លោក អា​បេ​៖ សាលក្រម​តុលាការ​កូរ៉េខាងត្បូង ជាដើម​ហេតុដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​ធ្លាក់ចុះ​
អន្តរជាតិ
លោក អា​បេ​៖ សាលក្រម​តុលាការ​កូរ៉េខាងត្បូង ជាដើម​ហេតុដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​ធ្លាក់ចុះ​
07, Aug 2019 , 6:01 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ ។ រូបភាព AFP
នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ ។ រូបភាព AFP
​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ នៅ​ថ្ងៃទី​៦ ខែសីហា បានទាមទារ​ឲ្យ​កូរ៉េខាងត្បូង​គោរព​សន្ធិសញ្ញា​ឆ្នាំ​១៩៦៥ ដែល​បាន​សម្រួល​ទំនាក់ទំនង​រវាង​ប្រទេស​ឡើងវិញ​។ សន្ធិសញ្ញា​ឆ្នាំ​១៩៦៥ នេះហើយ​ដែល​ជប៉ុន​ប្រើ​ជា​មូលដ្ឋាន​ក្នុងការ​បកស្រាយ​សំណុំរឿង​តុលាការ​កូរ៉េខាងត្បូង​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​សង​ថ្លៃ​ជំងឺ​ចិត្ត​ដល់ក​ម្មករ​កូរ៉េខាងត្បូង​ដែល​ត្រូវ​បង្ខំ​ឲ្យ​ធ្វើការ​សម័យ​សង្គ្រាម​។ សម្រាប់​លោក អា​បេ សាលក្រម​តុលាការ​កូរ៉េខាងត្បូង ជាដើម​ហេតុដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​ធ្លាក់ចុះ​ដូច​សព្វថ្ងៃ​។​

 
​ការទុកចិត្ត​គ្នា​រវាង​ជប៉ុន និង​កូរ៉េខាងត្បូង កំពុង​ជួប​បញ្ហា​ប្រឈម ខណៈ​ទំនាក់ទំនង​ទ្វេភាគី​កំពុង​តានតឹង​។ នេះ​ជាការ​លើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ ជុំវិញ​ភាពល្អក់​កករ​រវាង​ជប៉ុន និង​កូរ៉េខាងត្បូង​នៅពេល​បច្ចុប្បន្ននេះ​។ ចំណែកឯ​រឿង​នាំ​ឲ្យ​មានការ​ទុកចិត្ត​គ្នា​ធ្លាក់ចុះ​នេះ ក៏ដោយ​សារ​សាលក្រម​របស់​តុលាការ​កូរ៉េខាងត្បូង​កាលពី​ឆ្នាំមុន​ដែល​បង្គាប់​ឲ្យ​ក្រុមហ៊ុន​របស់​ជប៉ុន​បង់​សំណង​ឲ្យ​កម្មករ​កូរ៉េខាងត្បូង​វិញ​។ 
 
​នា​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​៦ ខែសីហា​នៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា លោក អា​បេ បាន​ចោទ​ក្រុង​សេ​អ៊ូ​ល​ថា បាន​បំពាន​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៦៥ ដោយ​ឯកតោភាគី​តាមរយៈ​សាលក្រម​របស់ខ្លួន​។ លោក អា​បេ បញ្ជាក់​ជាថ្មី​ថា សំណុំរឿង​សម័យ​ដែល​ជប៉ុន​ដាក់​អាណានិគម​លើ​កូរ៉េ​ឆ្នាំ​១៩១០-១៩៥៤​នេះ ត្រូវបាន​ដោះស្រាយ​ចប់សព្វគ្រប់​ក្នុង​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៦៥ នេះ​អស់ហើយ​។ 
 
«​នៅពេល​យើង​គិតពី​ទំនាក់ទំនង​ជប៉ុន​-​កូរ៉េខាងត្បូង​បច្ចុប្បន្ននេះ បញ្ហា​ធំជាងគេ គឺ​ការទុកចិត្ត​គ្នា​ទៅមក ឬក៏​ការរក្សា​ពាក្យសន្យា (​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៦៥) ឲ្យ​បាន​។​» នេះ​ជាការ​លើកឡើង​ទាំង​មិនសូវ​សប្បាយចិត្ត​ដោយ​លោក អា​បេ មុន​បន្ត​ចោទ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ថា បាន​បំពាន​សន្ធិសញ្ញា​ដែលជា​មូលដ្ឋាន​ក្នុងការ​បង្កើត​ចំណង​ការទូត​ជាថ្មី​។ បើតាម​សារព័ត៌មាន​ជប៉ុន Japan Times ប្រមុខ​រដ្ឋាភិបាល​ជប៉ុន ក៏​ទទូច​ឲ្យ​សេ​អ៊ូ​ល​គោរព​កិច្ចព្រមព្រៀង​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​។​
 
​ឯ​រឿង​ថា​បញ្ហា​ចាស់​នេះ​ត្រូវបាន​ដោះស្រាយ​ដាច់ស្រេច​ហើយ​នោះ ក្រុង​តូ​ក្យូ​បកស្រាយ​ថា ក្រោម​កិច្ចព្រមព្រៀង​ខាងលើ ជប៉ុន​បាន​បានផ្ដល់​សំណង​ក្រោមរូបភាព​ជា​ជំនួយ​ចំនួន​៣០០​លាន​ដុល្លារ និង​កំចី​ចំនួន​២០០​លាន​ដុល្លារ​ក្នុង​កិច្ចព្រមព្រៀង​ផ្ដល់​សំណង​ហិរញ្ញវត្ថុ​មួយទៀត​។ ទោះជា​យ៉ាងណា នៅ​កូរ៉េខាងត្បូង​ឯណោះ បញ្ហា​នេះ​នៅតែ​ស្ថិតក្នុង​ភាពមិន​ដាច់ស្រេច​ដដែល រហូត​មាន​សាលក្រម​ជា​បន្តបន្ទាប់​ដោយ​តុលាការ​តែម្ដង​។​
 
​ដោយសារ​រឿងនេះ ក៏​បែកចេញ​ទៅជា​ជម្លោះ​ពាណិជ្ជកម្ម ក្រោយ​ក្រុង​តូ​ក្យូ​រឹតត្បិត​ការនាំចេញ​រូបធាតុ​គីមី​សំខាន់ៗ​បី​មុខ​ទៅកាន់​កូរ៉េខាងត្បូង ហើយ​ដក​កូរ៉េខាងត្បូង​ចេញពី​បញ្ជា​ដៃគូ​ពាណិជ្ជកម្ម​គួរ​ឲ្យ​ទុកចិត្តបាន​ទៅទៀត​។ ខណៈ​ជម្លោះ​ចេះតែ​អូសបន្លាយ ភាគី​ទាំងពីរ​ក៏​រក​ដំណោះស្រាយ​មិន​ខាន ខណៈដែល​សេ​អ៊ូ​ល​បាន​បដិសេធ​សំណើ​របស់​តូ​ក្យូ​ដើម្បី​ដោះស្រាយ​បញ្ហា​មិន​ថា​តាមរយៈ​យន្តការ​ពហុភាគី ឬ​ការដោះស្រាយ​ដោយមាន​ភាគី​ទី​បី​ឡើយ​៕ 

Tag:
 ជប៉ុន​
  កូរ៉េខាងត្បូង​
  ស៊ិន​ហ្សូ អា​បេ
© រក្សាសិទ្ធិដោយ thmeythmey.com