ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឧស្សាហ៍​អារម្មណ៍មិនល្អ​ស្មុគស្មាញ​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​!
08, Aug 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​មានការ​ងារ​និង​រឿង​មួយចំនួន​ដែល​យើង​មិនអាច​ជៀសផុត ហើយ​ទាមទារ​ឱ្យ​ត្រូវតែ​ប្រឈមមុខ​ដោះស្រាយ ដូច្នេះ​ភាពស្មុគស្មាញ ស្ត្រេ​ស និង​ធុញថប់​ប្រាកដជា​កើតមានឡើង​ដែរ​។ ប៉ុន្តែ​ថា​តើ​យើង​ត្រូវ​ដោះស្រាយ​បញ្ហា​ស្ត្រេ​ស ឬ​អារម្មណ៍មិនល្អ​តាមរបៀប​ណា​ទៅ​? កុំ​បារម្ភ​!



ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​លំ​ហាត់ប្រាណ​ងាយៗ​ចំនួន ៥ ដែលមាន​ប្រសិទ្ធភាព​ជួយ​លើកកម្ពស់​អារម្មណ៍​ល្អប្រសើ​រ ៖
 
១. យូ​ហ្កា​
 
​យូ​ហ្កា គឺជា​ជម្រើស​នៃ​លំ​ហាត់ប្រាណ​ដ៏​ប្រសើរ​បំផុត​មួយ​ដើម្បី​ទប់ទល់​នឹង​ភាព​ស្ត្រេ​ស​ដោយ​វា​មិន​ត្រឹមតែ​ជួយ​ពង្រឹង ឬ​បង្កើន​ភាពបត់បែន​នៃ​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យូ​ហ្កា​ក៏​ទាមទារ​ឲ្យ​ចេះ​ប្រើការ​ដកដង្ហើម​បាន​ត្រឹមត្រូវ​ដើម្បី​កាត់បន្ថយ​កម្រិត​នៃ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ផងដែរ​។ ដូច្នេះ​អត្រា​នៃ​ចង្វាក់បេះដូង​របស់​អ្នកនឹង​ត្រឡប់មក​លោត​ក្នុង​កម្រិត​ប្រក្រតី​វិញ​។​
 
២. ការរត់​
 
​ការរត់​ក៏​ជា​ជម្រើស​ដ៏​ល្អ​មួយ​ផងដែរ ប្រសិនបើ​អ្នក​ចង់​កាត់បន្ថយ​ស្ត្រេ​ស ព្រមជាមួយ​ទម្ងន់​ដែល​លើស​។ នោះ​ក៏​ព្រោះតែ​ការរត់​បង្កើន​អត្រា​ចង្វាក់បេះដូង​និង​ការដុត​រំលាយ​អាហារ​ក្នុងពេល​តែមួយ​។​
 
៣. លំ​ហាត់ប្រាណ​បែប Pilates 
 
​លំ​ហាត់ប្រាណ​មួយ​ប្រភេទ​ទៀត​ដែល​ជួយ​កាត់បន្ថយ​ស្ត្រេ​ស​និង​ធ្វើឱ្យ​អារម្មណ៍​ល្អប្រសើរ​យ៉ាង​ឆាប់រហ័ស​នោះ គឺ Pilates​។ លំ​ហាត់ប្រាណ​ប្រភេទ​នេះ​តម្រូវ​ឲ្យ​អ្នកធ្វើការ​សន្ធឹង​រាងកាយ​ពន្លាត​សាច់ដុំ​។ លំ​ហាត់ប្រាណ​បែប Pilates មិន​ត្រឹម​​តែ​សម្រួល​ដល់​ការដកដង្ហើម​គ្រប់គ្រង​ភាព​តានតឹង​ក្នុង​អារម្មណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​រក្សា​ថាមពល​ក្នុង​រាងកាយ​ផងដែរ​។​
 
៤. ការ​ថែ​សួន​
 
​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​គ្រាន់តែ​ការធ្វើសកម្មភាព​តិចតួច​ក្នុង​សួន​ដូចជា​បោចស្មៅ ឬ​ដាំ​កូនឈើ​សោះ​ក៏​អាច​កាត់បន្ថយ​ស្ត្រេ​ស​បានដែរ​? នោះ​ក៏​ព្រោះតែ​ការ​
​ប៉ះពាល់​ផ្ទាល់​ទៅនឹង​ធម្មជាតិ ព្រមជាមួយ​ការ​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ​ជួយ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​ឆាប់រហ័ស​។​
 
៥. លំ​ហាត់ប្រាណ​បែប​ប្រដាល់​
 
​លំ​ហាត់ប្រាណ​បែប​ប្រដាល់​តម្រូវ​ឲ្យ​អ្នក​បញ្ចេញ​សកម្មភាព​ទាត់​ធាក់ និង​ដាល់​ច្រើន​។ ដូច្នេះ​អ្នក​អាច​បញ្ចេញ​អារម្មណ៍មិនល្អ​បាន​យ៉ាង​ងាយ​តាមរយៈ​លំ​ហាត់ប្រាណ​នេះ​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com