កីឡាជាតិ
ជាតិ
លោក អេ ភូ​ថង ច្រានចោល​ការចោទប្រកាន់​ថា​បាន​កិបកេង​ថវិកា​៥​ម៉ឺន​ដុល្លារ​ពី​កីឡាករ អេ រដ្ឋា​
08, Aug 2019 , 5:56 pm        
រូបភាព
លោក អេ ភូថង (ស្តាំ)និងភរិយាពេលផ្សាយផ្ទាល់ក្នុងទំព័រហ្វេសប៊ុករបស់លោក សាន្ត ប៊ុនធឿន
លោក អេ ភូថង (ស្តាំ)និងភរិយាពេលផ្សាយផ្ទាល់ក្នុងទំព័រហ្វេសប៊ុករបស់លោក សាន្ត ប៊ុនធឿន
ដោយ:
​លោក អេ ភូ​ថង និង​ភរិយា​បាន​ចេញមុខ​ច្រាល​ចោល​ព័ត៌មាន​ដែល​ចោទថា លោក​និង​ភរិយា​បាន​កិបកេង​ថវិកា​ចំនួន​៥​ម៉ឺន​ដុល្លារ​ដែលជា​សំណង​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ឲ្យ​សិស្ស​របស់ខ្លួន គឺ​កីឡាករ អេ រដ្ឋា រងរបួស​ធ្ងន់​។ ការច្រានចោល​ការចោទប្រកាន់ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​កីឡាករ អេ រដ្ឋា បាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក ដោយ​ចោទប្រកាន់ថា លោក​អេ ភូ​ថង និង​ភរិយា​បាន​កិបកេង​ថវិកា​របស់គេ​។​



​បញ្ហា​ប្រាក់​សំណង​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឲ្យ​កីឡាករ អេ រដ្ឋា រងរបួស​ជើង​និង​តំរងនោម កំពុង​ក្លាយជា​រឿង​ក្តៅ ដែល​ធ្វើ​ឲ្យ​មានការ​ដេញដោល​ក្នុង​ពិភព​គុន​ខ្មែរ​។ ការឆ្លង​ឆ្លើយ​គ្នា​រវាង​គ្រូ និង​សិស្ស​គុន​ទាំងពីរ​នេះ បាន​កើតឡើង​នៅក្រោយ​ពេលដែល លោក អេ រដ្ឋា បាន​ទូរ​សព្ទ​សួរនាំ​អំពី​ថវិកា​ចំនួន​៥​ម៉ឺន​ដុល្លារ​ពី​គ្រូ​របស់ខ្លួន ដែល​ឆ្លើយតប​ថា «​មិនបាន​ដឹង​»​អំពី​រឿងនេះ​។

​លោក អេ រដ្ឋា ដែល​ទំនងជា​បានទទួល​ដំណឹង​ថា មានការ​បង់ប្រាក់​សង​ពី​ភាគី​ម្ខាង​ទៀត​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ ទៅ​លោក អេ ភូ​ថង ដែលជា​គ្រូ ទើប​សួររក​ថវិកា​នោះ​ពី​លោកគ្រូ​របស់ខ្លួន​។ ក្រោយពី​ទទួល​ចម្លើយ​អវិជ្ជមាន លោក អេ រដ្ឋា ក៏បាន​ផ្សាយដំណឹង​នេះ​តាម​ហ្វេ​ស​ប៊ុ​ក ដោយ​ចោទប្រកាន់​លោក អេ ភូ​ថង និង​ភរិយា ថា​បាន​កិបកេង​ថវិកា ដែល​លោក អេ រដ្ឋា ទទួលដំណឹង​ថា​មាន​ចំនួន​៥​ម៉ឺន​ដុល្លារ ដែល​ត្រូវបាន​បង់​ឲ្យ​ខ្លួន​ជា​ជនរងគ្រោះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នោះ​។​

