ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បាក់ឌុប
វីដេអូ
វគ្គ​បំប៉ន​របស់ ស​.​ស​.​យ​.​ក ជំរុញ​ចំនួន​សិស្ស​ឲ្យ​ជាប់​កាន់តែច្រើន​!
08, Aug 2019 , 4:37 pm        
រូបភាព
​ភ្នំពេញ​៖ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានរៀបចំ​វគ្គ​បំប៉ន​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ដល់​សិស្សានុសិស្ស​ថ្នាក់​ទី​១២​។ ឆ្នាំនេះ ក៏​មិន​ខុសពី​ឆ្នាំមុន វគ្គ​បំប៉ន នៅតែ​បន្ត​រៀបចំ​នៅ​ស្ទើរ​គ្រប់​រាជធានី​-​ខេត្ត ដែល​ជាការ​ផ្ដល់ឱកាស​ដល់​សិស្សានុសិស្ស អាច​ឆ្លៀតពេល​ចុង​សប្ដាហ៍​មក​រៀន​បន្ថែម​ជា​លោកគ្រូ​អ្នកគ្រូ​។ វគ្គ​បំប៉ន​នេះ  បាន​ជួយ​ពង្រឹងសមត្ថភាព​សិស្សានុសិស្ស និង​ជំរុញ​ចំនួន​សិស្ស​ឲ្យ​ប្រឡង​ជាប់​កាន់តែច្រើន ជាពិសេស​បើក​បង្រៀន​ដោយ​ឥតគិតថ្លៃ​លើ​មុខវិជ្ជា​ចំនួន​៥​។


 
​វគ្គ​បំប៉ន​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ បានចាប់ផ្ដើម​តាំង​ឆ្នាំ​២០១៤ ស្រប​ពេលដែល​ក្រសួង​អប់រំ បាន​កែទម្រង់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។ វគ្គ​បំប៉ន​នេះ ជា​គំនិត​ផ្ដួចផ្ដើម​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ដែលមាន​ការគាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មន្ទីរអប់រំ​រាជធានី​-​ខេត្ត​។​

សូម​អញ្ជើញ​ទស្សនា​វីដេអូ​បទ​យកការណ៍​ស្ដីពី​វគ្គ​បំប៉ន​ត្រៀមប្រឡង​បាក់​ឌុប ដែល​រៀបចំ​ដោយ​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ដូចតទៅ​៖ 
 
 
លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានលើកឡើង​ពី​គោលបំណង​នៃ​ការរៀបចំ​វគ្គ​បំប៉ន​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​យ៉ាង​ដូច្នេះ​៖ «​ចំពោះ​វគ្គ​បំប៉ន​ថ្នាក់​ទី​១២​នេះ រៀបចំ​ទាំងស្រុង​ដើម្បី​គាត់​។ យើង (​ស​.​ស​.​យ​.​ក​) រៀបចំ​ស្រប​ពេលដែល​ក្រសួង​អប់រំ កែទម្រង់ ហើយ​យើង​ចូលរួម​តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន ដើម្បី​ផ្ដល់ឱកាស​ដល់​ប្អូនៗ​លើក​ជា​សំណួរ​ទៅកាន់​អ្នកគ្រូ​លោកគ្រូ និង​មានឱកាស​អនុវត្ត​លំ​ហាត់​ជាដើម​។ នេះ​ជាការ​ចូលរួមចំណែករ​ប​ស់ស​.​ស​.​យ​.​ក ក្នុងការ​កែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​អប់រំ​»​។​
 
​ការចាប់ផ្ដើម​វគ្គ​បំប៉ន​នៅ​ឆ្នាំ​២០១៤ គឺជា​ការរៀបចំ​ទ្រង់ទ្រាយ​តូច​ដែលមាន​ត្រឹម​១៤​រាជធានី​ខេត្ត​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ឆ្នាំ​បន្តបន្ទាប់ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ពង្រីក​ការរៀបចំ​វគ្គ​បំប៉ន​នៅតាម​រាជធានី​ខេត្ត​ដទៃទៀត ដែលមាន​មិនតិចជាង​២០​រាជធានី​ខេត្ត​នោះទេ​។ ការចូលរួម​របស់​សិ​ស្សានុសិស្ស ក្នុង​វគ្គ​បំប៉ន​នេះ មានការ​កើន​ឡើងជា​លំដាប់ ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​-​ខេត្ត បានរៀបចំ​វគ្គ​បំប៉ន​នៅតាម​វិទ្យាល័យ​ចំនួន​៤១៣ ដែលមាន​គ្រូបង្រៀន​ស្ម័គ្រចិត្ត​ចំនួន​៣,៥៩៤​នាក់ និង​សិស្ស​ចំនួន ៥៩,៤២៦​នាក់​។​
 
