ជាតិ
សង្គមជាតិ
កម្មករសំណង់​នៅ​កម្ពុជា​ប្រឈម​នឹង​បញ្ហា​ទឹកស្អាត​និង​អនាម័យ​
09, Aug 2019 , 1:39 pm        
រូបភាព
អ្នករៀបចំកម្មវិធីកំពុងបង្ហាញអំពីរូបថតដែលរៀបរាប់ពីស្ថានភាពនៃបន្ទប់ទឹកអនាម័យ ប្រភពទឹក ដែលកម្មករក្នុងវិស័យសំណង់ប្រើប្រាស់នៅកន្លែងការងាររបស់ពួកគេ ក្នុងសិក្ខាសាលាមួយកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩។ (កាន់​ វិច្ឆិកា/VOA)
អ្នករៀបចំកម្មវិធីកំពុងបង្ហាញអំពីរូបថតដែលរៀបរាប់ពីស្ថានភាពនៃបន្ទប់ទឹកអនាម័យ ប្រភពទឹក ដែលកម្មករក្នុងវិស័យសំណង់ប្រើប្រាស់នៅកន្លែងការងាររបស់ពួកគេ ក្នុងសិក្ខាសាលាមួយកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩។ (កាន់​ វិច្ឆិកា/VOA)
ដោយ: VOA
ភ្នំពេញ ៖ យ៉ាងហោចណាស់​មានកម្ម​ករ​ប្រមាណ​ជា​២​សែន​នាក់​ដែល​ធ្វើការ​ក្នុង​វិស័យ​សំណង់​នៅ​ទូទាំងប្រទេស​កម្ពុជា កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះ​ទឹកស្អាត​ប្រើប្រាស់ និង​កង្វះ​អនាម័យ នៅតាម​ការដ្ឋាន​ដែល​ពួកគេ​កំពុង​បំពេញការងារ​។​

 
​របាយការណ៍​ស្រាវជ្រាវ​មួយ​ដែល​បោះពុម្ព​ដោយ​សហព័ន្ធ​សហជីព​កម្មករសំណង់ និង​ព្រៃឈើ សហការ​ជាមួយ​អង្គការ Water Aid និង Australian Aid ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បង្ហាញថា ការរស់នៅ​ក្នុង​ការដ្ឋាន​សំណង់​ធ្វើ​ឲ្យ​កម្មករ​ទាំងនោះ​មិនមាន​ទឹកស្អាត​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់ និង​ទទួលទាន ថែមទាំង​មិនមាន​បន្ទប់ទឹក និង​បណ្តាញទឹក​ប្រើប្រាស់​ត្រឹមត្រូវ​ទៀតផង​។​
 
​របាយការណ៍​បន្ថែមថា «​កម្មករសំណង់​មិនមាន​លទ្ធភាព​រក​ដំណោះស្រាយ​ផ្សេងទៀត​បានទេ ដោយសារ​ប្រាក់កម្រៃ​ពួកគេ​ទាប​ក្នុងការ​ចំណាយ​ថ្លៃ​ជួល​ផ្ទះ និង​ចំណាយ​សម្រាប់​ការរស់នៅ​ជាទូទៅ ដូចជា​អាហារ ទឹក​សម្រាប់​ពិសារ និង​ផលិតផល​រក្សា​អនាម័យ​»​។​
 
​លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករសំណង់ និង​ព្រៃឈើ ថ្លែង​ក្នុង​ពិធី​បង្ហាញ​របាយការណ៍​ថា កម្មករសំណង់​នៅ​កម្ពុជា​ជា​មធ្យម​ទទួលបាន​ថ្លៃឈ្នួល​ចាប់ពី​២៨០០០​រៀល​ទៅ​៣២០០០​រៀល​ក្នុង​មួយថ្ងៃ ឬ​ស្មើនឹង​ប្រហាក់ប្រហែល​៧​ទៅ​៨​ដុល្លារ​អាមេរិក​។ ការផ្តល់ប្រាក់​ឈ្នួល​នោះ​ធ្វើឡើង​ទៅតាម​លទ្ធភាព​ធ្វើ​ការងារ ដោយ​មិនមាន​ប្រាក់ខែ​គោល​ទេ​។​
 
«​បញ្ហា​រស់នៅ​របស់គាត់ គាត់​ត្រូវ​ការរស់នៅ​ស្អាត អ៊ីចឹង​តែ​ទឹក​ហ្នឹង​អត់​ស្អាត ងូត​អត់​បានល្អ សម្អាតខ្លួន​អត់​បានល្អ​គឺ​បានន័យថា បញ្ហា​មួយ​ទាក់ទង​នឹង​រាងកាយ​របស់គាត់​។ មួយទៀត បើ​គាត់​បរិភោគ​ទឹក​ហ្នឹង​មិន​ស្អាត វា​អាច​ប៉ះពាល់​ដល់​សុខភាព​របស់គាត់​»​។​


លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើ ថ្លែងក្នុងពិធីបង្ហាញរបាយការណ៍ពាក់ព័ន្ធនឹងស្ថានភាពរស់នៅរបស់កម្មករសំណង់ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩។ (កាន់​ វិច្ឆិកា/VOA)
 
