កីឡាអន្តរជាតិ
អន្តរជាតិ
មេ La Liga៖ ការចំណាយ​របស់ Man City និង PSG នាំ​មហន្តរាយ​ដល់​វិស័យ​បាល់ទាត់​
07, Aug 2019 , 9:39 pm        
រូបភាព
​ប្រធាន​ក្របខណ្ឌ La Liga របស់​អេ​ស្ប៉ា​ញ​លោក Javier Tebas ហ៊ាន​អះអាងថា​ក្លិប​អ្នកមាន Manchester City និង Paris Saint-Germain នឹង​ក្លាយជា​គ្រោះថ្នាក់​ដល់​វិស័យ​កីឡាបាល់ទាត់​ដែល​លោក​មិន​ធ្លាប់​ឃើញ​ពីមុនមក​ដោយសារតែ​ការ​ជះ​លុយ​ដ៏​ច្រើនសន្ធឹក​របស់​ពួកគេ​។​


 
​លោក Tebas ដែល​ធ្លាប់​រិះគន់ Man City ខ្លាំងៗ​នាពេល​កន្លងមក​នោះ​ថា​ប្រាក់​ដែល​ចំណាយ​ទៅ​ឲ្យ​ក្រុម​ម្ចាស់​ជើងឯក Premier League និង​ក្រុម PSG ម្ចាស់​ជើងឯក Ligue 1 ពី​សំណាក់​ម្ចាស់​ក្លិប​ជា​មហាសេដ្ឋី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​កាតា បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កីឡាបាល់ទាត់​។​
 
​នៅក្នុង​កម្មវិធី Totally Football Show បុរស​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ​៥៨​ឆ្នាំ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា​៖«​ក្លិប​ទាំងពីរ​បាន​បង្កើត​បាតុភូត​ថ្មី ដែល​បង្ហាញ​ពី​គ្រោះថ្នាក់​ដល់​វិស័យ​កីឡាបាល់ទាត់​ដែល​មិន​ធ្លាប់​ឃើញ​ពីមុនមក​។ ពួកគេ​កំពុង​ធ្វើ​ប្រតិបត្តិ​ការដែល​ផ្ទុយ​ពី​ច្បាប់​កីឡា​នេះ និង​ធ្វើ​ឲ្យ ទីផ្សារ​មាន​ហានិភ័យ​ដល់​កម្រិត​មហន្តរាយ​តាមរយៈ​ការ​ជះ​លុយ​ដ៏​ច្រើន​សម្រាប់​ទិញ​កីឡាករ​បស់​ពួកគេ​»​។​
 
​ស្របពេល​ក្រុម​រហស្សនាម​មេឃ​ខៀវ Man City និង​ក្លិប​យក្ស​បារាំង កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​ពី​សំណាក់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប UEFA ជុំវិញ​ការចោទប្រកាន់​ពីបទ​រំលោភបំពាន​ផ្នែក​ហិរញ្ញវត្ថុ​នោះ ប្រធាន​លី​គ​កំពូល​អេ​ស្ប៉ា​ញ​ខាងលើ​បាន​ឆ្លៀត​អំពាវនាវ​ដល់​ស្ថាប័ន​នៅ​អឺរ៉ុប​ទាំងអស់​ធ្វើយ៉ាងណា​គ្រប់គ្រង​បញ្ហា​នេះ​ឲ្យ​បាន​។​
 
«​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​អ៊ឺរ៉ុប​ចាំបាច់​ត្រូវ​បង្ហាញ​ការប្តេជ្ញាចិត្ត​ឲ្យ​កាន់តែខ្លាំង​ចំពោះ​ស្ថិរភាព​នៃ​កី​ឡ​បាល់ទាត់​។ នេះ​រួមបញ្ចូល​ទាំង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ឲ្យ​បាន​តឹងរ៉ឹង​ដោយ​ដាក់​កម្រិត​ចំពោះ​ក្លិប​ដូចជា Man City ឬ PSG ដែល​តែងតែ​ចំណាយ​ប្រាក់​ច្រើន រួមបញ្ចូល​ទាំង​ការដាក់ពិន័យ​លើ​ការចំណាយ​លើស​កំណត់ (Financial Fair Play) ផងដែរ​។​
 
​យ៉ាងណាក៏ដោយ លោក Tebas ក៏បាន​ទទួលស្គាល់​ដែរ​ថា​ក្លិប​យក្ស Barcelona និង Real Madrid ពី​លី​គ​បាល់ទាត់​ដែល​លោក​គ្រប់គ្រង​តែងតែ​បញ្ចេញ​ខ្ទង់ចំណាយ​ដ៏​ច្រើន​របស់​ពួកគេ​។ ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា​បញ្ហា​ដែល​បង្កដោយ​ក្លិប​អ្នកមាន​ដូចជា Man City និង PSG គឺ​ការតំឡើងថ្លៃ​ផ្ទេរ​សម្រាប់​កីឡាករ​ដែល​ពួកគេ​ចង់បាន​៕

Tag:
 Javier Tebas
  Manchester City
  Paris Saint-Germain
© រក្សាសិទ្ធិដោយ thmeythmey.com