កីឡាអន្តរជាតិ
អន្តរជាតិ
Premier League ដាក់ឲ្យប្រើ VAR និង សម្រាកនៅពាក់កណ្តាលរដូវកាល ២០១៩-២០
× វីដេអូជំនួយការអាជ្ញាកណ្តាល Video Assistant Referee (VAR) ត្រូវដាក់ឲ្យប្រើក្នុងក្របខណ្ឌ Premier League ជាលើកដំបូងនៅរដូវកាល២០១៩-២០ នេះ ក្រោយមានការយល់ព្រមពីបណ្តាក្លិប លើលក្ខខណ្ឌដែលអាចទទួលយកបានពីបច្ចេកវិទ្យាមួយនេះ។ លីគកីឡាបាល់ទាត់កំពូលអង់គ្លេស ក៏បានបន្ថែមច្បាប់ថ្មីដោយអនុញ្ជាតឲ្យកីឡាករសម្រាកនៅពាក់កណ្តាលរដូវកាលផងដែរ។
ក្របខណ្ឌ Premier League រដូវកាលថ្មីនេះ នឹងចាប់ផ្តើមការប្រកួតប្រជែងចាប់ពីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះហើយ។ VAR នឹងត្រូវចូលខ្លួនទៅកាត់ក្តីនៃលីគកំពូលអង់គ្លេសនេះ ក្រោយបានប្រើប្រាស់ដោយជោគជ័យក្នុងការប្រកួតកីឡាបាល់ទាត់ពិភពលោក World Cup នៅរុស្ស៊ីកន្លងមក ព្រមទាំងដំណើរការនៅលីគកំពូលអ៊ីតាលី អាល្លឺម៉ង់ និងអេស្ប៉ាញ រួមទាំងក្នុងការប្រកួតពាន FA Cup និង Carabao Cup ផងកាលពីរដូវកាលមុន។
តាមពិតទៅ មុនសម្រេចដាក់ឲ្យប្រើប្រាស់ VAR នេះ កាលពីខែមេសាឆ្នាំមុន Premier League ក៏ធ្លាប់បោះឆ្នោតបដិសេធប្រើវាម្តងរួចមកហើយនារដូវកាល ២០១៨-២០១៩។ បច្ចេកវិទ្យាដែលពិនិត្យលើការពិន័យការផ្តល់បាល់ប៉េណាល់ទី បាល់ប៉ះដៃ និងកាតក្រហមនេះ ក៏នឹងត្រូវដាក់ឲ្យប្រើប្រាស់នៅក្នុងក្របខណ្ឌ Champions League នៅរដូវកាលនេះដូចគ្នា។
ក្រៅពី VAR រដូវកាលថ្មីនេះ Premier League ក៏អនុញ្ញាតឲ្យក្រុមសម្រាកនៅពាក់កណ្តាលរដូវកាលផងដែរ។
ការសម្រាកនៅពាក់កណ្តាលរដូវកាលគឺលីគជាច្រើននៅអឺរ៉ុបបានធ្វើរួចហើយ ខណៈនៅអង់គ្លេសទម្រាំតែសម្រេចបានលទ្ធផលនេះគឺត្រូវចំណាយការពិភាក្សាយរយៈពេលជាយូរ។ អ្វីដែលសំខាន់ ការសម្រាកនេះក៏នឹងជួយដល់ការរួមផ្តុំរបស់ក្រុមជម្រើសជាតិអង់គ្លេសដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com