អត្ថបទទាក់ទង
​សម្រាប់​លោក ហ៊ុន ម៉ា​នី វគ្គ​បំប៉ន​របស់​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា បានធ្វើ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ឥរិយាបថ​សិក្សា​របស់​សិស្ស ដោយ​អត្រា​នៃ​ការប្រឡង​ជាប់​មានការ​កើនឡើង​៖ «​អត្រា​ប្រឡង​ជាប់​របស់​ប្អូនៗ​ទាំង​និទ្ទេស​A និង​និទ្ទេស​B មានការ​កើនឡើង​។ អត្រា​នៃ​ការជាប់​នេះ កើតចេញពី​ការផ្លាស់ប្ដូរ​ផ្នត់គំនិត ក្រោម​ស្មារតី «​អ្នកចេះ គឺជា​ប់​»​។ យើង​សង្ឃឹមថា មួយផ្នែក​ណាមួយ​នៃ​វគ្គ​បំប៉ន​នេះ អាច​ចូលរួមចំណែក​ជួយ​ប្អូនៗ​ឲ្យ​ជោគជ័យ​ក្នុងការ​ប្រឡង​បាក់​ឌុប​»​។​
 
​ជា​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​កំពង់ស្ពឺ  យុវតី ស៊ន សុ​ភ័​ក្រ​បញ្ញា​ពេជ្រ បាន​ចូល​សិក្សា​វគ្គ​បំប៉ន​របស់​ស​ហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​រៀងរាល់ថ្ងៃ​សៅរ៍ និង​អាទិត្យ​។ យុវតី សុ​ភ័​ក្រ​បញ្ញា​ពេជ្រ បានលើកឡើង​ពី​ផលចំណេញ​នៃ​វគ្គ​បំប៉ន​យ៉ាង​ដូច្នេះ​៖ «​ខ្ញុំ​គិតថា វគ្គ​បំប៉ន បានផ្ដល់​ចំណេះដឹង​បន្ថែម​មកលើ​រូបខ្ញុំ អាច​ឲ្យ​ខ្ញុំ​ដឹង​ពី​សមត្ថភាព និង​មាន​ជំនឿ​ចិត្ត​ខ្លួនឯង ជាពិសេស កាត់បន្ថយ​ការចំណាយ​ក្នុង​គ្រួសារ​។  ហើយ​លោកគ្រូ​អ្នកគ្រូ បានផ្ដល់​ព័ត៌មាន​ពី​វិធីសាស្ត្រ​ក្នុងពេល​ប្រឡង​ផងដែរ​»​។ សិស្ស​ថ្នាក់​ទី​១២ ដែល​ប្រឡង​នៅ​ថ្ងៃទី ១៩ សីហា​រូបនេះ រំពឹងថា នឹង​ទទួលបាន​លទ្ធផល​ល្អ​ក្នុងពេល​ប្រឡង​។ 
  

យុវតី ស៊ន សុភ័ក្រ​បញ្ញាពេជ្រ សិស្ស​ថ្នាក់ទី ១២ នៃវិទ្យាល័យ​កំពង់ស្ពឺ​

ជា​គ្រូបង្រៀន​អក្សរសាស្ត្រ​ខ្មែរ នៃ​វិទ្យាល័យ​កំពង់ស្ពឺ អ្នកគ្រូ សែម ដា​រ៉ា បាន​ចូលរួម​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​បង្ហាត់បង្រៀន​បំប៉ន​ដល់​សិស្សានុសិស្ស​ចាប់តាំងពី​ឆ្នាំ​២០១៦​មក​។ គ្រូបង្រៀន​អក្សរសាស្ត្រ​រូបនេះ បានបញ្ជាក់​ពី​ការជំរុញ​ទឹកចិត្ត​នៃ​ការបង្រៀន​បំប៉ន​ថា​៖ « មាន​កត្តា​៣​ធំៗ កត្តា​ស​.​ស​.​យ​.​ក កត្តា​ខ្លួន​ខ្ញុំ និង​កត្តា​សិស្ស​។ ខ្ញុំ​ចង់ឃើញ​សិស្ស​មានចំណេះដឹង ហើយ​សិស្ស​ដែល​ខ្វះ​លទ្ធភាព អាចមាន​ចំណេះដឹង​ដូច​សិស្ស​ដទៃ​ដែរ​»​។ 
 
