ONE Championship
កីឡាជាតិ
ជាតិ
គ្រូបង្វឹក Lorenzo ប្រាប់​ចំណុចខ្លាំង​របស់ ចាន់ រតនា និង Gustavo Balart មុន​ប៉ះគ្នា​នៅ​សង្វៀន ONE
07, Aug 2019 , 9:59 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី 

​អ្នកលេង​គុន​ចម្រុះ​ដ៏​ល្បី​របស់​កម្ពុជា ចាន់ រតនា ត្រូវ​តទល់​ជាមួយ​ជើង​ខ្លាំង Gustavo Balart របស់​គុយបា​នៅ​សង្វៀន ONE: DREAM OF GOLD ដែល​រៀបចំឡើង​នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ ២០១៩ ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ​។ លោក Lorenzo Lanzafame គ្រូបង្វឹក​របស់​រតនា បាន​រៀបរាប់​ពី​ចំណុចខ្លាំង​របស់ Balart និង​កូនសិស្ស​ខ្លួន​មុន​ជំនួប​ដ៏​អស្ចារ្យ​នេះ​។ 


 
​គ្រូបង្វឹក​មកពី LLFitness បានកត់សម្គាល់​បែបនេះ​៖« Balart ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​។ ខ្ញុំ​បាន​ទស្សនាការ​ប្រកួត​របស់​គេ​តាមរយៈ​វីដេអូ​ជាច្រើន ហើយ​ខ្ញុំ​ចូលចិត្ត​ការប្រកួត​រប​ស់​គេ​។ គេ​ជា​កីឡាករ​មាន​ឆន្ទៈ មាន​ថាមពល និង បម្លាស់​ទី​ច្រើន​លើស​ង្វៀន​។ Balart ជា​គូប្រជែង​ដ៏​លំបាក​បំផុត​មួយ ដែល​មិន​ងាយ​នឹង​បោះបង់​។ គេ​ស៊ូ​ណាស់​។ ដូច្នេះ​ខ្ញុំ​ជឿជាក់ថា វា​ជាការ​ប្រកួត​ដ៏​ចាប់អារម្មណ៍​រវាង​អ្នក​ប្រយុទ្ធ​ទាំងពីរ​»​។ 


 
Balart ពិតជា​អស្ចារ្យ ដោយ​ឈ្នះ ៨ លើក​ក្នុងការ​បង្ហាញខ្លួន ១០ លើក​លើស​ង្វៀន​គុន​ចម្រុះ​កន្លងមក​។ យ៉ាងណាក្ដី បុរស​វ័យ ៣២ ឆ្នាំ​សញ្ជាតិ​គុយបា រូបនេះ ចាញ់​កីឡាករ​សញ្ជាតិ​ជប៉ុន Tatsumitsu Wada កាល​ខែ មេសា កន្លងទៅ​។ រឿង​គួរកត់សម្គាល់ ចន្លោះ ២០១៥ ដល់ ២០១៧ ម្ចាស់​មេដាយមាស Pan American Games ឆ្នាំ ២០១១ មិនដែល​ស្គាល់​ពាក្យ​ថា​ចាញ់​ទេ​ក្នុងការ​ប្រកួត ៦ លើក (​ឈ្នះ​ទាំងអស់​)​។ 
 
​ផ្ទុយទៅវិញ​ម្ចាស់​ក្លិប «​សិល្បៈ​»  ចាន់ រតនា ដែល​ឡើង​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ក៏​មិន​ណ​យ​ដែរ ព្រោះ​កំពុង​ផ្ដោតអារម្មណ៍​លើ​ការហ្វឹកហាត់​បង្កើន​សម​ត្ថ​ភាព​ដូចជា​ក្បាច់​ឃ្លេ​គុន​ចម្រុះ ក្បាច់​ជី​ជិត​ស៊ូ និង ហាត់​ដិតដល់​ផ្នែក​កម្លាំង​ជាដើម​។ ម្យ៉ាងវិញទៀត រតនា កំពុងតែ​មានការ​តាំង​ចិត្ត​មោះមុត​ដោយសារ មានការ​លើកទឹកចិត្ត​ពី​គ្រួសារ និង ការលើកទឹកចិត្ត​ដ៏​អស្ចារ្យ​ពី​អ្នកគាំទ្រ​នៅក្នុង​ស្រុក ហើយ​គេ ខិតខំ​ស្វែងរក​ជ័យជម្នះ​មកវិញ​ដើម្បី​ជា​កាដូ​សម្រាប់​អ្នក​រាល់គ្នា​។ 


