អន្តរជាតិ
ស៊ែប៊ី ផ្តល់សញ្ជាតិដល់អតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្ត្រុីថៃ (AFP)
× រដ្ឋាភិបាលស៊ែប៊ី បានសម្រេចផ្តល់សញ្ជាតិដល់អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលបានភៀសខ្លួនចេញពីប្រទេសកំណើតក្នុងឆ្នាំ២០១៧ ដើម្បីគេចពីបទចោទពាក់ព័ន្ធគម្រោងទិញស្រូវអង្ករតម្លៃថោក។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៨ ខែមិថុនា រដ្ឋាភិបាលស៊ែប៊ី បានសម្រេចចិត្តផ្តល់សញ្ជាតិដល់លោកស្រី យីងឡាក់ កាលពីថ្ងៃទី ២៧ ខែមិថុនា ដោយលើកហេតុផលច្បាប់ថា៖ «ជនជាតិបរទេសម្នាក់ អាចទទួលបានសញ្ជាតិស៊េប៊ីបាន ប្រសិនបើវាមានទាក់ទងនឹងផលប្រយោជន៍របស់ប្រទេស»។
ដោយប្រើប្រាស់លិខិតឆ្លងដែនស៊េប៊ី លោកស្រី យីងឡាក់ អាចធ្វើដំណើរទៅជាង១០០ប្រទេសដោយពុំចាំបាច់មានទិដ្ឋាការដែលក្នុងនោះក៏មាន ភាគច្រើននៃបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបផងដែរ។
លោកស្រី យីងឡាក់ អាយុ ៥២ឆ្នាំ បានរត់គេចពីចាប់ខ្លួនក្នុងប្រទេសថៃ ទៅកាន់ឌូបៃ និងបានទៅស្នាក់អាស្រ័យជាមួយបងប្រុសបង្កើតលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ។ លោក ថាក់ស៊ីន ក៏ជាអតីតនាយករដ្ឋមន្ត្រីថៃម្នាក់ផងដែរ ដែលបានភៀសខ្លួនទៅនៅបរទេស ដើម្បីរត់គេចពីការកាត់ទោសឲ្យជាប់ពន្ធនាគារពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងឆ្នាំ២០០៦។
ដោយឡែក ក្នុងឆ្នាំ២០១០ លោក ថាក់ស៊ីន ទទួលបានសញ្ជាតិកិត្តិយសពីប្រទេសម៉ុងតេណេហ្គ្រោ ដែលជារដ្ឋមួយនៅឧបទ្វីបបាល់កង់។
សូមបញ្ជាក់ថា លោកស្រី យីងឡាក់ ស្ថិតក្នុងគ្រួសារត្រកូលស៊ីណាវ៉ាត់ ដែលគ្របដណ្តប់នយោបាយថៃអស់រយៈពេលជាង ១៥ឆ្នាំ។ លោកស្រី អះអាងថា គ្មានកំហុសចំពោះបទចោទរបស់ព្រះរាជអាជ្ញាថៃពាក់ព័ន្ធនឹងគោលនយោបាយទិញស្រូវ ដែលលោកស្រីបានអនុវត្ត ក្រោយពីចូលកាន់តំណែងជាស្ត្រីនាយករដ្ឋមន្ត្រីទីមួយរបស់ថៃ កាលពីឆ្នាំ២០១១។ លោកស្រី ប្រឈមនឹងជាប់ពន្ធធនាគារ ១០ឆ្នាំ ប្រសិនត្រឡប់ចូលស្រុកវិញ៕
Tag:
ស៊េប៊ី
ថៃ
យីងឡាក់ស៊ីណាវ៉ាត់ត្រា
© រក្សាសិទ្ធិដោយ thmeythmey.com