កងកម្លាំងពិសេសកៀហ្ស៊ីស៊ីស្ថាន បានសម្រុកចូលទៅក្នុងផ្ទះរបស់អតីតប្រធានាធិបតី លោក Almazbek Atambayez ដែលរងបទចោទ «ពុករលួយ» ក្នុងគោលដៅចាប់ខ្លួនលោក។ ប្រតិបត្តិការនេះ ធ្វើឡើងខណៈភាពតានតឹងរវាង លោក Atambayez និងប្រធានាធិបតីបច្ចុប្បន្ន លោក Sooronbai Jeenbekov បន្តកើនឡើង ដែលកំពុងគំរាមកំហែងស្ថានការណ៍នយោបាយក្នុងរដ្ឋអាស៊ីកណ្តាលនេះ។
តាមការអះអាងរបស់គណៈកម្មាការសន្តិសុខជាតិរបស់កៀហ្ស៊ីស៊ីស្ថាន (GKNB) កងកម្លាំងពិសេសដែលប្រដាប់ដោយកាំភ្លើងប្រើ «គ្រាប់ជ័រ» បានបើកប្រតិបត្តិពិសេសមួយដើម្បីចាប់ឃាត់ខ្លួនអតីតប្រធានាធិបតី កាលពីថ្ងៃពុធទី ៧ សីហា។ ខណៈកងកម្លាំង បានសម្រុកចូលទៅដល់ក្នុង អ្នកគាំទ្ររបស់លោក Almazbek Atambayev បានបាញ់កាំភ្លើងតបជាមួយ «គ្រាប់កាំភ្លើងពិត» ។
មនុស្ស ៣៦នាក់ រងរបួសក្នុងហេតុការណ៍ប៉ះទង្គិចគ្នានេះ ដែលក្នុងនោះក៏មាន កងកម្លាំងសន្តិសុខប៉ុន្មាននាក់ផងដែរ។ តាមរយៈសេចក្តីថ្លែងការណ៍មួយ ក្រសួងសុខាភិបាលកៀហ្ស៊ីស៊ីស្ថាន បញ្ជាក់ឲ្យដឹងថា មន្ត្រីកងកម្លាំងពិសេសម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងសភាពធ្ងន់ធ្ងរក្រោយត្រូវគ្រាប់កាំភ្លើង។ ទោះបីមានក្រុមគ្រូពេទ្យព្យាយាមជួយសង្គ្រោះ ក៏ចុងក្រោយ រូបគេនៅតែបាត់បង់ជីវិត។
សាក្សីម្នាក់ឈ្មោះថា Mirbek Aitikeyev បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា អ្នកគាំទ្ររបស់លោកអតីតប្រធានាធិបតី បានចាប់ដកហូតកាំភ្លើងពីកងកម្លាំងសន្តិសុខ និងបង្ខំឲ្យពួកគេដកថយចេញ។ ពួកអ្នកគាំទ្រទាំងនោះ ស្រែកថា «លោក Atambayev ស្ថិតនៅផ្ទះលោកដដែល…ទោះបីរដ្ឋាភិបាលបញ្ជូនកងកម្លាំងជំនួយមកបន្ថែមទៀត ពួកគេ ត្រៀមខ្លួនរួចរាល់ជានិច្ចដើម្បីទប់ទល់»។
អតីតប្រធានាធីបតី Atambayez បានដឹកនាំប្រទេសកៀហ្ស៊ីស៊ីស្ថានពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៧ មុននឹងប្រគល់តំណែងកំពូលនេះឲ្យលោក Sooronbai Jeenbekov ។ កាលពីខែមិថុនាកន្លងទៅ លោក ត្រូវបានសភាដកហូតអភ័យឯកសិទ្ធិ ដ្បិតអាជ្ញាធរព្យាយាមរកផ្លូវកាត់ទោសលោកពាក់ព័ន្ធនឹងបទចោទពុករលួយ។
រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អតីតមេដឹកនាំរូបនេះ បានរឹតបន្តឹងសន្តិសុខនៅជុំវិញលំនៅឋានលោក ក្នុងភូមិមួយកន្លែងក្រៅរដ្ឋធានី ប៊ីស្កេក ឈ្មោះថា Koi-Tash ស្របពេលភាពតានតឹងរវាងលោក និងមេដឹកនាំបច្ចុប្បន្នលោក Jeenbekov កាន់តែក្តៅឡើងៗ។
