ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្រុមហ៊ុន​ធ្វើ​ផ្លូវ​៖ លោក ស៊ុន ចាន់ថុល ថា​«​មន្ទីរ​មួយចំនួន គេ​ធ្វើ​ខុស​ហើយ ខ្លាច​មិន​ហ៊ាន​ប្រាប់​ទេ​»
07, Aug 2019 , 8:19 pm        
រូបភាព
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ:
​ភ្នំពេញ​៖ លោក ស៊ុន ចាន់ថុល ហាក់​ខឹងសម្បា​រទាំង​ក្រុមហ៊ុន​ទទួលខុសត្រូវ​ពាក់ព័ន្ធ​ការសាងសង់​ផ្លូវ និង​មន្ត្រី​មន្ទីរ​សាធារណការ​ក្រោម​ឱវាទ បន្ទាប់ពី​ការសាងសង់​ផ្លូវថ្នល់​មួយចំនួន ត្រូវបាន​រកឃើញថា​ខុស​បច្ចេកទេស​។


 
​ប្រសាសន៍​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ថ្លែងប្រាប់​អ្នកកាសែត នៅក្រោយ​កិច្ចប្រជុំ​ស្ដីពី​ការជំរុញ​គុណភាព​នៃ​ការសាងសង់​ផ្លូវថ្នល់​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៧​ខែសីហា​នេះ​៖
 


 
​លោក ស៊ុន ចាន់ថុល បានលើកឡើង​ដូច្នេះ​ថា​៖«​ក្រុមហ៊ុន​បច្ចេកទេស ដែលជា​ភ្នែក​ច្រមុះ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវតែ​ជា​អ្នក​ឯករាជ្យ​អព្យាក្រឹត គាត់​ត្រូវតែ​ធ្វើ​ឲ្យ​អ្នកម៉ៅការ​សាងសង់​ខ្លាច​គាត់ តែ​បែរជា​គាត់​ខ្លាច​អ្នក​សាងសង់​ទៅវិញ ដោយសារ​គាត់​ល្អូកល្អិន​ពេក​ជាមួយ​អ្នក​សាងសង់ អ្នក​ម៉ៅ គេ​យកទៅ​ទទួលទាន​បាយ យកទៅ​ដើរលេង ក៏​ភ្លេច​តួនាទី​ខ្លួនឯង​ជា​អ្នកត្រួតពិនិត្យ​គេ​»​។  
 
​ក្នុងពេល​ថ្មីៗ​នេះ ក្រសួង​បាន​ដក​សមាសភាព​អ្នកត្រួតពិនិត្យ​បច្ចេកទេស​របស់​ក្រុមហ៊ុន​បរទេស​ចំនួន​៦​នាក់ ដែល​បំពេញការងារ​មិន​បានល្អ​សម្រាប់​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៧​។​
 
​មិនតែប៉ុណ្ណោះ​ក្នុងការ​ថ្លែង​ខាងលើនេះ លោក ស៊ុន ចាន់ថុល ព្រមាន​ចាត់ការ​មន្ត្រីក្រោមឱវាទ ដែល​ធ្វើ​ខុស​ជុំវិញ​គម្រោង​សាងសង់​ផ្លូវ​ណាមួយ​។ លោក​បន្ថែម​ដូច្នេះ​ទៀតថា​៖«​មន្ទីរ​របស់​យើងខ្ញុំ​មួយចំនួន គេ​(​ក្រុមហ៊ុន​) ខុស​ហើយ ក៏​មិន​ហ៊ាន​ប្រាប់ ខ្លាច​ប្រធាន​គម្រោង​រករឿង អត់​ត្រូវ​ខ្លាច​ទេ​»​។​
 
​លោក ស៊ុន ចាន់ថុល ឲ្យ​ដឹងថា ក្រសួង​នឹង​បង្កើត​ក្រុមការងារ​ត្រួតពិនិត្យ​ពិសេស ដែល​នឹង​វាយឆ្មក់​ត្រួតពិនិត្យ​ផ្លូវ​ដែល​កំពុង​ត្រូវបាន​សាងសង់ ដោយ​មិន​ឲ្យ​ដឹង​ជាមុន​។ ក្រុមការងារ​នេះ ជា​អ្នកត្រួតពិនិត្យ​ពីលើ​ក្រុមហ៊ុន និង​មន្ត្រី​ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ផ្លូវ​ដែលមាន​ស្រាប់​៕


 

Tag:
 ស៊ុន ចាន់ថុល​
  ផ្លូវ​
© រក្សាសិទ្ធិដោយ thmeythmey.com