អន្តរជាតិ
អាមេរិក​ថា ខ្លួន​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​បញ្ចប់​របប​ដឹកនាំ​ផ្តាច់ការ ម៉ា​ឌុយ​រ៉ូ​
07, Aug 2019 , 3:17 pm        
រូបភាព
ដោយ៖ ងួន សុភាវត្តី

​ដើម​សប្តាហ៍​នេះ សេត​វិមាន​ប្រកាសថា ខ្លួន​នឹង​ប្រើ​រាល់​មធ្យោបាយ​សមស្រប​ដើម្បី​បញ្ចប់​ការដឹកនាំ​របស់ ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ។ ការប្រកាស​នេះ​ធ្វើឡើង​ក្រោយពេល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ  បញ្ជា​ឲ្យ​បង្កក​រាល់​ទ្រព្យ​របស់​មន្ត្រីជាន់ខ្ពស់​វ៉េ​ណេ​ស៊ុ​អេ​ឡា​នៅ​អាមេរិក​។​


 
​រដ្ឋមន្ត្រី​ព័ត៌មាន​អាមេរិក​លោកស្រី Stephanie Grisham និយាយថា ការដឹកនាំ​ផ្តាច់ការ​របស់លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ត្រូវតែ​បញ្ចប់ ដើម្បី​ធានាថា វ៉េ​ណេ​ស៊ុយ​អេ​ឡា​មាន​ស្ថិរភាព ក្លាយទៅជា​រដ្ឋ​ប្រជាធិបតេយ្យ និង​មានការ​រីកចម្រើន​នាពេល​អនាគត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​លោកស្រី​បាន​បន្តថា រដ្ឋបាល​លោក ត្រាំ  មាន​ផែនការ​ច្បាស់លាស់ ដោយ​អាមេរិក​នឹងធ្វើ​យ៉ាងណា​បញ្ចប់​ការដឹកនាំ​របស់ ម៉ា​ឌុយ​រ៉ូ  និង​គាំទ្រ​ប្រជាពលរដ្ឋ​វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​ធានា​ឲ្យ​មាន​ប្រជាធិបតេយ្យ​ដែរ​។​
 
​សូម​រំលឹកថា កាលពី​ថ្ងៃទី​៥ ខែសីហា ប្រធានាធិបតី ត្រាំ បានចេញ​បទបញ្ជា​ប្រតិបត្តិ​ដើម្បី​បង្កក​រាល់​ទ្រព្យសម្បត្តិ​របស់​មន្ត្រីជាន់ខ្ពស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​រដ្ឋ​អាមេរិក និង​ដាក់ទណ្ឌកម្ម​ទៅលើ​អ្នក​ហ៊ាន​ផ្តល់ជំនួយ​ទៅអោយ​របប​ដឹកនាំ​របស់លោក ម៉ា​ឌុយ​រ៉ូ​។ ចំណាត់ការ​នេះ​ផ្តោតទៅលើ​បុគ្គល​ដែល​ប្រឆាំង​ប្រធានាធិបតី​បណ្តោះអាសន្ន​លោក ហ័ន ក្វៃ​ដូ ។ 
 
​នៅ​ប្រទេស​ដែល​សម្បូរ​ប្រេង​អាមេរិក​ខាងត្បូង វ៉េ​ណេ​ស៊ុយ​អេ​ឡា បាន​ធ្លាក់​ផុង​ក្នុ​ជ្រៅ​ក្នុង​វិបត្តិ​នយោបាយ​រយ​:​ពេល​ប្រាំ​ឆ្នាំ​មកហើយ​។ វិបត្តិ​នេះ​បង្ក​ឲ្យ​ប្រជាជន​រាប់លាន​នាក់​ជួប​នូវ​បញ្ហា​ជាច្រើន​ដូចជា កង្វះ​អាហារ កង្វះ​ថ្នាំពេទ្យ និង​កង្វះ​សេវាសាធារណ​:​។ 
 
​យ៉ាងណាមិញ វិបត្តិ​នយោបាយ និង​សង្គម​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​កើនឡើង​ឡើងក​ម្តៅ​ខ្លាំង​ក្រោយ​ពេលដែល​លោក ក្វៃ​ដូ បានប្រកាស​ខ្លួន​ជា​ប្រធានាធិបតី​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដើមឆ្នាំ ២០១៩​កន្លងមក ហើយ​លោក​ទទួលបាន​គាំទ្រ​យ៉ាង​ឆាប់រហ័ស​ពី​ប្រទេស​ជាង​៥០​លើ​ពិភពលោក​។​

Tag:
 ​អាមេរិក​
  វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ​
© រក្សាសិទ្ធិដោយ thmeythmey.com