​លោក​សុខ គីន បន្ថែមថា ចាប់ពី​ឆ្នាំ​២០០០​រហូតមកដល់​ឆ្នាំ​២០១៨​នេះ មាន​ក្រុមហ៊ុន​សំណង់​ចំនួន​ជាង​២.០០០ ដែល​បាន​ចុះបញ្ជី ប៉ុន្តែ​មាន​ក្រុមហ៊ុន​តែ​ជាង​៩០០​ប៉ុណ្ណោះ​ដែល​នៅមាន​សុពលភាព​។ លោក​បន្តថា ករណីនេះ​ធ្វើ​ឲ្យ​ម្ចាស់​សំណង់​គេចវេស​ពី​ការទទួលខុសត្រូវ​មួយចំនួន ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​កម្មករ​ប្រឈម​នឹង​បញ្ហា​ប្រាក់​ឈ្នួល និង​អនាម័យ​។​
 
​អ្នកស្រី ឆាំ ឡាំ កម្មករសំណង់​នៅ​រាជធានី​ភ្នំពេញ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​របាយការណ៍​នៅ​ព្រឹក​នេះ និយាយថា ជាទូទៅ​នៅ​ការដ្ឋាន​ដែល​អ្នកស្រី​ធ្វើការ មិនមាន​ទឹកស្អាត​សម្រាប់​ទទួលទាន និង​មិនមាន​បន្ទប់ទឹក​សម្រាប់​ប្រើប្រាស់​គ្រប់គ្រាន់​នោះទេ​។​
 
​កម្មករសំណង់​វ័យ​៤២​ឆ្នាំ​រូបនេះ​បញ្ជាក់ថា​៖
 
«​អត់​មាន​ច្រើន​កន្លែង មាន​តែមួយ​បន្ទប់​។ ប្រុស​ក៏​ហ្នុ​ង ស្រី​ក៏​ហ្នុ​ង​។ មួយ​បន្ទប់​នោះ​ច្រើន​នាក់ ចូល​បួនដប់ ម្ភៃ​គ្រួសារ​។ បើ​អ្នកណា​រាគ​អី ក៏​ឈរ​ចាំ​គ្នា​។ ទឹក​មិនដឹង​គេ​យក​មកពីណា មិនដឹង​ទឹកស្អាត ឬ​មិន​ស្អាត​។ ខ្ញុំ​មិនដែល​បាន​ផឹកទឹក​ហ្នឹង​ផង ទិញ​ទឹក​គេ​រហូត​»​។​
 
​របាយការណ៍​ស្រាវជ្រាវ​ដដែល​នោះ​ក៏បានផ្តល់​អនុសាសន៍​ដ​ល់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​ឲ្យ​ពង្រឹង​ការតាមដាន​ក្រុមហ៊ុន​សំណង់ និង​ការអនុវត្ត​ច្បាប់​ទាក់ទង​នឹង​អនាម័យ​ក្នុង​ការដ្ឋាន​សាងសង់ និង​បញ្ជ្រាប​សកម្មភាព​ទឹកស្អាត និង​អនាម័យ​ផ្សេងៗ​ក្នុង​ការដ្ឋាន​សំណង់​។​


អ្នករៀបចំកម្មវិធីកំពុងបង្ហាញអំពីរូបថតដែលរៀបរាប់ពីស្ថានភាពនៃបន្ទប់ទឹកអនាម័យ ប្រភពទឹក ដែលកម្មករក្នុងវិស័យសំណង់ប្រើប្រាស់នៅកន្លែងការងាររបស់ពួកគេ ក្នុងសិក្ខាសាលាមួយកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩។ (កាន់​ វិច្ឆិកា/VOA)


អ្នករៀបចំកម្មវិធីកំពុងបង្ហាញអំពីរូបថតដែលរៀបរាប់ពីស្ថានភាពនៃបន្ទប់ទឹកអនាម័យ ប្រភពទឹក ដែលកម្មករក្នុងវិស័យសំណង់ប្រើប្រាស់នៅកន្លែងការងាររបស់ពួកគេ ក្នុងសិក្ខាសាលាមួយកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩។ (កាន់​ វិច្ឆិកា/VOA)
 
​មន្ត្រី​ក្រសួង​ការងារ និង​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បាន​ចូលរួម​ក្នុង​ការបង្ហាញ​របាយការណ៍​នេះ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​ដល់​អ្នកសារព័ត៌មាន​នោះទេ​។​
 
VOA បាន​ព្យាយាម​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ពី​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តែ​រហូតមកដល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅតែ​មិនមាន​ការឆ្លើយតប​។​
 
​ទោះជា​យ៉ាងណា លោក​បណ្ឌិត មាស នី អ្នកសិក្សា​ការអភិវឌ្ឍ​សង្គម មើលឃើញ​ដែរ​ថា កម្មករ​ក្នុង​វិស័យ​សំណង់​ជា​ក្រុម​ដែល​ធ្វើការ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង ប៉ុន្តែ​ពួកគេ​មិន​ទទួលបាន​ការយកចិត្ត​ទុកដាក់​ត្រឹមត្រូវ​នោះទេ​។ បន្ថែម​ពី​នោះ ពួកគេ​ប្រឈម​នឹង​ការកេងប្រវ័ញ្ច​ផ្សេងៗ​ទៀតផង​។​
 
​បើតាម​របាយការណ៍​ដែល​ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ វិស័យ​សំណង់​នៅ​កម្ពុជា​ចាប់ផ្តើម​រីកចម្រើន​ខ្លាំង​ពី​ឆ្នាំ​២០១៤​មក​។ ក្នុង​ចន្លោះ​ពី​ខែមករា​ដល់​ខែកញ្ញា​ឆ្នាំ​២០១៨ ក្រសួង​បានអនុញ្ញាត​ការសាងសង់​សំណង់​ចំនួន​២.៥៤១​គម្រោង ដែលមាន​ជាង​១​ពាន់​ក្រុមហ៊ុន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com