប៉ុន្តែ​ចិន និង​ប៉ា​គី​ស្ថាន​ឯណោះ​មិន​សប្បាយចិត្ត​ឡើយ​។ នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន អ៊ី​ម​រ៉ា​ន ខាន់ នៅ​ថ្ងៃទី​៦ ខែសីហា ប្រកាសថា លោក​នឹង​តវ៉ា​ការសម្រេចចិត្ត​របស់​ឥណ្ឌា និង​យក​បញ្ហា​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ផងដែរ​។ លោក ខាន់ បាន​ចោទ​ឥណ្ឌា ថា បំពាន​ច្បាប់​អន្តរជាតិ​ដើម្បី​តែ​របៀបវារៈ​ប្រឆាំង​ឥស្លាម​។ យោធា​ប៉ា​គី​ស្ថាន ក៏​ប្រកាស​គាំទ្រ​ប្រជាជន​កា​ស្មៀ​រ​ក្នុង​កាលៈទេសៈ​នេះដែរ​។​
 
​ចិន​ដែល​កំពុង​គ្រប់គ្រង​ផ្នែក​មួយ​នៃ​ទឹក​ដីកា​ស្មៀ​រ​ដែរនោះ ក៏​រិះគន់​ក្រុង​ញូ​វ​ដេលី​ដែរ​។ អ្នកស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ចោទ​ឥណ្ឌា​ចំៗ​ថា បាន​បំពាន​អធិបតេយ្យ​របស់​ចិន​តាមរយៈ​ការផ្លាស់ប្ដូរ​ច្បាប់​ក្នុងស្រុក​របស់ខ្លួន​ដោយ​ឯកតោភាគី​។ សម្រាប់​ចិន អ្វីដែល​មិន​ពេញចិត្ត​ខ្លាំង​នោះ គឺ​ឥណ្ឌា​បានដាក់​ទឹក​មួយផ្នែក​នៃ​រដ្ឋកា​ស្មៀ​រ​ដែលមាន​ពុទ្ធសាសនិក​ភាគច្រើន​ជា​ទឹកដី​សហព័ន្ធ​។ ប៉ុន្តែ​ឥណ្ឌា​បាន​ប្រាប់​វិញ​ហើយ​ថា នេះ​ជា​បញ្ហា​ផ្ទៃក្នុង​របស់ខ្លួន​។ 
 
​បច្ចុប្បន្ននេះ ប៉ា​គី​ស្ថាន និង​ចិន​កំពុង​តែមាន​បញ្ហា​ព្រំដែន​ជាមួយ​ឥណ្ឌា​មិន​ដាច់ស្រេច ហើយ​នៅ​អតីតកាល ក៏មាន​ផ្ទុះ​សង្គ្រាម​ផងដែរ​។ ចំណែក​ទឹកដី​កា​ស្មៀ​រ គឺជា​ទីតាំង​ប្រទាញប្រទង់​ដ៏​ហិង្សា​មួយ​ដែល​ត្រូវបាន​ខណ្ឌ​ចែក​ដោយ​តំបន់​ត្រួតត្រា​រវាង​ប៉ា​គី​ស្ថាន និង​ឥណ្ឌា ខណៈ​ចិន​វិញ​ដែល​គ្រប់គ្រង​ទឹកដី​រដ្ឋ​នេះ​មួយចំណែក​ដែរនោះ មិនមាន​បញ្ហា​អ្វី​ទេ​។ ចំណាត់ការ​របស់​ឥណ្ឌា​ពេលនេះ ទំនងជា​បញ្ឆេះ​ហិង្សា​នៅ​កា​ស្មៀ​រ​កាន់តែខ្លាំង​មិន​ខាន​៕ 

Tag:
 ចិន​
  ប៉ា​គី​ស្ថាន​
  ឥណ្ឌា​
  កា​ស្មៀ​រ​
© រក្សាសិទ្ធិដោយ thmeythmey.com