​អាស៊ាន​ប្រារព្ធ​ខួប​៥២​ឆ្នាំ​! ស្វែងយល់​ពី​មូលហេតុ​នៃ​ការបង្កើត និង​ទំនាក់ទំនង​ក្រៅ​តំបន់​
ជាតិ
អន្តរជាតិ
​អាស៊ាន​ប្រារព្ធ​ខួប​៥២​ឆ្នាំ​! ស្វែងយល់​ពី​មូលហេតុ​នៃ​ការបង្កើត និង​ទំនាក់ទំនង​ក្រៅ​តំបន់​
08, Aug 2019 , 6:29 am        
រូបភាព
​ថ្ងៃទី ៨ ខែសីហា​ឆ្នាំ ២០១៩ ជា​ខួប​គម្រប់ ៥២​ឆ្នាំ​នៃ​ការបង្កើត​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ដែល​ហៅ​កាត់​ថា អាស៊ាន​។ ក្នុង​អាយុ ៥២​ឆ្នាំ អាស៊ាន​បានប្រែក្លាយ​ខ្លួន​សហគម​ន៍​រួមមួយ ហើយ​អង្គការ​តំបន់​នេះ​អាចមាន​លទ្ធភាព​រក្សាបាន​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ឆាប់រហ័ស​ជាងគេ បើ​ប្រៀបធៀប​ទៅនឹង​អង្គការ​ថ្នាក់​តំបន់​ផ្សេងទៀត​លើ​ពិភពលោក​។ 

 
​នាឱកាស​នៃ​ពិធី​រម្លឹក​ខួប​៥២​ឆ្នាំ​នៃ​ការបង្កើត​អាស៊ាន សារព័ត៌មាន ThmeyThmey  សូម​លើក​រំលឹក​ពី​មូលហេតុ​នៃ​ការបង្កើត​អាស៊ាន និង​ការវិវត្ត​នៃ​ទំនាក់ទំនង​រវាង​អាស៊ាន​ជាមួយ​ប្រទេស​ដទៃ​ជា​ដៃគូ​ផង​៖
 
​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា «​អាស៊ាន​»​ជា​អង្គការ​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ត្រូវ​បង្កើតឡើង​នៅក្នុង​ខែសីហា​ទី​៨​ឆ្នាំ​១៩៦៧ ដោយ​សេចក្តីថ្លែងការណ៍​ទីក្រុង​បាងកក (Bangkok Declaration) ដោយ​រួមមាន​ថៃ សិង្ហ​បុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន​ជា​ស្ថាបនិក​។ 


 
​ប្រទេស​ទាំង​៥​ផ្ដួចផ្ដើម​បង្កើត​អាស៊ាន​ដោយសារ​មូលហេតុ​មួយចំនួន​។ មូលហេតុ​ទីមួយ គឺ​ជម្លោះ​រវាង​ប្រទេស​ជាច្រើន​បាន​កើតឡើង​នៅក្នុង​តំបន់​ដូចជា ឥណ្ឌូណេស៊ី​និង​ម៉ាឡេស៊ី ហ្វីលីពីន​និង​ម៉ាឡេស៊ី សិង្ហ​បុរី​និង​ម៉ាឡេស៊ី​។ ជម្លោះ​ទាំងនេះ​គំរាមកំហែង​ដល់​សន្តិសុខ​និង​សន្តិភាព​ក្នុង​តំបន់​។ 
 
​មូលហេតុ​ទី​ពីរ​គឺ សង្គ្រាមត្រជាក់​។ សង្គ្រាម​មនោគមន៍វិជ្ជា​រវាង​លោកខាងលិច និង​លោក​ខាងកើត​នេះ​ជា​មូលហេតុ​ដ៍​សំខាន់​ជម្រុញ​ឲ្យ​មានការ​បង្កើត​អង្គការ​ក្នុង​តំបន់​(​អាស៊ាន​)​ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​នៃ​មនោ​គម​កុម្មុយនីស្ត​។ ចំណែក​មូលហេតុ​ទី​បី​គឺ​អាស៊ាន​ក៏ត្រូវ​បាន​បង្កើតឡើង​ដើម្បី​ចូលរួម​ជំរុញ​ការអភិវឌ្ឍ​នៅក្នុង​រយៈ​ការជំរុញ​កំណើនសេដ្ឋកិច្ច​ជាដើម​។​
 
