អន្តរជាតិ
ក្រុង​ប៉េកាំង​៖ RCEP ​បន្ត​ឆ្ពោះទៅមុខ តែ​នៅសល់​បញ្ហា​ប្រឈម​ធំៗ​ជាច្រើន ដែល​ត្រូវ​រក​ចំណុចរួម​
08, Aug 2019 , 8:59 am        
រូបភាព
ជំនួបរដ្ឋមន្រ្តី RECP នៅប៉េកាំង។ រូបភាព Kyodo
ជំនួបរដ្ឋមន្រ្តី RECP នៅប៉េកាំង។ រូបភាព Kyodo
ដោយ:
​ជំនួប​ពិគ្រោះ​យោបល់​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៨ នៅក្នុង​រដ្ឋធានី​ប៉េកាំង កាលពី​ថ្ងៃ​ចុង​សប្តាហ៍​មុន បានបញ្ចប់​ជាមួយនឹង​លទ្ធផល​ផ្កែ​ផ្កា និង​កាន់តែ​យល់​គ្នា​រវាង​ភាគី​ពាក់ព័ន្ធ​។ ភាគី​ទាំង​អស់នៃ​កិច្ចព្រមព្រៀង សុទ្ធ​តែមាន​ជំហរ​ចង់​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​នេះ​ឲ្យ​បាន​ឆាប់​កាន់តែ​ល្អ ខណៈ​បញ្ហា​ប្រឈម​ធំៗ​ត្រូវ​បន្ត​ដោះស្រាយ​។​


 
​លោក​ឧបនាយករដ្ឋមន្ត្រី​ចិន Hu Chunhua នៅ​ថ្ងៃទី​៣ ខែសីហា បាន​ឲ្យ​ដឹងថា បញ្ហា​ជាង​៨០​ភាគរយ​នៅក្នុង​អត្ថបទ នៃ RCEP ដែល​កំពុងតែ​ស្ថិតក្រោម​នីតិវិធី​ចរចា ត្រូវបាន​កំណត់​សម្រេច​រួចរាល់​ហើយ ប៉ុន្តែ​នៅមាន​បញ្ហា​ពិបាក​មួយចំនួន​ផ្សេងទៀត ដែល​ភាគី​ពាក់ព័ន្ធ ត្រូវ​ដោះស្រាយ​ក្នុង​រយៈពេល​៥​ខែ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការចូល​ទៅកាន់​ទីផ្សារ​, បទដ្ឋាន​សម្រាប់​ពាណិជ្ជកម្ម​អេឡិចត្រូនិក​, ការការពារ​កម្មសិទ្ធិ​បញ្ញា និង​លក្ខខណ្ឌ​វិនិយោគ​ជាដើម​។ នេះ​បើ​យោងតាម​កាសែត South China Morning Post ។ 
 
​ជាមួយនឹង​ការលើកឡើង​លទ្ធផល​គួរកត់សម្គាល់​បន្ទាប់ពី​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី RCEP លើក​ទី​៨ លោក​ឧបនាយករដ្ឋមន្ត្រី បានស្នើ​ឲ្យ​ប្រទេស​សមាជិក​ទាំងអស់​ប្រកាន់​ជំហរ​បត់បែន និង​យោគយល់​គ្នា​បំផុត​លើ​ការ​ដំណើរការ​ទៅកាន់​ទីផ្សារ ដើម្បី​អាចឈាន​ទៅដល់​ចំណុច​រួមមួយ​។ លោក​សង្កត់ធ្ងន់ថា បើ​ភាគី​ដើរ​ថយក្រោយ​វិញ នោះ​វា នឹង​បំផ្លាញ​ដល់​កិច្ចប្រឹងប្រែង​កន្លងមក តែបើ​ភាគី​ប្រកាន់​ស្មារតី​លះបង់​នោះ ដំណើរការ​នឹង​សម្រេចបាន​ជោគជ័យ​។ 
 
