ជប៉ុន នាំចេញ​សារធាតុ​គីមី​សំខាន់ៗ​ទៅ​កូរ៉េខាងត្បូង​ជា​លើកដំបូង ក្រោយ​ប្រកាស​រឹតបន្តឹង
អន្តរជាតិ
ជប៉ុន នាំចេញ​សារធាតុ​គីមី​សំខាន់ៗ​ទៅ​កូរ៉េខាងត្បូង​ជា​លើកដំបូង ក្រោយ​ប្រកាស​រឹតបន្តឹង
08, Aug 2019 , 7:19 pm        
រូបភាព
រដ្ឋមន្រ្តីសេដ្ឋកិច្ច ឧស្សាហកម្ម និងពាណិជ្ជកម្មជប៉ុន Hiroshige Seko ។ រូបភាព AFP
រដ្ឋមន្រ្តីសេដ្ឋកិច្ច ឧស្សាហកម្ម និងពាណិជ្ជកម្មជប៉ុន Hiroshige Seko ។ រូបភាព AFP
​ទីក្រុង​តូ​ក្យូ នៅ​ថ្ងៃទី​៨ ខែសីហា បាន​បើកភ្លើង​បៃតង​ដល់​ការនាំចេញ​ផលិត​សំខាន់ៗ​មួយចំនួន​ទៅកាន់​កូរ៉េខាងត្បូង​ជា​លើកដំបូង​ចាប់តាំងពី​ការប្រកាស​រឹតត្បិត​នីតិវិធី​នាំចេញ​រួចមក​។ បញ្ញត្តិ​សម្រាប់​ការត្រួតពិនិត្យ​ដំណើរការ​ថ្មី​នេះ ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ជប៉ុន និង​កូរ៉េខាងត្បូង​ធ្លាក់ចុះ​យ៉ាងខ្លាំង ព្រោះ​កូរ៉េខាងត្បូង​លែង​អាច​នាំចូល​សារធាតុ​គីមី​សំខាន់ៗ​បាន​លឿន​ដូច​មុន​ទៀត​។ មកទល់ពេលនេះ ជម្លោះ​ពាណិជ្ជ​កម្មនេះ ក៏​មិនទាន់​ស្រាកស្រាន្ត​ដែរ​។​



​ស្រប​ពេលដែល​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាងត្បូង​កំពុង​ក្ដៅគគុក ជប៉ុន បានប្រកាស​ពី​ការ​អនុ​ញ​ញ្ញាត​ឲ្យ​នាំចេញ​សា​ធាតុគីមី​សំខាន់ៗ​ដែល​ស្ថិត​បញ្ជី​រឹតត្បិត​ទៅកាន់​កូរ៉េខាងត្បូង​។ នេះ​ជា​លើកដំបូង​គិត​ចាប់ពី​ថ្ងៃទី​៤ ខែកក្កដា ពេលដែល​ក្រុង​តូ​ក្យូ​ប្រកាស​រឹតត្បិត​នីតិវិធី​នាំចេញ​សារធាតុ​គីមី​ចំនួន​បី​មុខ មាន Extreme ultraviolet (EUV),  Fluorinated polyimides និង Hydrogen fluoride ដែល​ចាំបាច់​ក្នុង​ផលិតកម្ម​បន្ទះ​ឈី​ប និង​អេក្រង់​ទូរ​សព្ទ​ជាដើម​។

​រដ្ឋមន្ត្រី​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជប៉ុន Hiroshige Seko ជា​អ្នក​ប្រកាស​ព័ត៌មាន​នេះ​នៅ​ថ្ងៃទី​៨ ខែសីហា ពោល​ជាង​មួយខែ​ក្រោយ​ការអនុវត្ត​នីតិវិធី​ថ្មី​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Seko អះអាងថា ការប្រកាស​ព័ត៌មាន​នេះ​ជា​សាធារណៈ ជា​រឿង​មិនដែល​មាន​ឡើយ ខណៈ​ជប៉ុន​មិនដែល​ប្រកាស​ការអនុញ្ញាត​ឲ្យ​នាំចេញ​បែបនេះ​ទេ ប៉ុន្តែ​សម្រាប់​សារធាតុ​គីមី​នេះ ជា​ករណី​លើកលែង ដើម្បី​ឆ្លើយតប​នឹង​ការចោទប្រកាន់​របស់​សេ​អ៊ូ​ល​ដែលថា តូ​ក្យូ​ចង់​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ខ្លួន​នោះ​។​

​រដ្ឋមន្ត្រី​ជប៉ុន​ដដែល​បន្តថា ការអនុញ្ញាត​នេះ ធ្វើឡើង​ក្រោយ​ការត្រួតពិនិត្យ​ល្អិតល្អន់​។ យ៉ាងណាមិញ លោក Seko ក៏​ឆ្លៀត​ព្រមាន​ដែរ​ថា ជប៉ុន​នឹង​ពង្រីក​ការ​រឹតបន្តឹង​របស់ខ្លួន​លើ​ផលិតផល​នាំចេញ​ដទៃទៀត​ក្រៅពី​សារធាតុ​គីមី​ទាំងបី​មុខ បើ​រកឃើញថា កូរ៉េខាងត្បូង ប្រើប្រាស់​ផលិតផល​នាំចូល​ពី​ជប៉ុន មិន​ត្រឹមត្រូវ​។

​តាមពិតទៅ វិធានការ​របស់​ក្រុង​តូ​ក្យូ​ថ្ងៃទី​៤ ខែកក្កដា មិនមែនជា​ការរារាំង​ការនាំចេញ​អ្វី​ទេ តែ​ជាការ​រឹតបន្តឹង​នីតិវិធី​ផ្ដល់​ការអនុញ្ញាត​។ ជាមួយ​នីតិវិធី​ថ្មី​នេះ ការទទួលបាន​ភ្លើង​បៃតង​នាំចេញ​អាច​ចំណាយពេល​ដល់​ទៅ​៩០​ថ្ងៃ​ឯណោះ ដែល​ការណ៍​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្វាក់​ផលិតកម្ម​នៅ​កូរ៉េខាងត្បូង ដែល​ពឹងផ្អែក​ខ្លាំង​លើ​លើ​ប្រភពធនធាន​របស់​ជប៉ុន​។ ប៉ុន្តែ​ក្រុង​សេ​អ៊ូ​ល​ក៏​ច្រឡោ​តតូង​នឹង​ចំណាត់ការ​របស់​តូ​ក្យូ​តែម្ដងទៅ​។

​ពី​សេ​អ៊ូ​ល​ឯណោះ​វិញ នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង លី ណាក់​-​យុន (Lee Nak-yon) ប្រកាសថា ជប៉ុន​បានផ្ដល់​ភ្លើង​បៃតង​លើ​ការនាំចេញ​សារធាតុ EUV ។ ប៉ុន្តែ​លោក​បាន​ហៅ​ការ​រឹតត្បិត​ការនាំចេញ​របស់​ជប៉ុន ជា​រឿង​មិន​សម​ហេតុផល​ដដែល​។ នា​ជំនួប​ជាមួយ​មន្ត្រី​ទទួលបន្ទុក​កិច្ចការរដ្ឋ លោក លី ក៏​បញ្ជាក់​ជាថ្មី​ពី​ជំហរ​របស់​សេ​អ៊ូ​ល​ក្នុងការ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជ​កម្មនេះ​តាមផ្លូវ​ការទូត​ដដែល​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ៕

Tag:
 ​ជប៉ុន​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com