​មួយថ្ងៃ​បន្ទាប់​ក្រោយ​មានការ​ចោទប្រកាន់ លោក អេ ភូ​ថង និង​ភរិយា​បាន​ចេញមុខ​ច្រានចោល និង​បកស្រាយ​តាមរយៈ​បទ​សម្ភាស​មួយ​ជាមួយ​អ្នកសារព័ត៌មាន សាន ប៊ុនធឿន ថា គ្រួសារ​លោក​មិនបាន​កិបកេង​ថវិកា​របស់​កីឡាករ អេ រដ្ឋា ដែល​ត្រូវជា​កូនសិស្ស​ខ្លួន​នោះទេ​។ ម្ចាស់​ក្លិប​អេ​ភូ​ថង​កីឡា​រូបនេះ អះអាងថា​៖«​ខ្ញុំ​មិនបាន​ទទួល​ប្រាក់​សំណង​ពី​ម្ចាស់​រថយន្ត ដែល​កីឡាករ អេ រដ្ឋា ចោទថា​បាន​បុក​រូបគេ​កាល​អំឡុង​ខែធ្នូ ឆ្នាំ​២០១៨ នៅ​ម្តុំ​វត្ត​និរោធ​ក្នុង​ខណ្ឌ​ច្បារអំពៅ​នោះឡើយ​»​។

​លោក អេ ភូ​ថង បាន​បន្តថា ពេល​កីឡាករ អេ រដ្ឋា រងរបួស​លោក​និង​ភរិយា​កំពុង​ស្ថិតនៅ​ប្រទេស​ថៃ ហើយ​រាល់​ការប្តឹង​ពាក់ព័ន្ធ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គ្រួសារ​លោក​ពុំមែន​ជា​អ្នកប្តឹង​នោះទេ គឺ​ក្រុមគ្រួសារ​ជនរងគ្រោះ​ជា​អ្នកប្តឹង​ខ្លួនឯង​។ ដូច្នេះ​លោក អេ ភូ​ថង បញ្ជាក់ថា រាល់​ការដោះស្រាយ​ផ្លូវច្បាប់​មិន​ពាក់ព័ន្ធ​នឹង​រូបលោក​ឡើយ​។

​លើសពីនេះ​ទៀត បើតាម​ការអះអាង​រប​ស់លោក អេ ភូ​ថង នៅក្នុង​បទ​សម្ភាស​ជាមួយ​លោក សាន ប៊ុនធឿន ដដែល នៅពេលដែល​លោក អេ រដ្ឋា ទូរ​សព្ទ​ទៅរក​ដើម្បី​សួររក​ថវិកា​នោះ លោក​ក៏បាន​ស្នើ​ឲ្យ​សិស្ស​របស់លោក​ពិចារណា​លើ​ពាក្យបណ្តឹង​ផងដែរ​។ នៅក្នុង​បទ​សម្ភាស​នោះ លោក អេ ភូ​ថង នៅ​បន្ត​ចោទ​ជា​សំណួរ​ថា តើ​សិស្ស​របស់លោក​ជា​ជនរងគ្រោះ​ដោយសារ​រថយន្តបុក ឬ​លោក រដ្ឋា ជា​អ្នកជិះ​ម៉ូតូ​របស់ខ្លួន​ទៅបុក​រថយន្ត​គេ​មុន​?

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បានកើត​ឡើង​កាលពី​យប់​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ នៅមុខ​វត្ត​និរោធ ម្តុំ​បុរី​លុច​សារី ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​កីឡាករ រដ្ឋា រងរបួស​បែក​តំរងនោម ដាច់​ពោះវៀន និង​សរសៃ​ជើង​ខាងស្តាំ​៕    

Tag:
 ​ប្រដាល់​គុន​ខ្មែរ​
  អេ ភូ​ថង​
  អេ រដ្ឋា​
© រក្សាសិទ្ធិដោយ thmeythmey.com