កីឡាជាតិ
ជាតិ
ទោះចាញ់អូស្ត្រាលី ៥-១ ក្នុងការប្រកួត តែទម្រង់លេងរបស់ U18 កម្ពុជា ទទួលបានការកោតសរសើរ កីឡាករ សៀង ចន្ធា (អាវស)រកបាន១គ្រាប់នាជំនួបកម្ពុជាចាញ់អូស្ត្រាលី ៥-១, រូបភាពពី FFC
× ខ្សែប្រយុទ្ធឆ្នើម សៀង ចន្ធា សម្រេចបាន១គ្រាប់ឲ្យក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជា នាជំនួបបើកឆាកពូល B នៃពានរង្វាន់ AFF U18 Championship 2019 ដែលកម្ពុជាចាញ់ U18 អូស្ត្រាលី ៥-១ នៅរសៀលថ្ងៃទី៧ សីហា ឆ្នាំ២០១៩។ ចំណែកម្ចាស់ផ្ទះវៀតណាមបានយកឈ្នះម៉ាឡេស៊ី ១-០ ក្រោយថៃ បញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយសិង្ហបុរី។
សម្រាប់ការប្រកួតនៅកីឡដ្ឋាន Thong Nhat Stadium គ្រាប់បាល់ទី១បានកើតឡើងត្រឹម៣នាទីដំបូងនៃវគ្គទី១ បន្ទាប់ពីខ្សែបម្រើ Kai Clifton Trewin សម្រេចគ្រាប់បាល់នាំមុខ ១-០ ឲ្យក្រុម U18 អូស្ត្រាលីលើក្រុម U18 កម្ពុជា។ ការប្រកួតដំណើរការមិនបានប៉ុន្មាននាទីផង ខ្សែប្រយុទ្ធ Dylan Enrique RuizDiaz បានបន្ថែម១គ្រាប់ទៀត មុនខ្សែប្រយុទ្ធ Harry Pola Mccarthy សម្រេចគ្រាប់ទី៣នៅនាទីទី១៩។
មុនរក្សាលទ្ធផល ៣-០ រហូតចប់តង់ទី១សមាជិកពីររូបរបស់ក្រុមអូស្ត្រាលីរួមមានខ្សែប្រយុទ្ធ Harry Pola Mccarthy និងខ្សែបម្រើ Jake John Hollman ត្រូវបានអាជ្ញាកណ្តាលពិន័យកាតលឿន បន្ទាបពីបានបង្កកំហុសលើកីឡាករកម្ពុជា។
នៅដើមតង់ទី២ទម្រង់លេងរបស់កីឡាករកម្ពុជាមានភាពល្អប្រសើរជាងតង់ទី១ តាមរយៈការបង្កើតឱកាសជាច្រើនលើកនៅមុខទីគូប្រកួត។ ប៉ុន្តែនៅនាទីទី៦៥កម្ពុជាបានរបូត១គ្រាប់ទៀត ដែលសម្រេចបានដោយកីឡាករ Lleyton Andrew Tanabe Brooks។ ៩នាទីក្រោយមកខ្សែប្រយុទ្ធវ័យក្មេងរបស់កម្ពុជា សៀង ចន្ធា បានសម្រេចគ្រាប់បាល់តាមពីក្រោយ ៤-១ សម្រាប់កម្ពុជា មុនកីឡាករ សឿត ណាវ៉ា រងការពិន័យកាតលឿងនៅនាទីទី៧៧។
នៅចុងតង់ទី២(៩០+៣)ខ្សែបម្រើ Lleyton Andrew Tanabe Brooks បានសម្រេចគ្រាប់ទី២របស់ខ្លួន ដើម្បីនាំជ័យជម្នះ ៥-១ ឲ្យក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៨ឆ្នាំអូស្ត្រាលី។ ជ័យជម្នះនេះជួយអូស្ត្រាលីឈរកំពូលតារាងបណ្តោះអាសន្នក្នុងពូល B។
ទោះបីជារងបរាជ័យសម្រាប់ការប្រកួតបើកឆាកក៏ដោយ ប៉ុន្តែនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មិនមានការរិះគន់ច្រើនដូចកាលកន្លងមកនោះឡើយ។ អ្នកគាំទ្រ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញការយល់ឃើញរបស់ខ្លួន ដោយអ្នកខ្លះលើកឡើងពីភាពរីកចម្រើនរបស់ក្រុម ជាពិសេសនៅតង់ទីពីរ។
សម្រាប់ជំនួបបន្ទាប់ក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជាត្រូវតតាំងជាមួយ U18 ថៃ វេលាម៉ោង៣:៣០នាទីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅកីឡដ្ឋាន Thong Nhat Stadium៕
Tag:
បាល់ទាត់
AFF U18 Championship
សៀង ចន្ធា
© រក្សាសិទ្ធិដោយ thmeythmey.com