អន្តរជាតិ
ចិន​ថា មុន​ឲ្យ​ប្រទេសមួយ​ខ្ចីលុយ ខ្លួន​គិតពី​សមត្ថភាព​សង​រប​ស់​ប្រទេស​នោះ​រួចហើយ​
08, Aug 2019 , 8:59 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying ។ រូបភាពពីវេបសាយក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying ។ រូបភាពពីវេបសាយក្រសួងការបរទេសចិន
​នៅ​ថ្ងៃទី​៧ ខែសីហា ទីក្រុង​ប៉េកាំង បាន​និយាយ​ការពារ​ការផ្ដល់​ប្រាក់កម្ចី​របស់ខ្លួន​ទៅ​ឲ្យ​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក​។ តាមរយៈ​អ្នកនាំពាក្យ​ក្រសួងការបរទេស ប៉េកាំង​អះអាងថា ខ្លួន​គិតគូរ​គ្រប់​ជ្រុងជ្រោយ​អស់ហើយ មុននឹង​សម្រេចចិត្ត​ផ្ដល់​កម្ចី​។ ការបកស្រាយ​នេះ ធ្វើឡើង​ស្របពេល​ដែលមាន​ការព្រួយបារម្ភ​ពី​ប្រទេស​មួយចំនួន​ជុំវិញ​ការផ្ដល់​កម្ចី​ច្រើនពេក​ពី​សំណាក់​ចិន​រហូត​ធ្វើ​ឲ្យ​ប្រទេស​ខ្លះ​គ្មាន​សមត្ថភាព​សង ហើយ​ឈានដល់​ការចូល​គ្រប់គ្រង ឬ​កាត់កង​ទ្រព្យសម្បត្តិ​រដ្ឋ​ដើម្បី​ដោះបំណុល​។​



​កម្ចី​របស់​ចិន ត្រូវបាន​លោកខាងលិច​មួយចំនួន​ចាត់ទុកជា​អន្ទាក់​បំណុល​ដើម្បី​ពង្រីក​ឥទ្ធិពល​លើ​បណ្ដា​ប្រទេស​ក្រីក្រ​។ ការផ្ដល់​កម្ចី​ច្រើនៗ​ដោយ​មិន​គិតពី​សមត្ថភាព​សង​វិញ និង​ប្រសិទ្ធភាព​របស់​កម្ចី ធ្វើ​ឲ្យ​ប្រទេស​ទទួល​លុយ​ចិន កាន់តែ​វណ្ឌ​ក​ខ្លាំង ព្រោះ​គ្មាន​លុយ​ដោះបំណុល ហើយ​ចុងក្រោយ​ត្រូវ​ឲ្យ​ចិន​គ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់ខ្លួន​ដូចជា​កំពង់ផែ ដែលមាន​ករណី​ស្រីលង្កា​ជា​ឧទាហរណ៍​។ យ៉ាងណាមិញ ចិន​បាន​ចេញមុខ​បកស្រាយ​ម្ដងទៀត​។​

​ចិន​ប្រកាន់ខ្ជាប់​គោលការណ៍​ស្មើភាព ឈ្នះ​-​ឈ្នះ បើកចំហ និង​ចីរភាព​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​៧ ខែសីហា តប​ទៅនឹង​សំណួរ​ពាក់ព័ន្ធ​ចំណាត់ការ​របស់​ប៉េកាំង​ក្នុងករណី​ប្រទេស​ដែល​ខ្ចីលុយ​ពី​ចិន តែ​គ្មាន​លទ្ធភាព​សង​វិញ​។ ក្នុង​សន្និសីទ​នេះ អ្នកសារព័ត៌មាន​បាន​សួរ​អ្នកស្រី Hua ចំៗ​ពី​ករណី​នៅ​ប្រទេស​តំបន់​ប៉ាស៊ីហ្វិក​ជាទី​ដែល​អត្រា​ប្រាក់កម្ចី​របស​ចិន​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។​

​ចំពោះ​ប្រទេស​កោះ​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក អ្នកនាំពាក្យ​រូបនេះ​បន្ត​ឆ្លើយថា ចិន​ព្យាយាម​ធ្វើ​ឲ្យ​ល្អ​បំផុត​ក្នុងការ​ផ្ដល់ជំនួយ​ដ៏​ស្មោះត្រង់ ហើយ​មិន​ភ្ជាប់​លក្ខខណ្ឌ​នយោបាយ​អ្វី​ឡើយ​។ ឯ​ពាក្យ​ថា កម្ចី​ចិន​មិនសូវមាន​ប្រសិទ្ធភាព​នោះ អ្នកស្រី Hua អះអាងថា លុយ​របស់​ចិន​បាន​ជួយ​ជំរុញ​ការអភិវឌ្ឍ​ជាតិ​របស់​ប្រទេស​ទាំងនោះ ហើយ​លើកកម្ពស់​ជីវភាព​ប្រជាជន​បាន​ច្រើន​ផងដែរ​។ លើសពីនោះ កម្ចី​របស់​ចិន គឺ​អាស្រ័យ​លើ​គោលការណ៍​គោរព​គ្នា​ឆន្ទៈ​ប្រទេស​អ្នកទទួល​ពេញលេញ​។​

«​មុន​យល់ព្រម​ផ្ដល់​លុយ ចិន​បាន​វាយតម្លៃ​សេដ្ឋកិច្ច និង​បច្ចេកទេស​យ៉ាង​មត់​ចត់ ហើយ​បាន​គិតគូរ​ច្បាស់លាស់​ពី​ចីរភាព​បំណុល​របស់​ប្រទេស​ត្រូវ​ទទួល និង​សមត្ថភាព​សលុយ​វិញ​ផងដែរ​។​» អ្នកស្រី Hua បញ្ជាក់​ដូចនេះ បន្ទាប់ពី​បាន​និយាយថា លុយ​របស់​ចិន ត្រូវបាន​ប្រើប្រាស់​ក្នុង​វិស័យ​ដែល​ចាំបាច់​នានា​។ ត្រង់ចំណុច​នេះ មន្ត្រី​ក្រសួងការបរទេស​ចិន​ខាងលើ ទំនង​ចង់​បានន័យថា ចិន​មិនមែន​ចេះតែ​ឲ្យ​ខ្ចី​ប៉ាតណាប៉ាតណី​ឡើយ​។​

​នេះ​ជា​មិនជា​លើកទីមួយ​ឡើយ​ដែល​ចិន​បកស្រាយ​រឿង​កម្ចី​របស់ខ្លួន ដែល​ត្រូវបាន​ប្រទេស​លោកខាងលិច​ខ្លះ​មើល​ក្នុង​ផ្លូវ​អវិជ្ជមាន​នោះ​។ ការលេចចេញ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​វិថី​ក្នុង​ឆ្នាំ​២០១៣ រឹតតែ​ធ្វើ​ឲ្យ​ចិន​រង​ពាក្យ​ផ្លែផ្កា​មិនចេះ​ឈប់​ថែមទៀត ព្រោះ​ចិន​បាន​បញ្ចេញ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ក្រោមរូបភាព​ជា​កម្ចី និង​ជំនួយ​ផង​សម្រាប់​ឲ្យ​ប្រទេស​នានា​ខ្ចី​យកទៅ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ស្ពាន​ក្នុងស្រុក​របស់ខ្លួន​៕

Tag:
 ​ចិន​
  កម្ចី​
© រក្សាសិទ្ធិដោយ thmeythmey.com