អន្តរជាតិ
ស្ថាបនិក​៥​រូប​នៃអាស៊ាន ជា​អតីតរដ្ឋមន្ត្រី​ការបរទេស​ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហ​បុរី និង​ហ្វីលីពីន​
08, Aug 2019 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​ហៅ​កាត់​ថា​អាស៊ាន ត្រូវបាន​បង្កើតជា​ផ្លូវការ ដោយ​ស្ថាបនិក​៥​ប្រទេស​រួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ថៃ តាមរយៈ​សេចក្តីថ្លែងការណ៍​ក្រុង​បាងកក នៅ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៦៧​។ ចូលដល់​ឆ្នាំ​២០១៩​នេះ គឺជា​ខួប​លើក​ទី​៥២​ហើយ​នៃ​ការបង្កើត​អង្គការ​អន្តររដ្ឋាភិបាល​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​

 
​បើ​ក្រឡេក​ទៅ​មើល​ព្រឹ​តិ្ត​ការណ៍​ប្រវត្តិសាស្ត្រ​នៃ​ការបង្កើត​អាស៊ាន គេ​មិនដែល​ភ្លេច​ឡើយ​ស្ថាបនិក​ទាំង​ប្រាំ​រូប​ដែល​តំណាង​ឲ្យ​ប្រទេស​ទាំង​ប្រាំ​របស់​អាស៊ាន​នោះ​។ ស្ថាបនិក​ទាំង​ប្រាំ​រូបនោះ​រួមមាន រដ្ឋមន្ត្រីការបរទេស Adam Malik (​ឥណ្ឌូនេស៊ី​), Narciso R. Ramos (​ហ្វីលីពីន​), Tun Abdul Razak (​ម៉ាឡេស៊ី​), S. Rajaratnam (​សិង្ហ​បុរី​) និង Thanat Khoman (​ថៃ​) ដែលជា​អ្នកចុះហត្ថលេខា​លើ​សេចក្តីប្រកាស​ក្រុង​បាងកក​ស្តីពី​ការបង្កើត​«​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន​»​ជា​ផ្លូវការ​នោះ​។​


 
​មិន​ខុសពី​អង្គការ​អន្តររដ្ឋាភិបាល​នៅក្នុង​តំបន់​មួយចំនួន គោលបំណង នៃ​ការបង្កើត​ស្ថាប័ន​អន្តររដ្ឋាភិបាល​នេះ គឺ​ដើម្បី​ផ្សារភ្ជាប់ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច សង្គម វប្បធម៌ បច្ចេកទេស អប់រំ និង​វិស័យ​ជាច្រើន​ផ្សេងទៀត ក្នុងទិសដៅ​លើកកម្ពស់​សន្តិភាព និង​ស្ថិរភាព​នៅ​តំបន់​តាមរយៈ​ការគោរព​យុត្តិធម៌ និង​នីតិរដ្ឋ​ជាដើម​។ មកទល់​បច្ចុប្បន្ន អង្គការ​ក្នុង​តំបន់​មួយ​នេះ មាន​សមាជិក​សរុប​ទាំង​១០​ប្រទេស​ដែល​បន្ថែម​ពី​សមាជិក​ចាស់​ទាំង​ប្រាំ​។ សមាជិក​ទាំងនោះ​រួមមាន ព្រុយ​ណេ វៀតណាម ឡាវ មី​យ៉ាន់​ម៉ា និង​កម្ពុជា​។ 
 
​តាមពិតទៅ មុននឹង​ចេញ​ជា​រូបរាង​មួយ​ជា​ផ្លូវការ អាស៊ាន បាន ឆ្លងកាត់​នូវ​ដំណាក់កាល​ជាច្រើន​។ ក្នុងនោះ​ស្ថាប័ន​ដំបូង​គេ ដែល​ត្រូវបាន​បង្កើត​ដោយ​សមាជិក​អាស៊ាន​មាន​ឈ្មោះថា សមាគម​អាស៊ីអាគ្នេយ៍​(ASA)​។ ស្ថាប័ន​នេះ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៦១ ក្រោម​ការផ្តួចផ្តើម​រប​ស់លោក ទុន​កា អាប់ឌុល​រ៉ា​ម៉ាន់ ​(Tunka Abdul Rahman) ដែលជា​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​។ នៅក្នុង​ស្ថាប័ន​នេះ មាន​សមាជិក​សរុប​ចំនួន​បី​ប្រទេស​រួមមាន ម៉ាឡេស៊ី ហ្វីលីពីន និង​ថៃ​។ យ៉ាងណាក៏ដោយ បញ្ហា​ផ្ទៃក្នុង និង ភាព​ពុំមាន​ប្រសិទ្ធភាព បានធ្វើ​ឲ្យ​ស្ថាប័ន​នេះ​ត្រូវ​ដួលរលំ​។​


 
​មិនយូរប៉ុន្មាន​ក្រោយពី​ការបរាជ័យ​នៃ សមាគម​អាស៊ីអាគ្នេយ៍ ស្ថាប័ន​មួយ​ផ្សេងទៀត ត្រូវបាន បង្កើតឡើង​ដោយ​រដ្ឋ​អាស៊ាន​។ នោះ​គឺ ម៉ា​ហ្វី​លីន​ដូ (Maphilindo) ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៦៣ និង​មាន​សមាជិក​សរុប​បី​ប្រទេស​ផងដែរ​។ ក្នុងនោះ​រួ​មាន ម៉ាឡេស៊ី ហ្វីលីពីន និង​ឥណ្ឌូនេស៊ី​។ យ៉ាងណាមិញ ស្ថាប័ន​នេះ ក៏ត្រូវ​បាន​ដួលរលំ​ម្តងទៀត​។​
 
​សូម​ជម្រាប​ផងដែរ​ថា ស្ថាប័ន​សំខាន់​ទាំងពីរ​នេះ មិនបាន​ធ្វើ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិ​ល្អ​រវាង​ប្រទេស​អាស៊ាន​នោះទេ ផ្ទុយទៅវិញ​វា​បាន​ដួលរលំ​ភ្លាមៗ​ក្រោយពេល​នៃ​ការបង្កើត ។ នោះ ក៏​ព្រោះតែ ដោយសារ​មាន​ភាពចម្រូងចម្រាសរ​វាង​សមាជិក​នីមួយៗ ដែល​កើតចេញពី​ភាពមិនច្បាស់លាស់​រវាង​នយោបាយ​ការទូត និង បញ្ហា​នៃ​ការកំណត់​ដែន​អធិបតេយ្យភាព​ផងដែរ​៕ 

Tag:
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com