អន្តរជាតិ
ចិន​ព្រមាន​ដាក់ទណ្ឌកម្ម​ឥណ្ឌា បើ​ហ៊ាន​បង្អាក់​ដំណើរការ 5G ក្រុមហ៊ុន Huawei
08, Aug 2019 , 10:19 pm        
រូបភាព
​ខែកក្កដា​កន្លងទៅ ឯកអគ្គរដ្ឋទូត​ឥណ្ឌា​នៅ​ទីក្រុង​ប៉េកាំង ត្រូវបាន​កោះហៅ​ទៅកាន់​ក្រសួងការបរទេស​ចិន​ដើម្បី​ស្តាប់​ពី​ការព្រួយបារម្ភ​របស់​ចិន​អំពី​យុទ្ធនា​ការប្រឆាំង​ក្រុមហ៊ុន Huawei ពាក់ព័ន្ធ​ការដាក់​ឲ្យ​ដំណើរការ​បច្ចេកវិទ្យា 5G ។ ចិន​បាន​ព្រមាន​ពី​ឥទ្ធិពល​អាក្រក់ បើ​ក្រុង​ញូ​វ​ដេលី​ធ្វើតាម​ក្រុង​វ៉ាស៊ីនតោន​នោះ​។



​កាសែត South China Morning Post ស្រង់​ប្រភព​មិន​បង្ហាញ​អត្តសញ្ញាណ​ថា ចិន​ស្នើ​ឥណ្ឌា​មិន​ឲ្យ​រារាំង​ក្រុមហ៊ុន Huawei ធ្វើ​ជំនួញ​នៅក្នុង​ប្រទេស​ឥណ្ឌា​តាម​សម្ពាធ​អាមេរិក ។​
​ប៉េកាំង​ព្រមាន​ចំៗ​ថា ផលវិបាក​អាច​នឹង​កើតមានឡើង​សម្រាប់​ក្រុមហ៊ុន​ឥណ្ឌា​ដែល​កំពុង​ប្រតិបត្តិការ​នៅក្នុង​ចិន​ដែរ ហើយ​ខ្លួន​សង្ឃឹមថា​ឥណ្ឌា​នឹង​សម្រេចចិត្ត​ដោយ​ឯករាជ្យ​អំពី​ការអនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​ប្រព័ន្ធ 5G នៅ​ឥណ្ឌា​។​

​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ឥណ្ឌា លោក Ravi Shankar Prasad និយាយថា ឥណ្ឌា​គ្រោង​នឹង​សាកល្បង​ដំឡើង​បណ្តាញ 5G ជំនាន់​ថ្មី​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ ប៉ុន្តែ​មិនទាន់​ប្រាកដ​នៅឡើយ​ទេ​ថា ខ្លួន​នឹង​អញ្ជើញ​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន​ចូលរួម​ឬ​អត់​ទេ​។​

​ក្រុមហ៊ុន Huawei ដែលជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំជាងគេ​រលើ​ពិភពលោក កំពុងស្ថិត​នៅក្នុង​សង្គ្រាម​ភូមិសាស្ត្រ​នយោបាយ​រវាង​ចិន និង អាមេរិក​។ រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ បានដាក់​ក្រុមហ៊ុន​នេះ​នៅក្នុង​បញ្ជីខ្មៅ​របស់ខ្លួន​កាលពី​ខែឧសភា ដោយសារ​មាន​កង្វល់​សន្តិសុខ​ជាតិ​។ អាមេរិក​ក៏បាន​ស្នើ​ដល់​សម្ព័ន្ធមិត្ត​របស់ខ្លួន​ទៀត​កុំ​ឲ្យ​ប្រើ​ឧបករណ៍ Huawei ដែល​សហរដ្ឋអាមេរិក និយាយថា ចិន​ធ្វើ​ចារកម្ម​ដោយ​ប្រើ​ឧបករណ៍​នេះ​។​

​ទាក់ទង​ប​ញ្ហ​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Hua Chungying លើកឡើងថា  Huawei បានធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ឥណ្ឌា​អស់​រយៈពេល​ជា​យូរ​មកហើយ និង​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គម​ឥណ្ឌា​និង​សេដ្ឋកិច្ច​ផងដែរ​។​

​លោកស្រី​បន្ថែមថា ឥណ្ឌា​ចាំបាច់​ត្រូវ​ធានា​បរិយាកាស​ពាណិជ្ជកម្ម​ត្រឹមត្រូវ​យុត្តិធម៌ និង​មិន​រើសអើង​ការវិនិយោគ​និង​ប្រតិបត្តិការ​របស់​សហគ្រាស​ចិន​នៅក្នុង​ទឹកដី​ខ្លួន​ដើម្បី​ប្រយោជន៍​ទៅវិញទៅមក​។
​នៅ​ខែតុលា​ខាងមុខនេះ នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី នឹង​ទទួល​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ភីង នៅ​ទីក្រុង Varanasi ។ គេ​រំពឹងថា ប្រទេស​ទាំងពីរ​នឹង​ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម​រួមមាន​ឱនភាព​ពាណិជ្ជកម្ម​ចំនួន ៥៣ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៨-១៩ ដែលជា​ការព្រួយបារម្ភ​របស់​ឥណ្ឌា​។​

​តាមពិតទៅ ក្រុង​ញូ​វ​ដេលី​មិនទាន់មាន​ការជឿជាក់​ទៅលើ​ក្រុមហ៊ុន Huawei នៅឡើយ​។ លោក​រដ្ឋមន្ត្រី Prasad បាន​ប្រាប់​សភា​ឥណ្ឌា​ថា សំណើ​ចំនួន ៦ ត្រូវ​បានទទួល​សម្រាប់​ការសាកល្បង​បច្ចេកវិទ្យា​បច្ចេកវិទ្យា 5G រួមទាំង​ក្រុមហ៊ុន Huawei ផងដែរ​។​

 លោក​មិនបាន​ប្រាប់​ឈ្មោះ​អ្នកផ្សេង​ទេ ប៉ុន្តែ​ក្រុមហ៊ុន​ដូចជា​ក្រុមហ៊ុន Ericsson របស់​ស៊ុយអែត​, Nokia របស់​ហ្វាំ​ង​ឡង់ និង Samsung របស់​កូរ៉េខាងត្បូង សុទ្ធតែ​មានបំណង​ចូលរួម​ក្នុង​ការដាក់​ដំណើរការ 5G នៅ​ឥណ្ឌា​ដូចគ្នា ៕

Tag:
 ​ចិន​
  ឥណ្ឌា​
  Huawei
© រក្សាសិទ្ធិដោយ thmeythmey.com