ជាតិ
សម្តេច ហ៊ុន សែន លើកទឹកចិត្តអ្នកវិនិយោគកម្ពុជាឲ្យពិចារណាយកស្រីលង្កាជាប្រទេសគោលដៅ
08, Aug 2019 , 10:50 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីស្រីលង្កា លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) កាលពីថ្ងៃទី៧ ខែសីហា បានចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កានៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ នាឱកាសនោះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តដល់អ្នកវិនិយោគកម្ពុជាដែលមានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅក្រៅប្រទេស ពិចារណាយកស្រីលង្កាជាប្រទេសគោលដៅរបស់ខ្លួនផងដែរ។

 
វេទិកាធុរកិច្ច នាអំឡុងទស្សនកិច្ចរបស់លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា នៅកម្ពុជា ត្រូវបានរៀបចំឡើងដើម្បីស្វែងយល់ពីឱកាសវិនិយោគទៅវិញទៅមករវាងប្រទេសទាំងពីរ ដោយមានការចូលរួមផងដែរពីសំណាក់ប្រធានសភាពាណិជ្ជកម្ម និងមន្ត្រីការបរទេសនៃប្រទេសទាំងពីរ។

 
កម្ពុជា-ស្រីលង្កា ផ្តើមមានទំនាក់ទំនងការទូតជាមួយគ្នាចាប់តាំងពីឆ្នាំ១៩៥២មក ប៉ុន្តែចំណងការទូតនេះ ត្រូវបានផ្អាកមួយរយៈដោយសារសង្គ្រាមស៊ីវិល ហើយត្រូវបានផ្សារភ្ជាប់ឡើងវិញកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៩៦ ។
 
៥ខែដើមឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុបប្រមាណជា ២, ៨៨ លាននាក់មានការកើនឡើង១១, ៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ ជាមួយគ្នានេះដែរ ក្នុងរយៈពេលដូចគ្នានេះ ចំនួនភ្ញៀវទេសចរស្រីលង្កា បានកើនឡើង ២២% គឺពី ១.៤៣៧នាក់ ដល់ ១.៧៥៦នាក់។ 
 
ជាមួយនឹងការស្វាគមន៍អ្នកវិនិយោគបរទេសទាំងអស់ ជាពិសេសអ្នកវិនិយោគស្រីលង្កា ដែលមានបំណងជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគដ៏មានសក្តានុពល សម្តេច ហ៊ុន សែន ក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគកម្ពុជាដែលមានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅក្រៅប្រទេស ពិចារណាយកស្រីលង្កាជាប្រទេសគោលដៅរបស់ខ្លួនផងដែរ៕
 



 

Tag:
 ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com