​គេ​អាច​ឃើញស្រាប់ គោលបំណង​ធំៗ​មានចែង​ក្នុង​សេចក្តីថ្លែងការណ៍​ក្រុង​បាងកក​ដែលជា​លិខិតបទដ្ឋាន​បង្កើត​អាស៊ាន​រួមមាន ទីមួយ​:​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់ ការរីកចម្រើន​នៃ​សង្គម​និង​ការអភិវឌ្ឍ​វប្បធម៌​នៅក្នុង​តំបន់​តាមរយៈ​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុង​ស្មារតី​នៃ​ភាពជា​ដៃគូ​និង​សមភាព​ដើម្បី​ពង្រឹង​មូលដ្ឋាន​នៃ​ភាពរុងរឿង​និង​សន្តិភាព​របស់​អាស៊ាន​។ ទី​ពីរ​:​ដើម្បី​ជំរុញ​និង​រក្សា​ស​និ្ត​ភាព​និង​សន្តិសុខ​ក្នុង​តំបន់​។​
 
៩​ឆ្នាំក្រោយ​ការបង្កើត​អាស៊ាន ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​១ របស់​អាស៊ាន​ក្នុង​ឆ្នាំ​១៩៧៦ អាស៊ាន​សម្រេច​បើកទ្វារ​ភា្ជ​ប់​ទំនាក់ទំនង និង បង្កើត​កិច្ចសហប្រតិបត្តិការ​ផលប្រយោជន៍​ជាមួយ​ប្រទេសជិតខាង​នៅក្នុង​តំបន់​។​ចាប់តាំងពី​ពេល​នោះមក​សមាជិក​អាស៊ាន​កើនឡើង​ប្រាំ​នាក់​បន្ថែមទៀត រួមមាន​ព្រុយ​ណេ​ចូល​ជា​សមាជិក​នៅ​ថ្ងៃទី ៧ ខែមករា​ឆ្នាំ​១៩៨៤ វៀតណាម​នៅ​ថ្ងៃ ទី​២៨ ខែកក្កដា​ឆ្នាំ ១៩៩៥ ឡាវ និង​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​១៩៩៧ និង​កម្ពុជា​នៅ​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​១៩៩៩​។ ដូច្នេះហើយ បច្ចុប្បន្ន​អាស៊ាន​មាន​សមាជិក​សរុប​ទាំងអស់​ដប់  ប៉ុន្តែ​ទី​ម័​រ​ខាងកើត​កំពុងស្ថិត​ក្នុងដំណាក់កាល​ស្នើសុំ​ចូល​ជា​សមាជិក​ទី ១១ របស់​អាស៊ាន​ដែរ​។ 
 
​ចំណែកឯ​រដ្ឋធម្មនុញ្ញ​អាស៊ាន​ត្រូវបាន​បង្កើត​នៅ​ខែធ្នូ​ឆ្នាំ​២០០៥ ហើយ​អនុម័ត​នៅ​ខែវិច្ឆិកា​ឆ្នាំ​២០០៧ និង​ចូល​ជាធរ​មាននៅ​ខែធ្នូ​ឆ្នាំ​២០០៨​។ លើសពីនេះទៅទៀត អាស៊ាន​ចង់​ឲ្យ​ទំនាក់ទំនង​រវាង​សមាជិក​និ​មួយៗ​មាន​ទំនាក់ទំនង​រលូន​រវាង​គ្នា​ទៅវិញទៅមក អាស៊ាន​បាន​បង្កើត​គោលការណ៍​គ្រឹះ​ដែល​ដា​ក់ប​ញ្ជូ​ល​ក្នុង​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ (TAC)​។​
 
​គោលការណ៍​គ្រឹះ​រួមមាន​ប្រាំមួយ​ចំណុច​សំខាន់ៗ​រួមមាន ទីមួយ​៖ គោរព​ឯករាជភាព អធិបតេយភាព សមភាព បូរណភាព​ទឹកដី និង​អត្តសញ្ញាណ​ជាតិ​ទៅវិញទៅមក​។ ទី​ពីរ​៖ សិ​ទិ្ធ​ក្នុងការ​ដឹកនាំ​ប្រទេស​ដោយ​គ្មាន​ការ​លូកលាន់ បំផ្លិចបំផ្លាញ ឬ​បង្ខិតបង្ខំ​ពី​រដ្ឋ​ដទៃ​។ ទី​បី​៖ ការមិន​លូកលាន់​រឿង​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​។​ទី​បួន​៖ ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​។ ទី​ប្រាំ​៖ ការលះបង់​ចោល​នូវ​ការប្រើ​អាវុធ​ឬ​គំរាម​។ ទី​ប្រាំមួយ​៖ ការសហការ​ដែលមាន​ប្រសិទ្ធភាព​ក្នុងចំណោម​ប្រទេស​សមាជិក​ទាំងអស់​។ ជាងនេះទៅទៀត សហគមន៍​អាស៊ាន​មាន​សរសរ​ស្តម្ភ​បី​រួមមាន សហគមន៍ នយោបាយ​សន្តិសុខ សហគមន៍​សេដ្ឋកិច្ច ព្រមទាំង​សហគម​ន៏​សង្គម​និង​វប្បធម៌​។​


