ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេប៉ូលិស-មេទ័ព ដាក់កម្លាំងរួមគ្នា «នៅគ្រប់ច្រក» ចាំចាប់ក្រុមប្រឆាំងពេលចូលស្រុក
08, Aug 2019 , 11:35 am        
រូបភាព
នាយឧត្តមសេនីយ៍ វង្ស ពិសេន (ខាងឆ្វេង) និង នាយឧត្តមសេនីយ៍ នេត សាវឿន ស្ថិតក្នុងកិច្ចប្រជុំ
នាយឧត្តមសេនីយ៍ វង្ស ពិសេន (ខាងឆ្វេង) និង នាយឧត្តមសេនីយ៍ នេត សាវឿន ស្ថិតក្នុងកិច្ចប្រជុំ
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានបើកកិច្ចប្រជុំរួមគ្នា នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩នេះ អំពីការត្រៀមលក្ខណៈនិងការរៀបចំកម្លាំង ដើម្បីចាប់លោក សម រង្ស៊ី និង ថ្នាក់ដឹនាំប្រឆាំងផ្សេងទៀត ដែលវិលមកកម្ពុជា។ កិច្ចប្រជុំនេះ មានការចូលរួមពី មេបញ្ជាការកងទ័ព និង មេបញ្ជាការនគរបាលគ្រប់អង្គភាព រួមទាំង អភិបាលខេត្តនានា។



ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គមេបញ្ជារងនិងជាអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានស្ថិតក្នុងកិច្ចប្រជុំដែរនោះ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា កងកម្លាំង នឹងត្រូវដាក់ «នៅគ្រប់ច្រក» តែម្តង ដើម្បីចាប់ក្រុមអ្នកប្រឆាំង តាមដីការបស់តុលាការ។ លោក សង្កត់ធ្ងន់ដូច្នេះថា៖«មកពេលណា គឺចាប់ពេលហ្នឹង»។

អ្នកស្រី មូរ សុខហួរ អនុប្រធាននៃអតីតគណបក្សប្រឆាំង ធ្លាប់ប្រកាសកន្លងមកថា លោក សម  រង្ស៊ី និង ថ្នាក់ដឹកនាំប្រឆាំង នឹងវិលមកកម្ពុជា ក្នុងអំឡុសីហានេះ ឬ ឈានចូលខែកញ្ញា ឆ្នាំ២០១៩។ ទោះជាអ្នកស្រី មូរ​ សុខហួរ ប្រកាសយ៉ាងនេះក្តី តែមជ្ឈដ្ឋានខ្លះ នៅតែមិនទាន់ជឿ ថាពួកគេ នឹងហានវិលមកកម្ពុជា តាមការគ្រោងទុក។ 

លោក សម  រង្ស៊ី ធ្លាប់អះអាងថា លោក ចូលមកកម្ពុជា ដើម្បីរួមកម្លាំងជាមួយប្រជាពលរដ្ឋ ចាប់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន យកទៅផ្តន្ទាទោស និង ដើម្បីស្តារប្រជាធិបតេយ្យឡើងវិញ។ សម្តេចនាយករដ្ឋមន្រ្តី ចំអកទៅវិញថា ចាំស្វាគមន៍លោក សម  រង្ស៊ី ដោយភ្ជាប់ជាមួយនឹងពាក្យព្រមានថា «គុកនិងខ្នោះ ត្រៀមរួចហើយ»៕ 

Tag:
 សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com