កីឡាអន្តរជាតិ
អន្តរជាតិ
Lukaku ឈានដល់​ការពិនិត្យ​សុខភាព​នៅ Inter Milan
08, Aug 2019 , 3:38 pm        
រូបភាព
Romelu Lukaku ខ្សែប្រយុទ្ធ Manchester United ជិត​សម្រេច​ការផ្ទេរ​ទៅកាន់ Inter Milan ដោយ​ជោគជ័យ​ហើយ ក្រោយ​ធ្វើដំណើរ​ទៅកាន់​ទឹកដី​អ៊ីតាលី​ដើម្បី​ពិនិត្យ​សុខភាព​។​



អត្ថបទទាក់ទង


កាលពី​ខែកក្កដា​កន្លងទៅ បិសាច​ក្រហម​ធ្លាប់បាន​ច្រានចោល​សំណើ​ដេញថ្លៃ​ចំនួន ៦៦​លាន​ដុល្លារ​អាមេរិក​ពី Inter សម្រាប់ Lukaku ម្តង​រួចមកហើយ ដោយ​ពួកគេ​ចង់បាន​ថ្លៃដើម​ដែល​ទិញ​ពី Everton​។ 

នៅ​ថ្ងៃទី​៦ ខែសីហា ខ្សែប្រយុទ្ធ​សញ្ជាតិ​បែលហ្ស៊ិក វ័យ​២៦​ឆ្នាំ​រូបនេះ​ត្រូវ Man Utd ពិន័យ​ដោយសារ​ខកខាន​ចូលរួម​ហ្វឹកហាត់​ដោយ​គ្មាន​ការអនុញ្ញាត​។ បើតាម​ការផ្សាយ​របស់ BBC អវត្តមាន​នេះ គឺ Lukaku បាន​ទៅ​ហ្វឹកហាត់​ជាមួយ​អតីត​ក្រុម​ចាស់​របស់គេ Anderlech រយៈពេល ២​ថ្ងៃ​។​

ក្រោយមក​ភ្នាក់ងារ​របស់ Lukaku លោក Federico Pastorello បាន​ហោះ​ទៅ​ទីក្រុង​ឡុង​ដ៍​កាលពី​ម្សិលមិញ​ដើម្បី​ពិភាក្សា​ពី​អនាគត​របស់គេ​។ នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​លោក Pastorello បាន​បង្ហោះ​រូបថត​ក្នុង Instagram របស់ខ្លួន​ជាមួយ Lukaku នៅលើ​យន្ដហោះ​ឯកជន​មួយ​ដោយ​បញ្ជាក់ថា ពួកគេ​កំពុង​ហោះហើរ​ទៅកាន់​ក្រុង Milan ហើយ​។​

តាមរយៈ​វីដេអូ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter របស់លោក Fabrizio Romano ដែលជា​អ្នកព័ត៌មាន​កីឡាករ​របស់ SkySport អតីត​សមាជិក​ក្រុម Chelsea រូបនេះ​បាន​ទៅដល់​កន្លែង​ពិនិត្យ​សុខភាព​របស់ Inter Milan ហើយ​ដោយមាន​អ្នកគាំទ្រ​ជាង​២០០​នាក់​ផង​។​

Lukaku ត្រូវបាន Man Utd ទិញ​ពី Everton ក្នុងតម្លៃ ៩១​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ​២០១៧​។ ចាប់តាំងពី​លោក Ole Gunnar Solskjær ឡើងមក​ដឹកនាំ រូបគេ​មិន​ស្ថិតក្នុង​ជម្រើស​១១​នាក់​ឡើយ​។ លោក Antonio Conte ពិតជា​ចង់បាន Lukaku ទៅ​ចូលរួម Inter មែនទែន​សម្រាប់​ការដឹកនាំ​របស់លោក​នៅ​រដូវ​កាល​ដំបូង​នេះ​៕

Tag:
 Inter Milan
  Romelu Lukaku
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com