អន្តរជាតិ
ប្រមុខការទូតអាមេរិក៖ ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងមិនប៉ះពាល់ដល់ការចរចាទេ
08, Aug 2019 , 10:35 am        
រូបភាព
ប្រមុខការទូតសហរដ្ឋអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ
ប្រមុខការទូតសហរដ្ឋអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ
ប្រមុខការទូតសហរដ្ឋអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃទី៧ ខែសីហា បានបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលចុងក្រោយរបស់កូរ៉េខាងជើង គឺមិនធ្វើអោយប៉ះពាល់ដល់កិច្ចចរចាលើការរំសាយអាវុធនុយក្លែអ៊ែរឡើយ។


 
តាមការចុះផ្សាយរបស់សារព័ត៌មាន AFP លោក ម៉ៃ ប៉ុមប៉េអូ ត្រូវបានគេចោទជាសំណួរ តើការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងធ្វើអោយប៉ះពាល់ដល់កិច្ចចរចាដែរឬទេ? លោកបានតបថា ទេ វាគ្មានប៉ះពាល់ទេ។ 
 
លោកប្រមុខការទូតបានបន្ថែមទៀតថា រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ មានការគោរពចំពោះកូរ៉េខាងជើងគ្មានប្រែឡើយ ហើយការប្រឹងប្រែងរបស់អាមេរិក មានគោលដៅសម្រេចឲ្យនូវការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។ លោក ប៉ុមប៉េអូ សង្ឃឹមថាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ភាគីទាំងពីរនឹងត្រលប់ចូលតុចរចាវិញ ដើម្បីសម្រេចបានកិច្ចការមួយ។ 
 
ការប្រតិកម្មបែបវិជ្ជមានរបស់លោក ប៉ុមប៉េអូ ធ្វើឡើងក្រោយការបាញ់មីស៊ីលចម្ងាយខ្លីរបស់កូរ៉េខាងជើងនៅថ្ងៃទី៦ ខែសីហា ចំនួនពីរគ្រាប់។ ទោះជាយ៉ាងណា លោកអះអាងថា ការសាកល្បងមីស៊ីលកាលពីពេលថ្មីៗនេះ មិនពាក់ព័ន្ធនឹងការសាកល្បងមីស៊ីលចម្ងាយមធ្យម និងមីស៊ីលចម្ងាយឆ្ងាយ ដែលបានបាញ់កាលពីឆ្នាំ២០១៧ឡើយ។ 
 
សូមបញ្ជាក់ថា មិនដល់២សប្តាហ៍ផងនោះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចម្ងាយខ្លី៤ដង។ ការបាញ់សាកល្បងចុងក្រោយនេះគឺ ក្នុងគោលបំណងផ្គើនទៅនឹងសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកដែលកំពុងធ្វើឡើងតែម្ដង៕
 

Tag:
 សហរដ្ឋអាមេរិក
  ម៉ៃ ប៉ុមប៉េអូ
© រក្សាសិទ្ធិដោយ thmeythmey.com