ជាតិ
ជនជាតិដើម​ភាគតិច នៅតែ​បន្ត​ទម្លាប់​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ
09, Aug 2019 , 7:59 am        
រូបភាព
លោក ខឿន បញ្ញា ប្រធានផ្នែករដ្ឋបាលមណ្ធលសុខភាពខេត្តមណ្ធលគិរី
លោក ខឿន បញ្ញា ប្រធានផ្នែករដ្ឋបាលមណ្ធលសុខភាពខេត្តមណ្ធលគិរី
​ជនជាតិដើម​ភាគតិច ក្នុង​ខេត្តមណ្ឌលគិរី មាន​ទម្លាប់​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ តាំងពី​សម្រាល​រហូតដល់​កូន​លេង​បៅ​។ ជនជាតិដើម​ភាគតិច​មួយចំនួន អះអាង​ដូចគ្នា​ថា វា​មិនមែនជា​ការជ្រើសរើស​ទេ គឺជា​ទម្លាប់​ក្នុងការ​ចិញ្ចឹម​កូន​របស់​ជនជាតិដើម​ភាគតិច ដោយ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ និង​ដាំ​ដំណាំ​សម្រាប់​បរិភោគ​។



​អ្នកស្រី សុំ សា​មាន ជនជាតិ​ព្នង​ម្នាក់ រស់នៅ​ភូមិ​ពូ​ត្រុំ ឃុំ​ពូ​ត្រុំ ស្រុក​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី មានកូន​១០​នាក់​។ អ្នកស្រី លើកឡើងថា ពេល​សម្រាលកូន អ្នកស្រី​ទៅ​សម្រាល​នៅ​ពេទ្យ​ឯកជន ហើយ​បំបៅកូន​ដោយ​ទឹកដោះ​។ អ្នកស្រី បញ្ជាក់ថា​៖«​ការ​បំបៅកូន​ដោយ​ទឹកដោះ មិនមែនជា​ការជ្រើសរើស​ទេ ជា​ទម្លាប់​របស់​ជន​ជាដើម ហើយ​ពេល​កូន​ចេះ​ហូប ប្រមាណ​ជាង​៦​ខែ​ឡើង ខ្ញុំ​ធ្វើ​បបរ​ដាក់​ត្រី​សាច់​ឬ​បន្លែ​ដែលមាន​ជុំវិញ​ផ្ទះ​»​។



​ស្រី្ត​ជន​ជា​ព្នង​វ័យ​៤២​ឆ្នាំ​រូបនេះ បន្តថា ក្រៅពី​ដាំ​ស្រូវ អ្នកស្រី បាន​ដាំ​បន្លែ​សម្រាប់​បរិភោគ ដោយ​ពុំ​ចាំបាច់​ចំណាយ​ថវិការ​ច្រើន​លើ​ម្ហូប​ប្រចាំថ្ងៃ ហើយ​សម្រាប់​បបរ​បន្លែ​កូន​ផងដែរ​។ អ្នកស្រី បន្ថែមថា ចំពោះ​ជំងឺ​ខ្វះ​អាហារូបត្ថម្ភ សួត ផ្លូវដង្ហើម និង​រាគ​រុះ មិនមាន​ការកើតឡើង​លើ​កូនៗ​ឡើយ​។ គ្រួសារ​អ្នកស្រី មិនមាន​បញ្ហា​ប្រឈម​ចំពោះ​សុខភាព​នោះ ប៉ុន្តែ​អ្នកស្រី សង្កត់ធ្ងន់ថា កូន​របស់​អ្នកស្រី រៀន​មិនបាន​ច្រើន​និង​រៀន​មិន​ពូកែ​។

​ជន​ជាត់​ព្នង​ម្នាក់ទៀត គឺ​អ្នកស្រី ផ្សិត ព្យ៉ា រស់នៅក្នុង​ភូមិ​ពូ​ត្រុំ អះអាងថា អ្នកស្រី ក៏​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​ដែរ រហូតដល់​អាយុ​ជាង​២​ឆ្នាំ​។ ស្ត្រី​វ័យ​៣៨​ឆ្នាំ​រូបនេះ និយាយថា​៖«​កូន​ទាំង​៥​នាក់​របស់ខ្ញុំ បៅ​តែ​ទឹកដោះ​ម្តាយ និង​បបរ​ដាក់​បន្លែ​ដែល​ដាំ​នៅផ្ទះ​សម្រាប់​ហូប​»​។



