អន្តរជាតិ
​អភិបាលក្រុង​ហ៊ី​រូ​ស៊ី​ម៉ា ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ
09, Aug 2019 , 8:29 am        
រូបភាព
​នៅ​ថ្ងៃ​ប្រារព្ធ​ពិធី​គំរប់​ខួប​នៃ​ការស្លាប់​របស់​ប្រជាជន​ជប៉ុន​លើក​ទី ៧៤ ដោយសារ​អាវុធ​នុយក្លេអ៊ែ​រ នៅ​ថ្ងៃទី​៦ ខែសីហា អភិបាលក្រុង​ហ៊ី​រូ​ស៊ី​ម៉ា បាន​ទទូច​អោយ​រដ្ឋាភិបាល​ជប៉ុន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​។



​តាម​ការចុះផ្សាយ​របស់​ពត៌មាន AFP លោក​អភិបាលក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា Kazumi Matsui បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​ជប៉ុន ដែល​ទទួលរង​នូវ​បទពិសោធ​ពី​ការ​ទំលាក់​គ្រាប់បែក​បរិ​មា​ណូ យល់ព្រម​នូវ​សំណើ​របស់​ជនរងគ្រោះ​ក្នុងការ​ចុះហត្ថលេខា និង​ផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយ​ក្លេ​អ៊េ​រ​។

​បន្ថែម​ពីលើ​នេះ​ទៅទៀត នៅ​កន្លែង​គោរព​វិញ្ញាណ​ខន្ឌ​ប្រជាជន​ជប៉ុន ដែល​ស្លាប់​ក្នុង​សង្គ្រាមលោកលើកទី​២ លោក Matsui ក៏បាន​ស្នើ​សុំអោយ​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ ប្រកាន់ខ្ជាប់​គោលការណ៍​សន្តិភាព​និយមនៃ​រដ្ឋធម្មនុញ្ញ​របស់​ជប៉ុន​ផងដែរ​។

​ការស្នើសុំ​របស់លោក Kazumi Matsui បែបនេះ គឺ​កើតចេញ​ការធ្វើការ​សាកល្បង​បាញ់​មី​ស៊ី​ល​ម្តង​ហើយ​ម្តងទៀត​របស់​កូរ៉េខាងជើង​។ កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ គឺ​ការសាកល្បង​មី​ស៊ី​លពីរ​គ្រាប់​ចុងក្រោយ គឺ​ធ្លាក់​នៅក្នុង​សមុទ្រ​ខាងកើត នៃ​ប្រទេស​ជប៉ុន​។

​សូមបញ្ជាក់ថា ជប៉ុន គឺជា​ប្រទេស​តែមួយគត់ ដែល​រងគ្រោះ​ដោយសារ​ការ​ទំលាក់​គ្រាប់បែកនុយក្លេអ៊ែរ​រប​ស់​សហរដ្ឋអាមេរិក​ចំនួន​ពីរ​គ្រាប់​កាល​ពេល​សង្គ្រាមលោកលើកទី​២ ដែល​បានសម្លាប់ និង​របួស​មនុស្ស​ជាច្រើន​ម៉ឺន​នាក់​៕


Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com