អន្តរជាតិ
៤៦​រដ្ឋ ចុះហត្ថលេខា​លើ «​អនុសញ្ញា​សិង្ហ​បុរី​» ដើម្បី​ដោះស្រាយ​ជម្លោះ​តាម​ការសម្របសម្រួល​
07, Aug 2019 , 10:39 pm        
រូបភាព
រដ្ឋមន្រ្តីមហាផ្ទៃនិងច្បាប់សិង្ហបុរី
រដ្ឋមន្រ្តីមហាផ្ទៃនិងច្បាប់សិង្ហបុរី
​រដ្ឋ​សមាជិក​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​៧ ខែសីហា បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​អន្តរជាតិ​មួយ​ដែល​ផ្ដល់​ដំណោះស្រាយ​សម្រាប់​ជម្លោះ​ដោយ​ការសម្របសម្រួល​ជាជាង​ការប្ដឹងប្ដល់​។ អនុសញ្ញា​ដែល​ត្រូវបាន​ដាក់ឈ្មោះ​តាម​សិង្ហ​បុរី​នេះ នឹងធ្វើ​ឲ្យ​ការដោះស្រាយ​បញ្ហា​តាម​ការសម្របសម្រួល ក្លាយជា​ទៅជា​យន្តការ​អន្តរជាតិ​។ ជាមួយ​អនុសញ្ញា​ថ្មី​នេះ ការដោះស្រាយ​ទំនាស់​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ នឹង​កាន់តែ​ងាយស្រួល​។​

 
​ប្រទេស​ចំនួន​៤៦ រាប់ទាំង​អាមេរិក និង​ចិន​ផង​នោះ បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​ការព្រមព្រៀង​ដោះស្រាយ​ទំនាស់​តាម​ការសម្របសម្រួល (United Nations Convention on International Settlement Agreements Resulting from Mediation- UNCISARM) ឬ​អនុសញ្ញា​សិង្ហ​បុរី​។ អនុសញ្ញា​នេះ នឹង​ក្លាយជា​លិ​ខិ​តូ​បក​រណ៍​មួយ​ដែល​បើកផ្លូវ​ដល់​ការដោះស្រាយ​ទម្លាយ​តាមផ្លូវ​ក្រៅ​តុលាការ​។ 
 
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង ចាត់ទុក​អនុសញ្ញា​នេះ ជាការ​បើក​ច្រក​ថ្មី​ដែល​បង្ហាញថា ប្រទេស​ទាំងអស់​អា​ចស​ម្រេច​ការងារ​មួយ​បាន​ដោយ​ការព្យាយាម បត់បែន និង​ភាពជា​អ្នកដឹកនាំ​។ លើសពីនេះ អនុសញ្ញា​អង្គការសហប្រជាជាតិ​នេះ ក៏​ជាការ​ផ្ញើ​សារ​ដ៏​ខ្លាំងក្លា​មួយ​ដើម្បី​ការបង្ហាញ​ការគាំទ្រ​ពហុភាគី​និយម​ផងដែរ​។ លោក​បន្តថា អនុសញ្ញា​ដែល​យកឈ្មោះ​តាម​សិង្ហ​បុរី​នេះ ក៏​នឹង​ជួយ​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ការវិនិយោគ​ក្នុងពេលដែល​យន្តការ​ព​ហុ​ភាគី​និយម រង​ការ​គំរាម​។ 
 
​មាន​អនុសញ្ញា​អន្តរជាតិ​យកឈ្មោះ​ខ្លួន​ដូចនេះ ជា​ជោគជ័យ​ការទូត​ដ៏​ធំ​សម្បើម​មួយ​សម្រាប់​សិង្ហ​បុរី ដែល​ត្រូវបាន​គេ​ចាត់ទុកជា​ចំណុច​ក្រហម​មួយ​លើ​ផែនទី​។ ការដាក់​កិច្ចព្រមព្រៀង​តាម​ឈ្មោះ​ប្រទេស ឬ​ទីក្រុង​នេះ ជា​រឿង​ត្រូវបាន​អនុវត្ត​ជា​យូរ​មកហើយ គឺ​ឲ្យ​តែមាន​ការចុះហត្ថលេខា ឬ​អនុម័ត​នៅទីណា កិច្ចព្រមព្រៀង​នោះ តែង​ត្រូវបាន​ដាក់ឈ្មោះ​តាម​ទីតាំង​នោះ​។ ជាក់ស្ដែង គឺ​ការហៅ​ឈ្មោះ UNCISARM ថា អនុសញ្ញា​សិង្ហ​បុរី​។  
 
​តាមពិតទៅ ការដោះស្រាយ​ជម្លោះ​តាម​សន្ធាន​ការី ឬ​ការសម្របសម្រួល ត្រូវបាន​ប្រើប្រាស់​យូរ​មកហើយ​ដែរ ប៉ុន្តែ​មិនទាន់បាន​ទទួលស្គាល់​ជាទូទៅ​នៅឡើយ​។ លោក លី ចាត់ទុក​យន្តការ​នេះ ជា​ដំណោះស្រាយ​ទី​បី​។ កន្លងមក ការដោះស្រាយ​ទំនាស់ គឺ​ពឹង​ផ្អែកលើ​មជ្ឈត្តិករ​ដើម្បី​ជួយ​ដោះស្រាយ ឬក៏​ត្រូវ​ឡើង​តុលាការ​តែម្ដង​។ ការយក​ក្ដីក្ដាំ​ឡើង​តុលាការ ជា​រឿង​ដែល​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន និង​ចាយលុយ​ក្រាស់ក្រែល​។​
 
​ដោយសារ​មាន​ហត្ថលេខី​ចំនួន​៤៦​ប្រទេស​ហើយ អនុសញ្ញា​សិង្ហ​បុរី​ស្ដីពី​ការដោះស្រាយ​ជម្លោះ​ដោយ​ការសម្របសម្រួល​ដែល​ត្រូវ​បានអនុម័ត​ដោយ​មហាសន្និបាត​អង្គការសហប្រជាជាតិ​កាលពី​ខែធ្នូ​ឆ្នាំ​២០១៨ ត្រូវការ​ហត្ថលេខី​ចំនួន​បី​ប្រទេស​ទៀត​ដើម្បី​ចូល​ធរមាន​ផ្លូវការ​។ ប្រទេស​ទាំងបី​នេះ ក៏ត្រូវ​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​នេះ​ផងដែរ​៕ 

Tag:
 សិង្ហ​បុរី​
  UNCISARM
© រក្សាសិទ្ធិដោយ thmeythmey.com