​ទោះបី​រវល់​បង្រៀន​សិស្ស​ពេញ​មួយ​សប្ដាហ៍​ក៏ដោយ ក៏​អ្នកគ្រូ សែម ដា​រ៉ា ឆ្លៀតពេល​មក​បង្រៀន​បំប៉ន​ដល់​សិស្ស​ថ្នាក់​ទី​១២ ឲ្យ​មានចំណេះដឹង​បន្ថែម និង​មាន​ភាពជឿជាក់​ក្នុងពេល​ប្រឡង​ផងដែរ​។ គ្រូបង្រៀន​ដែលមាន​បទពិសោធ​ន៍ប​ង្រៀ​ន​រយៈពេល ២៣​ឆ្នាំ​រូបនេះ អះអាងថា​វគ្គ​បំប៉ន​នេះ​មាន​រយៈពេល​ខ្លី​តែមាន​សារៈសំខាន់​សម្រាប់​សិស្ស​ថ្នាក់​ទី​១២ និង​ធ្វើ​ឲ្យ​សម្ទុះ​នៃ​ប្រឡង​ជាប់​មានការ​កើនឡើង​។ 
 

​អ្នក​គ្រូ សែម ដារ៉ា គ្រូ​បង្រៀន​អក្សរសាស្រ្ត​ខ្មែរ​នៃ​វិទ្យាល័យ​កំពង់ស្ពឺ

គ្គ​បំប៉ន​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នេះ បានផ្ដល់​លទ្ធផល​ល្អ ដល់​សិស្សានុសិស្ស​។ យុវជន ឃុ​ត វិថី អតីត​សិស្ស​និទ្ទេស​B នៃ​វិទ្យាល័យ​កំពង់ស្ពឺ ដែល​ចូលរួម​វគ្គ​បំប៉ន​រៀបចំ​ដោយ ស​.​ស​.​យ​.​ក ប បាន​រៀបរាប់​ពី​ផលចំណេញ​នៃ​វគ្គ​បំប៉ន​នេះ​ថា​៖ «​សម្រាប់​ខ្ញុំ គឺ​ចំណេញ​ច្រើន​មែនទែន ទាក់ទង​នឹង​ការបង្កើន​សមត្ថភាព​ខ្លួនឯង ដោយ​ឈរលើ​គោលជំហរ​ផ្ទាល់ខ្លួន​។ ខ្ញុំ​អាចអនុវត្ត និង​ការ​ទន្ទេញមេរៀន  ហើយ​អ្នកគ្រូ​លោកគ្រូ​បាន​ប្រាប់​វិធីសាស្ត្រ និង​ចំណុច​ខ្វះខាត​»​។ ទាំង​យុវជន ឃុ​ត វិថី និង​យុវតី ស៊ន សុ​ភ័​ក្រ​បញ្ញា​ពេជ្រ សុទ្ធតែ​បង្ហាញ​ពី​លទ្ធផល​នៃ​វគ្គ​បំប៉ន រួមទាំង​អរគុណ​សស​យក ដែល​រៀបចំ​វគ្គ​បំប៉ន​។ ​ក្នុងនាម​អ្នករៀបចំ​វគ្គ​បំប៉ន លោក ហ៊ុន ម៉ា​នី បាន​ផ្ដាំផ្ញើ និង​ជូនពរ​ដល់​សិស្សានុសិស្ស​ថ្នាក់​ទី​១២ ឲ្យ​ជោគជ័យ និង​ថែរក្សា​សុខភាព​ឲ្យ​បានល្អ​៕
 


Tag:
 វគ្គ​បំប៉ន​
  បាក់​ឌុប​
  សស​យក​
© រក្សាសិទ្ធិដោយ thmeythmey.com