ជាតិ
សង្គមជាតិ
លោក កែវ រ៉េមី​៖ ជប៉ុន​ជួយ​កម្ពុជា គ្មាន​ចង់បាន​អ្វី ក្រៅពី​ចង់ឃើញ​កម្ពុជា​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​
07, Aug 2019 , 11:59 am        
រូបភាព
រូបពីហ្វេសប៊ុកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
រូបពីហ្វេសប៊ុកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
​ភ្នំពេញ​៖ ជប៉ុន​ជួយ​កម្ពុជា ដោយ​មិន​ចង់បាន​អ្វី​ពី​កម្ពុជា​នោះទេ ក្រៅពី​ចង់ឃើញ​កម្ពុ​ជាមាន​លទ្ធិ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ប៉ុណ្ណោះ​។ នេះ​ជាការ​លើកឡើង​របស់លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នៅក្នុង​ជំនួប​ជាមួយ​លោក Masato Otaka អគ្គនាយករង​ការិយាល័យ​គោលនយោបាយ​ការបរទេស និង​ជា​ឯកអគ្គរដ្ឋទូត​ទទួលបន្ទុក​កិច្ចការបរទេស នៃ​ក្រសួងការបរទេស​ជប៉ុន កាលពី​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៩ ។​

 
​លោក កែវ រ៉េមី ហ៊ាន​និយាយ​បែបនេះ ដោយសារ​លោក សម្អាង​លើ​របាយការណ៍​របស់​ជ​ប៉ុន ដែល​សរសេរ​រៀបរាប់​ពី​ស្ថានភាព​សិទ្ធិមនុស្ស​កម្ពុជា មាន​តុល្យភាព និង​ឆ្លុះបញ្ចាំង​ការពិត ជាង​ប្រទេស​លោកខាងលិច  និង​អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ​ទៀត​។ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស ដែល​វាយតម្លៃ​ខ្ពស់​លើ​ជំនួយ​របស់​ជប៉ុន​នេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ថ្លូ​វ ស្ពាន​ជាដើម យើង​បានឃើញ​ហើយ​។ គាត់​ជួយ​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​ទាំង​នៅ​ភ្នំពេញ និង​ព្រះសីហនុ ហើយ​ក្រៅពីនេះ​គាត់​ជួយ​លើ​ផ្នែក​ធនធានមនុស្ស ច្បាប់ និង​ជំនួយ​ផ្សេងៗ​ទៀត​។ ហើយ​ជា​ប្រទេស​ទីមួយ​ដែល​ជួយ​លើ​សាលាក្តី​ខ្មែរក្រហម​ច្រើនជាងគេ ក្នុង​ទឹកប្រាក់ ៨២​លាន​ដុល្លារ​។ កម្ពុជា​ថ្លែងអំណរគុណ​ដល់​គាត់​។ អរគុណ​ចំពោះ​ជំនួយ​ទាំងឡាយ​»​។​


 
​តែ​យ៉ាងណា​ក្នុងជំនួប​ពិភាក្សាគ្នា​នោះ លោក MASATO OTAKA ក៏បាន​លើកឡើង​ពី​ការព្រួយបារម្ភ​ទៅនឹង​ស្ថានភាព​សិទ្ធិមនុស្ស និង​នយោបាយ​ក្នុងប្រទេស​កម្ពុជា​ផងដែរ ដូចជា​ការរំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​, ការឃុំខ្លួន​លោក កឹម សុខា រួមទាំង​ករណី​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី និង​ការ​រិត​ត្បឹ​ត​សិទ្ធិសេរីភាព​សម្ដែង​មតិ​របស់​សង្គម​ស៊ីវិល​ជាដើម​។​
 
​ឆ្លើយតប​ក្តី​ព្រួយបារម្ភ​របស់លោក MASATO OTAKA នេះ លោក កែវ រ៉េមី បាន​ពន្យល់​វិញ​ថា អង្គហេតុ​ផ្សេងៗ គឺ​ស្ថិតនៅក្នុង​និតិ​វិធី​របស់​តុលាការ នៃ​ដំណើរការ​អនុវត្ត​ច្បាប់​។ ងាក​មក​និយាយ​ពី​បញ្ហា​សិទ្ធិ​បញ្ចេញមតិ​វិញ លោក រ៉េមី ក៏បាន​លើកយក​ករណី​បរិភោគ​នំ​បញ្ចុក​របស់​ក្រុមប្រឆាំង​រដ្ឋាភិបាល មក​ពន្យល់​លោក  MASATO OTAKA ថា នរណា​ក៏​អាច​ហូប​នំ​បញ្ចុក​បានដែរ ក៏ប៉ុន្តែ​អតីត​មេបក្ស​ប្រឆាំង​បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​របស់ខ្លួន ហូប​នំ​បញ្ចុក ដើម្បី​ប្រមូលផ្ដុំ​កម្លាំង​ផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ដូច្នេះ​រដ្ឋាភិបាល​ត្រូវតែ​ចាត់វិធានការ ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​ប៉ុណ្ណោះ​។​
 
​ជុំវិញ​ការឃាត់ និង​ចាប់ខ្លួន អ្នកនយោបាយ សកម្មជន អ្នកកាសែត រួមទាំង​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នេះ ត្រូវបាន​មតិ​អន្តរជាតិ រិះគន់​នឹង​វាយតម្លៃ​ពី​ការធ្លាក់ចុះ​នៃ​ការគោរព​សិទ្ធិមនុស្ស សិទ្ធិ​បញ្ចេញមតិ និង​ការគំរាមកំហែង​ជាដើម​។​ជាពិសេស​ក្រុម​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស និង​ជា​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ (UN) តែងតែ​បង្ហាញ​ក្តីបារម្ភ​លើ​បញ្ហា​ខាងលើនេះ ដោយ​ពួកគេ​មើលឃើញថា «​អាជ្ញាធរ​កម្ពុជា កំពុង​តម្រង់​ទិសដៅ ទៅលើ​ការបញ្ចេញមតិ​និង​ការជួបជុំ​ដោយ​សន្តិវិធី​»​។ មិន​ត្រឹមតែ​អន្តរជាតិ​នោះទេ សូម្បីតែ​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក​កន្លងមក ក៏​មើលឃើញថា អាជ្ញាធរ​កំពុង​ប្រើពាក្យ​ការពារ​នីតិរដ្ឋ ដើម្បី​រិត​ត្បិត​សិទ្ធិសេរីភាព​បញ្ចេញ​មិ​ត និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ផងដែរ​។​
 
​ប៉ុន្តែ​ការលើកឡើង​របស់​អន្តរជាតិ​ពី​បញ្ហា​សិទ្ធិមនុស្ស​នេះ ត្រូវបាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា ច្រានចោល ហើយ​ឆ្លើយតប​វិញ​ថា «​អ្នករាយការណ៍​ពិសេស មិនមែនជា​ចៅក្រម​ដើម្បី​វិនិច្ឆ័យ​ថា នរណាម្នាក់​ខុស នរណា​ត្រូវ នរណា​ត្រូវ​ទទួលខុស​ការចោទប្រកាន់ ឬ​ត្រូវ​សម្រេច​ឲ្យ​រួចផុត​ពីបទ​ចោទប្រកាន់​នោះទេ​»៕



Tag:
 កែវ រ៉េមី​
 ​ជប៉ុន​
  សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com