​ក្នុងជំនួប​ដដែល​នេះ រដ្ឋមន្ត្រី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​សិង្ហ​បុរី លោក ចាន់ ឈុន​ស៊ី​ង បាន​អះអាង​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ថា រដ្ឋ​ពាក់ព័ន្ធ​បាន​ឯកភាពគ្នា​លើ​ចំណុច​សំខាន់​ជាច្រើន ដែល​ចំណុច​នេះ លោក​រដ្ឋមន្ត្រី មើលឃើញថា ជា​កត្តា​ជំរុញ​មួយ​ធ្វើ​ឲ្យ​ភាគី​កាន់តែ​ខិត​កៀក​រក​ទៅ​គ្នា​។ លោក​រដ្ឋមន្ត្រី ក៏បាន​គូសបញ្ជាក់​ពី​ការតាំង​ចិត្ត​របស់​ប្រធាន​វិលជុំ​អាស៊ាន​ថៃ ដែលមាន​បំណង​ជំរុញ​ការចរចា RCEP ឲ្យ​បាន​ចប់សព្វគ្រប់​នៅ​បំណាច់​ឆ្នាំ​២០១៩​នេះ​។ 
 
​គួរ​ជម្រាប​ថា RCEP  គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ដែល​ផ្តួចផ្តើម​ដោយ​រដ្ឋាភិបាល​ចិន និង​ផ្តើម​ស្នើ​ឡើងជា​ផ្លូវការ​ក្នុង​ឆ្នាំ​២០១២​។ កិច្ចព្រមព្រៀង​ដែលមាន​ទំហំ​ពាណិជ្ជកម្ម​ស្មើនឹង​៣០​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក បង្កើតឡើង​ដើម្បី​ប្រែក្លាយ​តំបន់​រដ្ឋ​អាស៊ាន និង​ដៃគូ​សន្ទនា​របស់ខ្លួន​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​សេរី ។​
 
​ភាគី​នៃ​កិច្ចព្រមព្រៀង​នេះ រាប់បញ្ចូល​សមាជិក​អាស៊ាន​ទាំង​ដប់ និង ដៃគូ​សន្ទនា​ផ្សេងទៀត​រួមមាន​ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និង ណូ​វែ​ល​សេ​ឡង់​។ RCEP គ្រោង​នឹង​បញ្ចប់​ការ​ព្រមព្រៀងគ្នា​តាំងពី​ឆ្នាំ ២០១៥ ប៉ុន្តែ​ត្រូវ​បន្ត​ពន្យារពេល​ជា​បន្តបន្ទាប់ ដោយសារ​សមាជិក​រប​ស់ RCEP មួយចំនួន​នៅ​មិន​ឯកភាព​លើ​ប្រការ​ដែល​ត្រូវ​បញ្ញត្តិ​រួម​។ 
 
​បើ​ក្រឡេកមើល​ស្ថានភាព​បច្ចុប្បន្ន RCEP អាច​នឹង​ពិបាក​សម្រេច​តាម​ពេល​កំណត់​ចុងឆ្នាំ​នេះ​។ នោះ ក៏​ព្រោះតែ ដៃគូ​សន្ទនា​របស់​អាស៊ាន ជាពិសេស​នោះ ជប៉ុន និង​កូរ៉េខាងត្បូង កំពុងតែ​មានរឿង​ប្រទាញប្រទង់​គ្នា​ខ្លាំង​ផ្នែក​ចំណង​ការទូត និង​ពាណិជ្ជកម្ម​។ នេះ មិនទាន់​និយាយ​ពី​ភាពខុសគ្នា​រវាង​ស្តង់ដារ និង​បទដ្ឋាន​ច្បាប់​រវាង​ប្រទេស​អាស៊ាន ដែល​កំពុងតែ​ស្ថិតនៅក្នុង​ដំណាក់​កំពុងអភិវឌ្ឍន៍ និង​ប្រទេស​ដៃគូ​សន្ទនា​ផង​៕ 
 

Tag:
 ចិន​
  អាស៊ាន​
  RCEP
© រក្សាសិទ្ធិដោយ thmeythmey.com