អន្តរជាតិ
ប្រមុខ​ការទូត​ចិន បកស្រាយ​ចម្ងល់​លើ​នីតិវិធី​ធ្វើ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង
07, Aug 2019 , 8:39 pm        
រូបភាព
ដោយ:
​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​បង្ហាញ​ពី​បច្ចុប្បន្នភាព​និង​ជំហរ​របស់​ចិន​លើ​ការចរចា​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង បន្ទាប់ពី​បញ្ចប់​ជំនួប​ជាមួយនឹង​អាស៊ាន​នៅ​រាជធានី​បាងកក​។ សន្និសីទ​របស់លោករ​ដ្ឋ​មន្ត្រី ធ្វើឡើង​ក្នុង​គោលដៅ​ជា​ផ្នែក​មួយ​បញ្ចប់​ចម្ងល់ រដ្ឋ​ខាងក្រៅ​តំបន់ ដែល​តែងតែ​ព្រួយបារម្ភ​ជ្រុល​ខ្លាច​ចិន ក្តោប​សមុទ្រ​ចិន​ខាងត្បូង​យក​ទាំងមូល​។​

 
​លោក​រដ្ឋមន្ត្រីការបរទេស វ៉ាង យី ថ្មីៗ​នេះ បាន​ឲ្យ​ដឹងថា គ្រប់ភាគី​ពាក់ព័ន្ធ​សមុទ្រ​ចិន​ខាងត្បូង​ទាំងអស់​បាន​យកចិត្តទុកដាក់​ខ្លាំង​លើ​ដំណើរការ​ពិគ្រោះ​យោបល់​ស្តីពី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ហើយ​ប្រទេស​ខាងក្រៅ​តំបន់​មួយចំនួន ក៏​កំពុង​តែមាន​ចម្ងល់​ច្រើន​ពី​ការវិវត្ត​នេះ ដែល​ចំណុច​នេះហើយ តម្រូវ​ឲ្យ លោក ត្រូវ​ប្រកាស​ជា​ផ្លូវការ​ពី​ជំហរ​របស់​ចិន​ដោយ​មិនមាន​ការលាក់លៀម​អ្វី​ឡើយ​។​
 
​តាម​ការចុះផ្សាយ​របស់​គេហទំព័រ​ក្រសួងការបរទេស​ចិន នៅពេល​អ្នកសារព័ត៌មាន​សាកសួរ​ថា​តើ​ចិន និង​អាស៊ាន អាច​បញ្ចប់​ការចចារ​ស្តីពី​ក្រម​ប្រតិបត្តិ​ឬ​យ៉ាងណា លោក​រដ្ឋមន្ត្រី ថ្លែងថា ពិតប្រាកដ​ណាស់​ថា​អាច ។ លោក​រដ្ឋមន្ត្រី លើកឡើងថា បច្ចុប្បន្ន​ចិន​-​អាស៊ាន សម្រេចបាន​ពង្រាង​នៃ​អត្ថបទ​សម្រាប់​ចរចា​របស់​ក្រម​ប្រតិបត្តិ​មុនពេល​កំណត់ ដែល​ចំណុច​នេះ លោក អះអាងថា ជាការ​ត្រូវរ៉ូវ​គ្នា​របស់​ភាគី​ទាំងពីរ​ក្នុងការ​ឈានទៅដល់​ការបង្កើត​បទដ្ឋាន​គតិ​យុត្ត​មួយ​សម្រាប់​តំបន់​នាពេលខាងមុខ​ដ៏​ឆាប់​។​
 
​ចំណុច​បន្ទាប់​នេះ លោក​រដ្ឋមន្ត្រី បានបង្ហាញ​ពី​ឥរិយាបថ​របស់​ចិន​ក្នុងការ​កសាង​ក្រម​ប្រតិបត្តិ​នេះ ដោយ​លោក អះអាងថា ចិន​តែងតែមាន​ឥរិយាបថ​វិជ្ជមាន​ក្នុងការ​ពិគ្រោះ​យោបល់​តាំងពី​ចំណុច​ចាប់ផ្តើម​មកម្ល៉េះ ពោលគឺ​ក្រុង​ប៉េកាំង ពិតជា​ផ្តល់​តម្លៃ​ខ្ពស់​នៃ​នីតិវីធី​នោះ​។ កាន់តែច្បាស់​នោះ លោក​រដ្ឋមន្ត្រី បង្ហើប​ថា ចិន បានដាក់​ពេល​កំណត់​ច្បាស់លាស់​រួចហើយ​សម្រាប់​ការចរចា ហើយក៏​ជឿជាក់ថា ក្រម​ប្រតិបត្តិ​អាច​នឹង​សម្រេចបាន​ឆាប់​មុនពេល​កំណត់ បើ​ចិន​-​អាស៊ាន មានការ​ជឿជាក់ និង​ទុក​គ្នា​ពិតប្រាកដ​។ 
 
