ជាតិ
យុវតី​វ័យក្មេង​កម្ពុជា ត្រៀម​យក App ដែល​ជំនួយ​ដល់​ការនិពន្ធ​កំណាព្យ​ខ្មែរ ទៅ​ប្រកួត​នៅ​អាមេរិក​
09, Aug 2019 , 8:59 am        
រូបភាព
​ភ្នំពេញ​៖​យុវតី​កម្ពុជា​វ័យក្មេង​មួយក្រុម នឹង​យក​កម្មវិធី​ទូរ​សព្ទ​ដៃ​មួយ (App) ឈ្មោះថា «​ណែងណង​» ទៅ​ចូលរួម​ប្រកួត​នៅក្នុង​កម្មវិធី Global Technovation  ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១២ សីហា នៅ Silicon Valley ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ សហរដ្ឋអាមេរិក​។   យុវតី​វ័យក្មេង​កម្ពុជា​នេះ ឈ្មោះថា Liter Tree បានរួម​គ្នា​បង្កើត​កម្ម​វិធី​ទូរ​សព្ទ​ដៃ​«​ណែងណង​»​សម្រាប់​ជំនួយ​ដល់​ការ​តែង​និពន្ធ​កំណាព្យ​ជា​ភាសា​ខ្មែរ ក្នុង​រយៈពេល​តែ ៣​ខែ​ប៉ុណ្ណោះ​។



​យុវតី​ឆ្នើមៗ ក្រុម Liter Tree ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ពួកគេ​សម្រេច​បង្កើត​កម្មវិធី​«​ណែងណង​»​នេះ​ឡើង ដើម្បី​ផ្តល់​ជា​ជំនួយ​ដល់​ស្មារតី​ដល់​សិស្ស ក្នុងការ​សរសេរ​កំណា​ព្យ​ឲ្យ​បាន​ងាយស្រួល អភិរក្ស​កំណាព្យ​ខ្មែរ និង​លើកស្ទួយ​វិស័យ​វប្បធម៌​ខ្មែរ​។ បើតាម​ក្រុម Liter Tree «​ណែងណង​» មាន​មុខងារ​ជំនួយ​ជាច្រើន ដូចជា ការផ្ដល់​មតិយោបល់​ទៅលើ​ប្រធានបទ ការស្វែងរក​ពាក្យ​ចួន ការអាន និង​សរសេរ​កំណាព្យ ព្រមទាំង​បណ្ដុំ​មេរៀន​កំណាព្យ​ផ្សេងៗ​ទៀត​។ ក្រុម Liter Tree បាន​ប្រាប់​ថ្មីៗ​ដូច្នេះ​ថា​៖«​ស្ត្រី​ក៏​អាច​ចូលរួម​ក្នុង​វិស័យ​បច្ចេកវិទ្យា​បាន​ដូចគ្នា​។ បុរស​អាចបង្កើត​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន ស្ត្រី​ក៏​អាច​បង្កើតបាន​ដូចគ្នា​»​។

​សូម​ទស្សនា​វីដេអូ​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រ​ល័​ក្ខ នៃ​សារព័ត៌​ថ្មីៗ និង​ក្រុម Liter Tree៖



​ចំណាយពេល​វេលា​ទាំង​ថ្ងៃ ទាំងយប់ សរសេរ​កម្មវិធី​ទូរ​សព្ទ​ដៃ​«​ណែងណង​»​ក្រុម Liter Tree បាន​អះអាង​ទៀតថា ពួកគេ ក៏​ទទួល​បានការ​ផ្តល់យោបល់​ពី​លោកគ្រូ បង្រៀនអក្សរ​សាស្ត្រ​ខ្មែរ នៃ​សាលា​ភាពជា​អ្នកដឹកនាំ​ឡៃ​ហ្គឺ​ដែរ​។  បច្ចុប្បន្ន ក្រុម Liter Tree កំពុង​ពង្រឹង​ចំណេះដឹង និង​ពង្រឹង​ទំនុកចិត្ត​បន្ថែមទៀត ពី​គ្រូ​បង្គោល មុននឹង​ចូលរួម​ប្រកួត​នៅ​សហរដ្ឋអាមេរិក ជាមួយ ក្រុម​វ័យក្មេង ១១​ក្រុម​ទៀត មកពី​បណ្តា​ប្រទេស​នានា​ទូទាំង​ពិភពលោក​៕


ក្រុម Liter Tree និងអ្នកគ្រូបង្គោលនៃសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ


Tag:
 បច្ចេកវិទ្យា​
  កំណាព្យ​
  Naeng_Norng
© រក្សាសិទ្ធិដោយ thmeythmey.com