ជាតិ
សង្គមជាតិ
បុរសដែលជាប់ក្នុងផ្ទាំងថ្ម៤ថ្ងៃ ត្រូវបានយកចេញដោយ​នៅជាប់តែជើងប៉ុណ្ណោះ
07, Aug 2019 , 2:26 pm        
រូបភាព
រូបភាពបុរសជាប់ក្នុងផ្ទាំងថ្ម (រូបពីបណ្តាញសង្គម)
រូបភាពបុរសជាប់ក្នុងផ្ទាំងថ្ម (រូបពីបណ្តាញសង្គម)
បុរសម្នាក់ ដែលរអិលធ្លាក់ ហើយជាប់ខ្លួនក្នុងផ្ទាំងថ្មដល់ទៅ៤ថ្ងៃនោះ ត្រូវបានទាញចេញមកវិញហើយ នៅម៉ោង២កន្លះ ថ្ងៃទី៧សីហានេះ ដោយនៅតែជាប់ជើងបន្តិចប៉ុណ្ណោះ។ នេះបើតាមលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដែលប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ។



លោក ងួន រតនៈ និយាយដូច្នេះថា៖«ឥឡូវ គាត់ អស់កម្លាំងពេក ក្រុមការងារ ឲ្យគាត់សម្រាកបន្តិចសិន ចាំគាត់មានកម្លាំង យើង ជួយយកគាត់ចេញតែម្តង នៅជាប់តែជើងទេ»។

លោកអភិបាលខេត្ត អះអាងថា ទាំងកម្លាំងយោធានិងនគរបាល បានចុះទៅជួយសង្គ្រោះបុរសនោះ។ លោក បន្តថា ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទីមួយនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានបញ្ជូនកម្លាំងទៅជួយសង្គ្រោះផងដែរ។

បុរសនោះឈ្មោះ សិន បូរ៉ា វ័យជិត៣០ឆ្នាំ រស់នៅក្នុងភូមិទឹកថ្លា ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង។ គាត់ ជាអ្នកដើរប្រមូលអាចម៍ប្រចៀវលក់។ ប៉ុន្មានថ្ងៃមុន ដោយបាត់មិនឃើញទៅផ្ទះ សាច់ញាតិ ក៏តាមរក ហើយក៏ប្រទះឃើញគាត់ នៅកៀបជាប់នឹងផ្ទាំងថ្ម ក្នុងរូងភ្នំហុងទឹក។ 

លោក ជា គ្រី គ្រូបង្រៀននៃសាលាបឋមសិក្សាហុងទឹក ប្រាប់សារព័ត៌មានថ្មីៗថា គេ បានឃើញបុរសនោះ នៅយប់ថ្ងៃទី៧សីហា លុះដល់ព្រឹកឡើង ទើបប្រាប់អាជ្ញាធរមានសមត្ថកិច្ច ឲ្យទៅជួយ។ លោក និយាយថា៖«គាត់ អត់បានហូបបាយទេ ផឹកតែទឹកប៉ុណ្ណោះ»៕  



© រក្សាសិទ្ធិដោយ thmeythmey.com