អត្ថបទពាណិជ្ជកម្ម
កិច្ច​គាំពារ​អតិថិជន និង​បុគ្គលិក ធ្វើ​ឲ្យ ហត្ថា​កសិករ លីមីត​ធី​ត ទទួលជោគជ័យ​យ៉ាង​ល្អប្រសើរ​
09, Aug 2019 , 10:13 am        
រូបភាព
ដោយ: ថ្មីៗ
តាមរយៈ​កិច្ចសម្ភាសន៍ ជាមួយ​លោក ហួត អៀង​តុង ប្រធាន​អគ្គនាយក គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត ស្តីអំពី​លទ្ធផល​ដែល​សម្រេចបាន​នៅក្នុង​ឆមាស​ទី​១ និង​យុទ្ធសាស្ត្រ​សម្រាប់ ឆមាស​ទី​២​ក្នុង​ឆ្នាំ​២០១៩  ហត្ថា​កសិករ សម្រេចបាន​លទ្ធផល​គួរ​ជាទី​មោ​ទក ក្នុង​ឆមាស​ទី​១​កន្លងទៅ ដោយ​ផលប័ត្រ​ឥណទាន មានការ​កើនឡើង ៣០% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន ហើយ​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ មានការ​កើនឡើង​រហូត​ដល់ ៣៨%​។
 
​លោក ហួត អៀង​តុង បាន​ឲ្យ​ដឹង​ទៀតថា ទ្រព្យសកម្ម​សរុប របស់​ហត្ថា​កសិករ កើនឡើង ៣១% ក្នុង​រយៈពេល​ដូចគ្នានេះដែរ​។ លទ្ធផល​ទាំងអស់នេះ បានមកពី​ការអនុវត្ត​គោលនយោបាយ​គាំពារ​អតិថិជន និង​បុគ្គលិក​របស់​ហត្ថា​កសិករ លីមីត​ធី​ត ដែល​កិច្ច​គាំពារ​អតិថិជន ផ្តោតលើ​គោលការណ៍​៧​ចំណុច​រួមមាន​៖ 
 
(១) ការផ្តល់​ផលិតផល និង​សេវាកម្ម សមស្រប​ទៅតាម​តម្រូវការ និង​ចំណង់​ចំណូលចិត្ត​អតិថិជន​។ 
(២) ការផ្តល់​ឥណទាន ទៅតាម​លទ្ធភាព​របស់​អតិថិជន ដើម្បី​ជៀសវាង​បំណុល​លើសលប់​។ 
(៣) តម្លាភាព​ក្នុងការ​ផ្តល់ និង​ផ្សព្វផ្សាយ​ពត៌មាន​ឲ្យ​ដល់​អតិថិជន​។ 
 (៤) ការកំណត់​នូវ​តម្លៃ ជាមួយនឹង​ប្រាក់ចំណេញ​សមរម្យ​។​
(៥) ភាពស្មើគ្នា និង​ការគោរព​អតិថិជន​។ 
(៦) ការរក្សា​ព័ត៌មាន​សម្ងាត់ ជូន​អតិថិជន និង​
(៧) ការដោះស្រាយ​ការ​រអ៊ូរទាំ​របស់​អតិថិជន ប្រកបដោយ​ប្រសិទ្ធភាព​។ 
 
​បើតាម លោក ហួត អៀង​តុង ថ្មីៗ​នេះ  ហត្ថា​កសិករ បាន​បង្កើត​កម្មវិធី​មួយ​ឈ្មោះថា​«​ខ្ញុំ​ស្រលាញ់​ហត្ថា​កសិករ​» ឬ​ជា​ភាសា​អង់គ្លេស​ថា​«I Love HKL» ដែល​បង្ហាញ​សេចក្តីស្រលាញ់​របស់​បុគ្គ​លិ​ក​ចំពោះ​ហត្ថា​កសិករ ហើយ​ហត្ថា​កសិករ ក៏​ស្រលាញ់​បុគ្គលិក​គ្រប់ៗ​គ្នា​វិញ​ដូចគ្នា​។​
 
​ជាមួយនឹង​សមិទ្ធផល​ដ៏​ត្រចះត្រចង់​នេះ លោក ហួត អៀង​តុង ប្រធាន​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត បាន​ថ្លែងអំណរគុណ​ចំពោះ​បុគ្គលិក​គ្រប់​ជាន់ថ្នាក់ ដែល​កំពុង​បម្រើ​ការងារ​នាពេល​បច្ចុប្បន្ន និង​អតិថិជន​ទាំងអស់​ដែល​តែងតែ​គាំទ្រ និង​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ របស់​ហត្ថា​កសិករ​តាំងពីដើម​រៀងមក​។ លោក​ក៏បាន​ឆ្លៀតពេល​ថ្លែងអំណរគុណ​ផងដែរ ដល់​អតីត​បុគ្គលិក​ដែល​បាន​លះបង់​ពេលវេលា និង​កម្លាំងកាយ​ចិត្ត ចូលរួម​អភិវឌ្ឍ​ហត្ថា​កសិករ រហូត​មានឈ្មោះ​បោះ​សំឡេង​ទាំង​ក្នុងប្រទេស និង​លើ​ឆាក​អន្តរជាតិ ដូច​បច្ចុប្បន្ន​។​
 
​លោក ហួត អៀង​តុង បាន​លើកឡើងថា​៖«​យើង​ក៏​មិន​ភ្លេច​អតីត​បុគ្គលិក និង​ថ្នាក់ដឹកនាំ​របស់​យើង​ទេ ទោះបីជា​ពួកគាត់​បាន​ចាកចេញ ពី​ហត្ថា​កសិករ ហើយក៏​ដោយ ក៏​ពួកគាត់ គឺជា​ចំណែក​មួយ​មិនអាច​បំភ្លេចបាន ក្នុង​ការកសាង​ស្ថាប័ន​មួយ​នេះ ឲ្យ​រីកចម្រើន​ដូច​សព្វថ្ងៃ​»​។ 
 
​លោក ហួត អៀង​តុង បានបង្ហាញ​ពី​សេចក្តី​នឹករលឹក និង​ចង់​ធ្វើការ​ជួបជុំ ជាមួយ​អតីត​បុគ្គលិក និង​ថ្នាក់ដឹកនាំ​ដើម្បី​រក្សា​មិត្តភាព បង្កើន​ភាពស្និទ្ធស្នាល និង​ពង្រឹង​ទំនាក់ទំនង​កាន់តែ​ស្អិតល្មួត​ថែមទៀត​។ នេះ​ជា​សារ​មួយ​បញ្ចាក់​យ៉ាងច្បាស់​ថា ហត្ថា​កសិករ តែងតែ​គិតដល់​បុគ្គលិក និង​រក្សា​ទំនាក់ទំនង​ល្អជា​និច្ច បើទោះបី​ពួកគាត់ បាន​ចេញទៅ​បម្រើ​ការងារ​នៅ​ទីកន្លែង​ផ្សេងៗ​ក៏ដោយ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)​

© រក្សាសិទ្ធិដោយ thmeythmey.com