 
​សម្ព័ន្ធភាព​រវាង​អាស៊ាន​និង​ប្រទេសក្រៅ​តំបន់​
 
​អាស៊ាន​ចាប់ផ្ដើម​ទំនាក់ទំនង​ទ្វេភាគី​ជា​ផ្លូវការ​ជាមួយ​អូស្ដ្រាលី​ក្នុង​ឆ្នាំ​១៩៧៤ និង​នូ​វែ​ល​សេ​ឡង់​ក្នុង​ឆ្នាំ​១៩៧៥​។ ចំណែក​ទំនាក់​ទំ​ន​ទ្វេភាគី​ជា​ផ្លូវការ​រវាង​អាស៊ាន​-​ជប៉ុន​ចាប់ផ្ដើម​ក្នុង​ឆ្នាំ​១៩៧៣ ប៉ុន្តែ​បញ្ចូល​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​១៩៧៧​។ ទំនាក់ទំនង​របស់​អា​ស៊ាន និង​អាមេរិក និង​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ក៏​ចាប់ផ្ដើម​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​១៩៧៧​ផងដែរ​។ 
 
​រីឯ​ចិន​និង​រុស្សី ប្រទេស​ទាំងពីរ​ពី​ដើមឡើយ​មាន​ទំនាក់​ទំនងជា​ទីប្រឹក្សារ​បស់​អាស៊ាន​តែប៉ុណ្ណោះ​ក្នុង​ឆ្នាំ​១៩៩១ រហូតដល់​ឆ្នាំ​១៩៩៦​ចិន​និង​រុស្សី​ប្រែក្លាយជា​ដៃគូ​កិច្ចសន្ទនា​ទ្វេភាគី​របស់​អាស៊ាន​។ 
 
​ទំនាក់ទំនង​ទ្វេភាគី​របស់​អាស៊ាន​កកើត​ឡើង​ដោយ​ការរួម​ប​ញ្ជូ​ល​គ្នា​នៃ​កត្តា​ក្នុងស្រុក​របស់​ប្រទេស​សមាជិក កត្តា​តំបន់ និង​សកលលោក​។ តាមពិតទៅ​អាស៊ាន​ចង​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​ប្រទេសក្រៅ​តំបន់​គ្រាន់តែ​ចង់​ស្វែងរក​ជំនួយ​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ស​មា​ជិ​ក​ខ្លួន​តែប៉ុណ្ណោះ​។​ប៉ុន្តែ គោលបំណង​របស់​អាស៊ាន​ត្រូវបាន​ផ្លាស់ប្ដូរ​ដោយសារតែ​កត្តា​យុទ្ធសាស្ដ្រ​នៃ​សម្ព័ន្ធភាព ទើប​អាស៊ាន​បង្វែរ​ការចាប់អារម្មណ៍​មករ​ឱកាស​ទីផ្សារ​វិញ ដូចជា​ទីផ្សារ​ពាណិជ្ជក​ម្ម ការវិនិយោគ ទេសចរណ៍ សេវាកម្ម វិទ្យាសាស្ដ្រ​និង​បច្ចេកវិទ្យា ការអភិវឌ្ឍ​ធនធានមនុស្ស​និង​ការផ្ទេរ​បច្ចេកវិទ្យា​ជាដើម​។​
 
​គួរ​បញ្ជាក់ថា ប្រព័ន្ធ​កិច្ចសន្ទនា​ទ្វេភាគី​របស់​អាស៊ាន​កន្ល​ង​មក​គឹជា​ការបើកទ្វារ​និង​ការបង្ហាញ​របស់​អាស៊ាន​ទៅកាន់​ពិភពលោក​ទាំងមូល​។ ការចូលរួម​របស់​ប្រទេស​មហាអំណាច​ដូចជា​ចិន អាមេរិក​ព្រមទាំង​ប្រទេស​ដទៃទៀត​គឺជា​គោលការណ៍​នាំសារ​នៃ​ការអភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​ជា​តំបន់​ជាមួយ​អាស៊ាន (the principle conduit of development cooperation with ASEAN as a region)៕
 
​ឯកសារពិគ្រោះ​
 
​ទី​១: សៀវភៅ INTERNATIONAL RELATION IN SOUTHEAST ASIA, THE STRUGGLE AUTONOMY. អ្នកនិពន្ធ DONALD E. WEATHERBEE
 

Tag:
 អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com