​អ្នកស្រី បន្តថា នៅ​ចម្ការ​និង​ក្រោយ​ផ្ទះ អ្នកស្រី បាន​ដាំ​បន្លែ ត្រប់ ល្ពៅ និង​ម្ទេស ជាដើម សម្រាប់​លក់​និង​បរិភោគ​។ អ្នកស្រី លើកឡើង​ដូច្នេះ​ថា​៖«​ជនជាតិដើម​ភាគតិច តាំងពីដើម​បំបៅកូន​តែ​ទឹកដោះ ហើយ​មកដល់​ឥឡូវ​គ្រូពេទ្យ អ្នកចេះដឹង និង​អង្គការ​និយាយថា​ទឹកដោះ​ម្ដាយ​ល្អ ទើប​ជនជាតិដើម​នៅតែ​រក្សា​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​។ ហើយ​ទឹកដោះគោ​មិនដឹងថា​គេ ធ្វើ​យ៉ាងម៉េច ហើយ​ដាក់​អី​ខ្លះ ណាមួយ​ខ្ញុំ​មិន​ទិញ​ឲ្យ​អស់​លុយ​ទេ​»​។

​មេភូមិ​ពូ​ត្រុំ លោក ព្យុំ សា​មិ​ត បាន​ឲ្យ​ដឹងថា ជនជាតិដើម​ភាគតិច​ជិត​៣០០​គ្រួសារ នៅតែ​បន្ត​ទំនៀមទម្លាប់​ពី​ដើម ដែល​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ ជាមួយនឹង​ការដាំ​ដំណាំ​បន្ថែម​នៅក្បែ​ល​ផ្ទះ ដើម្បី​ជា​អាហារូបត្ថម្ភ​និង​សេដ្ឋកិច្ច​គ្រួសារ​។ ក្រៅពីនេះ ក្នុងភូមិ​ពូ​ត្រុំ ភាគច្រើន​ជា​ជនជាតិដើម​ភាគតិច ដែល​យល់ដឹង​អំពី​សុខ​ភាពស្រី្ត​និង​ទារក​ដោយ​សម្រាលកូន​ជាមួយ​ពេទ្យ​ជំនាញ​និង​មណ្ឌល​សុខភាព​។

​លោក ខឿន បញ្ញា ប្រធាន​ផ្នែក​រដ្ឋបាល​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តមណ្ឌលគិរី ថ្លែងថា ស្រី្ត​ក្នុង​ខេត្តមណ្ឌលគិរី​មាន​៥​ភាគរយ​ប៉ុណ្ណោះ ដែល​បំបៅកូន​ដោយ​ម្សៅ​ទឹកដោះគោ​។ រីឯ​ស្រី្ត​ដែល​បំបៅកូន​ដោយ​ទឹក​ម្ដាយ មានការ​យល់ដឹង​ពី​ការ​ផ្សា​ព្វ​ផ្សាយ​របស់​គ្រូពេទ្យ​និង​ជា​ទម្លាប់​ពី​ដើម​របស់​ពលរដ្ឋ​នៅតាម​ខេត្ត ជាពិសេស​ពលរដ្ឋ​ជនជាតិដើម​ភាគតិច​។ ចំពោះ ស្រី្ត​ជនជាតិដើម​ភាគតិច សម្បូរ​បន្លែ​សម្រាប់​បរិភោគ​ប្រចាំថ្ងៃ ដែលជា​ផ្នែក​នៃ​អាហារូបត្ថម្ភ​សម្រាប់​បរិភោគ​ប្រចាំថ្ងៃ​ក្នុង​គ្រួសារ​។

​លោក អុល អ៊ី ប្រធាន​ផ្នែក​ព្យាបាល​ជំងឺ​កុមារ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តមណ្ឌលគិរី មានប្រសាសន៍ថា កុមារ​អាយុ​ក្រោម​៥​ឆ្នាំ ក្នុងចំណោម​កុមារ​១០០​នាក់ មាន​មួយ​ទៅ​ពីរ​នាក់​ប៉ុណ្ណោះ ដែល​ទៅ​មន្ទីរពេទ្យ​ខេត្ត​ក្នុង​មួយខែ មាន​ការខ្វះ​អាហារូបត្ថម្ភ​។ លោក បន្តថា ការខ្វះ​អាហារូបត្ថម្ភ​នេះ បណ្តាលមកពី ការប្រែប្រួល​អាកាសធាតុ ខ្វះ​អនាម័យ និង​ខ្វះ​ចំណីអាហារ​។ លោក បន្ថែមថា កុមារ​ភាគច្រើន​ក្នុង​ខេត្តមណ្ឌលគិរី មាន​ជំងឺ​ផ្លូវ​ដ​ង្កើ​ម​និង​ជំងឺគ្រុនឈាម​៕

Tag:
 ជនជាតិ​ព្នង​
  អាហារូបត្ថម្ភ​
© រក្សាសិទ្ធិដោយ thmeythmey.com