កីឡាអន្តរជាតិ
អន្តរជាតិ
Man City ថែម Danilo និងលុយ៣២លានដុល្លារ ប្តូរយក Cancelo ពី Juventus
08, Aug 2019 , 11:14 am        
រូបភាព
Manchester City បានទិញយកខ្សែការពារ Joao Cancelo ពី Juventus ក្នុងតម្លៃ ៦០លានផោន (៧៣លានដុល្លារអាមេរិក) ដោយយកខ្សែការពារ Danilo ជាថ្នូរក្នុងការដោះដូរនេះសម្រាប់តម្លៃខ្លួន ៣៤,១ លានផោន (៤១លានដុល្លារ)។


 
ក្លិបទាំងពីរបានអះអាងរៀងៗខ្លួននៅថ្ងៃទី៧ ខែសីហា ថា Cancelo ខ្សែការពារសញ្ជាតិព័រទុយហ្គាល់យល់ព្រមចុះកិច្ចសន្យាស្នាក់នៅ Etihad រយៈពេល៦រដូវកាលពោលគឺរហូតដល់ឆ្នាំ២០២៥ ខណៈដែលក្លិបយក្សអ៊ីតាលីផ្តល់កិច្ចសន្យា៥ឆ្នាំដល់ខ្សែការពារប្រេស៊ីល Danilo។
 
Cancelo វ័យ២៥ឆ្នាំ ដែលក្លាយជាកីឡាករទី៣ របស់ Man City រដូវកាលនេះ បានចំណាយពេលមួយរដូវកាលនៅ Juventus បន្ទាប់ពីចាកចេញពី Valencia កាលពីឆ្នាំ២០១៨ ក្នុងតម្លៃផ្ទេរ៤២លានដុល្លារ។ រយៈពេលមួយឆ្នាំរូបគេបានជួយក្រុមរហស្សនាមសេះបង្កង់លើកពាន Serie A ៨រដូវកាលជាប់គ្នា។
 
«Man City ជាក្លិបដ៏អស្ចារ្យ និងមានអ្នកចាត់ការដ៏ល្អម្នាក់ហើយខ្ញុំពិតជារីករាយដែលបានមកទីនេះ។ អ្វីដែលពួកគេមាន បានធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់នោះគឺស្ទីលលេងបាល់របស់ក្រុម។ ខ្ញុំតែងតែស្វែងរក អភិវឌ្ឍខ្លួនសម្រាប់ការប្រកួតរបស់និងការឈ្នះពានរង្វាន់ ហើយខ្ញុំជឿជាក់ថាខ្ញុំអាចធ្វើបាននៅទីនេះ ដោយសាកល្បងខ្លួនឯងនៅ Premier League»។ នេះជាការអះអាងរបស់ Cancelo ដែលជួយក្រុមជម្រើសជាតិព័រទុយហ្គាល់លើកពាន Nations League កន្លងមក។
 
ដោយឡែក Danilo វ័យ២៨ឆ្នាំ ដែល Man City ទិញចូលកាលពីឆ្នាំ២០១៧ ពី Real Madrid ក៏បានផ្លាស់ទៅ Juventus វិញសម្រាប់ការដោះដូរជាមួយ Cancelo ក្រោយមិនសូវជាប់ក្នុងជម្រើសដំបូងរបស់លោក Pep Guardiola។ រយៈពេល២រដូវកាល អតីតខ្សែការពារ FC Porto រូបនេះ បង្ហាញខ្លួនឲ្យមេឃខៀវចំនួន ៦០ប្រកួត ដោយក្នុងនោះលេងក្នុងលីគកំពូល Premier League ចំនួន៣៤ប្រកួត៕
 

Tag:
 Manchester City
  Juventus
  Danilo
  Joao Cancelo
© រក្សាសិទ្ធិដោយ thmeythmey.com