​សម្រាប់​ច​រិ​ក​លក្ខណៈ​នៃ​ក្រម​ប្រតិបត្តិ​វិញ ប្រមុខ​ការទូត​រូបនេះ បាន​អះអាងថា មាន​លក្ខណៈ​ចាប់បង្ខំ​។ លោក​ថា ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ( COC) កើតចេញពី​សេចក្តីថ្លែងការណ៍​ស្តីពី​ភាគី​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​(DOC) ដែលជា​លិខិតគតិយុត្ត ដែល​បាន​ដើរតួ​យ៉ាងសំខាន់​លើ​ការរក្សា​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ លោក មាន​ជំនឿ​ចិត្ត​ថា ក្រម​ប្រតិបត្តិ នឹង​ក្លាយជា​បទដ្ឋាន​ដែលមាន​ស្តង់ដារ​ខ្ពស់ ដែល​អាចឆ្លើយតប​ទៅ​តម្រូវការ​របស់​តំបន់​។ 
 
​សំណួរ​ចុងក្រោយ​នោះ ថា​តើ COC នឹង​គំរាមកំហែង​ដល់​ផលប្រយោជន៍​ប្រទេសក្រៅ​តំបន់​ឬ​យ៉ាងណា លោក​រដ្ឋមន្ត្រី ធានាថា COC នឹងធ្វើ​ឲ្យ​ស្ថានភាព​សមុទ្រ​ចិន​ខាងត្បូង​កាន់​តែមាន​ស្ថិរភាព​, ផ្តល់​លទ្ធភាព​កាន់តែច្រើន​ដល់​ប្រទេស​ពាក់ព័ន្ធ​ក្នុងការ​គ្រប់គ្រង​វិវាទ​កាន់​តែមាន​ប្រសិទ្ធភាព ក៏ដូចជា​ជំរុញ​ដល់​កិច្ចប្រតិបត្តិការ​គ្រប់ភាគី​កាន់តែ​ស៊ីជម្រៅ​ទៀតផង​។​សម្រាប់​ការធ្វើ​ចរាចរណ៍​ទាំង​តាម​អាកាស និង​សមុទ្រ លោក អះអាងថា នឹង​កាន់​តែមាន​សុវត្ថិភាព​។​
 
​ត្រង់ចំណុច​នេះ លោក សង្ឃឹម​ផងដែរ​ថា​ប្រទេស​ខាងក្រៅ​តំបន់ នឹង​យល់​, គោរព និង​គាំទ្រ​ទាំង​ការពិគ្រោះ​យោបល់ និង​ការអនុវត្ត COC ក្នុង​គោលដៅ​រក្សា​ស្ថិរភាព​ក្នុង​តំបន់ ជាជាង​ធ្វើ​អ្វីដែល​ផ្ទុយ​ពីនេះ​។ លោក ក៏មាន​ការរំពឹង​មុតមាំ​ផងដែរ​ថា ប្រទេស​ខាងក្រៅ នឹងមិន​បំផ្លើស​ស្ថានភាព ហើយ​បញ្ឈប់​ធ្វើជា​ស្នៀត​រវាង​ចិន​និង​អាស៊ាន ដោយ​ប្រើប្រាស់​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ជា​ឈ្នាន់​។​
 
​គួរ​ជម្រាប​ផងដែរ​ថា ក្នុង​ក្របខណ្ឌ​អាស៊ាន សមុទ្រ​ចិន​ខាងត្បូង មាន​ភាគី​វិវាទ​ដោយផ្ទាល់​រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​៕ 

Tag:
 ចិន​
  អាស៊ាន​
  សមុទ្រ​ចិន​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com