មែនទែនទៅ ក្រោយពីត្រូវបានដកហូតអភិឯកសិទ្ធិ លោកអតីតប្រធានាធិបតី Atambayev បានប្តេជ្ញាឈរតតាំងដល់ទីបញ្ចប់ប្រឆាំងនឹងការចោទប្រកាន់មកលើរូបលោក ដោយហៅរដ្ឋបាលមេដឹកនាំបច្ចុប្បន្ន លោក Jeenbekov ថា «ក្រុមសង្គមងងឹត» ទៀតផង។
ពីមុនមក បុរសទាំងពីរ ធ្លាប់ជាមិត្តនឹងគ្នា ហើយលោក Atambayev ថែមទាំងបានបោះឆ្នោតគាំទ្រលោក Jeenbekov ឲ្យឡើងធ្វើជាប្រធានាធិបតី កាលពីឆ្នាំ២០១៧ កន្លងទៅ។ ប៉ុន្តែ សម្ពន្ធភាពនេះ បានរលាយរលត់ត្រឹមពេលប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីការចូលកាន់តំណែងរបស់លោក Jeenbekov ព្រោះថាលោក Atambayev បានចេញមុខរិះគន់ឥតសំចៃមាត់លើប្រធានាធិបតីថ្មីនេះជាសាធារណៈ។ និយាយដល់រឿងការដកហូតអភ័យឯកសិទ្ធិ លោក ចាត់ទុកទង្វើរបស់សភាកៀហ្ស៊ីស៊ីស្ថានថា «អធម្មនុញ្ញភាព» ។
ចាប់តាំងពីកៀហ្ស៊ីស៊ីស្ថាន ក្លាយជាប្រទេសឯករាជ្យក្រោយពីការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ១៩៩១មក លោក Atambayev ជាប្រធានាធិបតីជាប់ឆ្នោតទីមួយ ដែលបានប្រគល់អំណាចដោយសន្តិភាពកាលពីឆ្នាំ២០១៧ បន្ទាប់ពីប្រទេសនេះ ធ្លាប់មានប្រវត្តិបដិវត្តន៍២លើក (២០០៥ និង២០១០) មកហើយ។
មេដឹកនាំបច្ចុប្បន្ន លោក Jeenbekov បានចោទប្រកាន់លោក Atambeyev ថា ព្យាយាមក្តោបក្តាប់អំណាចនយោបាយនៅក្រៅសង្វៀននយោបាយ។ ជម្លោះរវាងបុរសទាំងពីរ ដែលសុទ្ធតែរងការចោទប្រកាន់ថា ប្រើប្រាស់ភ្នាក់ងារអនុវត្តច្បាប់ដើម្បីកម្ចាត់គូប្រជែងនយោបាយរៀងៗខ្លួន កំពុងគំរាមកំហែងដល់ការផ្ទុះទៅជាវិបត្តិនយោបាយក្នុងរដ្ឋអាស៊ីកណ្តាលដ៏ផុយស្រួយនេះ។
លើសពីនេះ លោក Atambayev កាលពីខែមុន បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី និងជួបជាមួយប្រធានាធីបតីរុស្ស៊ី វ្លាឌីមៀ ពូទីន។ ក្នុងជំនួបនេះ លោក ពូទីន បែរជាបានបង្ហាញការគាំទ្រចំពោះលោក Jeenbekov ទៅវិញ និងទទូចឲ្យប្រទេសនេះរួបរួម ក្រោមអំណាចប្រធានាធិបតីបច្ចុប្បន្ន និងជួយជ្រោមជ្រែងអភិវឌ្ឍប្រទេស។
សូមបញ្ជាក់ថា ទំនាស់នយោបាយក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាននេះ ទំនងត្រូវបានតាមដានដោយប្រុងប្រយ័ត្នពីសំណាក់ថ្នាក់ដឹកនាំរុស្ស៊ី និងចិន ដែលសុទ្ធតែមានផលប្រយោជន៍នយោបាយ និងសេដ្ឋកិច្ចក្រាស់ក្រែលអំឡុងការដឹកនាំរបស់អតីតប្រធានាធិបតី Atambayev ៕