 
​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​គូសបញ្ជាក់​ទៀតថា ៖« រតនា ខំប្រឹង​ខ្លាំងណាស់​។ រតនា ហាត់​ក្បាច់​ជី​ជិត​ស៊ូ​នៅ​ក្លិប H/art Academy ជាមួយ​គ្រូបង្វឹក ខូវ វិ​វ​ឌ្ឍ​នា ដើម្បី​ត្រៀម​រួចជាស្រេច​ក្នុងការ​ប្រកួត​ដ៏​ធំ​នេះ ហើយ​ការពារ​កុំ​ឲ្យ​គ្រោះថ្នាក់​ពេល​គូប្រកួត​ចាប់​ផ្ដួល​លើ​ក្ដារ​រេញ​។ គេ​ក៏​ហាត់​ក្បាច់​បញ្ចប់​គូប្រកួត​ឲ្យ​បានល្អ​ផងដែរ​។ គ្រូបង្វឹក Sov និង Charles បានធ្វើ​ឲ្យ រតនា កើន​កម្លាំង​ខ្លាំង  មាន​ភាព​អំណត់ និង ថាមពល​ខ្លាំង​ដើម្បី​បំបាក់​គូប្រជែង​»​។ ដើម្បី​សម្រេចបាន​លទ្ធផល​ល្អ​ត្រលប់មក​កម្ពុជា​វិញ គ្រូបង្វឹក  Jeppe ក៏​បំប៉ន​ការបង្ហាត់​កម្លាំង​ផ្នែក​កម្លាំង​ជាប្រចាំ​ក្នុង​គោលដៅ​បញ្ចៀស រតនា មិន​ឲ្យ​ទទួលរង​របួស​ងាយៗ​ពី​ការប៉ុនប៉ង​របស់ Balart​។ 
 
​គ្រូបង្វឹក​ដដែល​សង្កត់​ធ្ងន់​លើ​លទ្ធផល​ថា ៖«​ខ្ញុំ​ជឿជាក់ថា ចាន់ រតនា អាស៊ី​វាយ Balart ត្រឹម​ទឹក​ទី​២»​។ ចាន់ រតនា ជា​ក្ដី​រំពឹង​របស់​កម្ពុជា ក្នុង​គោលបំណង​ប្រជែង​យក​ជើងឯក​លំដាប់​ពិភពលោក​ពី​ក្បាច់គុន​ចម្រុះ​នៅ​សង្វៀន ONE នៅ​ថ្ងៃ​អនាគត​។ 
 
​ជើង​ខ្លាំង​គុន​ចម្រុះ​កម្ពុជា​កូនប្រុស​លោក ចាន់ ប៊ុនធឿន ឈ្នះ ២ លើក​ជាប់​គ្នា​នៅ​សង្វៀន ONE នាពេល​កន្លង​មកលើ​កីឡាករ​គុន​ចម្រុះ​សញ្ជាតិ​ឥណ្ឌូណេស៊ី​។ រតនា វ៉ៃ Abrou Fernandes ឲ្យ​ចុះចាញ់ និង បំបាក់​កីឡាករ Rudy Agustian ដែល​ធ្លាប់​ឈ្នះ ខុន ស៊ី​ចាន់ ឲ្យ​ចុះ​ញ៉ម កាល​ដើមខែ ឧសភា ឆ្នាំ ២០១៩ នេះ​។ តើ ចាន់ រតនា អាច​ឈ្នះ ៣ លើក​ជាប់​គ្នា​នៅ​សង្វៀន​អន្តរជាតិ ONE ទេ​? 
 
​សូម​ទស្សនា​ការផ្សាយ​ផ្ទាល់​ពីស​ង្វៀន ONE: DREAMS OF GOLD ពី​ហ្វីលីពីន​ល្ងាច​ថ្ងៃទី ១៦ សីហា ចាប់ពី​ម៉ោង ៦ កន្លះ​ល្ងាច​តទៅ  តាមរយៈ​ផេ​ក  https://www.facebook.com/ONEChampionship/ និង YouTube: https://www.youtube.com/user/OneFCMMA ។ នេះ​ជា​លីង​វីដេអូ​ប្រកួត​ចុងក្រោយ​រវាង Balart និង Wada : https://www.youtube.com/watch?v=03YYjjxoIEM ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com