ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ទេសចរ​ឆមាស​ទី​១៖ អន្តរជាតិ​មក​កម្ពុជា ៣,៣​លាន​នាក់​, ខ្មែរ​ចេញទៅ​ក្រៅ ១​លាន​នាក់
08, Aug 2019 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៩ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ ៣​លាន​៣​សែន​នាក់ កើនឡើង​ជាង ១១,២ ភាគរយ​។​



​ទីផ្សារ​ទេសចរណ៍​រប​ស់​កម្ពុជា ចិន​នៅតែ​ឈរ​មុខ​គេ​ដែល​ចំនួន ១​លាន និង​២៩​ម៉ឺន​នាក់ កើនឡើង ៣៨,៧​ភាគរយ ដោយ​កាន់កាប់​ចំណែក​ទីផ្សារ ៣៨,៧​ភាគរយ​។ បន្ទាប់មក​ភ្ញៀវ​វៀតណាម​ដែល​ចូលមក​កម្ពុជា ៤០​ម៉ឺន​នាក់ កើនឡើង ៣,៩​ភាគរយ ឡាវ​ចំនួន​២០​ម៉ឺន​នាក់​កើន​១,៨​ភាគរយ ថៃ​ចំនួន​១៧,៤​ម៉ឺន​នាក់​កើន​៩​ភាគរយ​។ ភ្ញៀវ​កូរ៉េខាងត្បូង​ឈរ​នៅ​លេខ​រៀង​ទី​៥ ចំនួន ១៣,៩​ម៉ឺន​នាក់ តែ​ធ្លាក់ចុះ​២០​ភាគរយ​។​



​អ្នកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) បាន​មើ​ញ​ថា​ជា​រឿង​ល្អ​មួយ​ដែល​រដ្ឋាភិបាល​នៅតែ​អាច​រក្សា​កំណើន​ភ្ញៀវទេសចរ​ក្នុង​រង្វង់​១១​ភាគរយ​នេះ​។ អ្នកស្រី​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​៨​ខែសីហា​ដូច្នេះ​ថា​៖«​យើង​ឃើញថា​មាន​ភាព​វិជ្ជមាន​ច្រើន​ក្នុង​វិស័យ​ទេសចរណ៍ ដែលមាន​ការរីកចម្រើន​ច្រើន ហើយ​យើង​នៅតែ​រក្សាបាន​កំណើន​ជាង​១១​ភាគរយ​»​។​

​ប្រសាសន៍​អ្នកស្រី ឆាយ ស៊ីវ​លីន ៖





​តែ​កំណើន​១១​ភាគរយ​នេះ មិនបាន​នាំ​ឲ្យ​តំបន់​ទេសចរណ៍​ធំៗ​របស់​កម្ពុជា មាន​កំណើន​ទាំងអស់​នោះទេ​។ ភ្ញៀវ​មក​ភ្នំពេញ​និង​តំបន់​ជុំវិញ កើន​២៧​ភាគរយ តំបន់​មាត់សមុទ្រ​កើន​២៧​ភាគរយ តែ​សៀមរាប​អង្គរ​ធ្លាក់ចុះ ៨,៣​ភាគរយ​។​

​ការធ្លាក់ចុះ​ទេសចរ​នៅ​សៀមរាប​នេះ ត្រូវបាន​អ្នកស្រី ស៊ីវ​លីន ប្រាប់​មូលហេតុ​ថា​មកពី​ទេសចរ​បង្វែរ​ទៅលេង​នៅ​មាត់សមុទ្រ​។ ប្រធាន​សមាគម CATA រូបនេះ​មានប្រសាសន៍​ដូចនេះ​ថា​៖«​ទេស​ចរមក​សៀមរាប​ធ្លាក់ចុះ មកពី​ជើងហោះហើរ​មានការ​ថយចុះ ដែល​បង្វែរ​មក​សមុទ្រ​វិញ​»​។​

​អ្នកស្រី ឆាយ ស៊ីវ​លីន លើកឡើង​ស្រដៀង​នឹង​ការអះអាង​របស់លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នាពេល​កន្លងមក​ដែរ ដែលថា​ការធ្លាក់ចុះ​គឺ​មកពី​មូលហេតុ​មួយ​ក្នុងចំណោម​នោះ​គឺ Zero Cost Tour ។ Zero Cost Tour នេះ គឺ​ភ្នាក់ងារទេសចរណ៍​លក់​កញ្ចប់​ទេសចរណ៍​ក្នុងតម្លៃ​ទាប​បំផុត ឬ​មិន​គិតថ្លៃ តែ​ពេល​ដាក់​ភ្ញៀវ​តាម​សណ្ឋាគារ ភោជនីយដ្ឋាន ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​ជាដើម បាន​យក​ផលចំណេញ​ខ្ពស់ (​ដាក់​តម្លៃ​ពីលើ​)​។ តែ​អ្នកស្រី ស៊ីវ​លីន និយាយថា ក្រុមហ៊ុន​ដែល​ធ្វើបែបនេះ គឺជា​ភ្នាក់ងារ​ចិន ឯ​ក្រុមហ៊ុន​ភ្នាក់ងារ​ខ្មែរ កម្រ​ធ្វើ​រឿងនេះ​ណាស់​។​

​ដោយឡែក​ពលរដ្ឋ​កម្ពុជា​ដែល​ធ្វើ​ទេសចរណ៍​ទៅ​ក្រៅប្រទេស​វិញ គឺមាន​ចំនួន ១​លាន​នាក់ កើនឡើង ៤,២​ភាគរយ​៕



Tag:
 ទេសចរណ៍​
  ឆាយ ស៊ីវ​លីន​
© រក្សាសិទ្ធិដោយ thmeythmey.com