ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក Sirisena៖ កម្ពុជា​-​ស្រីលង្កា មាន​ទំនាក់ទំនង​គ្នា​ជាង​១​ពាន់​ឆ្នាំ​ហើយ​
09, Aug 2019 , 11:16 am        
រូបភាព
ដោយ: ថ្មីៗ
​ផ្អែកលើ​មូលដ្ឋាន​ទស្សនវិជ្ជា​ពុទ្ធសាសនា និង​ទំនាក់ទំនង​សាសនា លោក​ប្រធានាធិបតី​ស្រីលង្កា Maithripala Sirisena បាន​រំលឹក​ប្រាប់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​គ្នា​ជាង​១​ពាន់​ឆ្នាំ​មកហើយ​។​


 
​ប្រធានាធិបតី​ស្រីលង្កា កំពុងស្ថិត​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​៤​ថ្ងៃ បើ​គិត​ចាប់តាំងពី​ថ្ងៃ​ពុធ ទី​៧ ខែសីហា មក​។ កាលពី​ម្សិលមិញ លោក Maithripala Sirisena បាន​ចូល​ថ្វាយបង្គំ​គាល់​ព្រះករុណា ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និង​បំពាក់​កម្រងផ្កា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​។​
 
​ដោយឡែក​ក្នុងជំនួប​ទ្វេភាគី​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរដ្ឋ​ស្រីលង្កា បាន​រំលឹក ថា រដ្ឋ​នៅ​តំបន់​អាស៊ី​ទាំងពីរ​នេះ មាន​ទំនាក់ទំនង​គ្នា​ជាង​១​ពាន់​ឆ្នាំ​មកហើយ ដោយ​ផ្អែកលើ​មូលដ្ឋាន​ទស្សនវិជ្ជា​ពុទ្ធសាសនា និង​ទំនាក់ទំនង​សាសនា​។​


 
​សម្រាប់​ទំនាក់ទំនង​ការទូត​ផ្លូវការ កម្ពុជា​-​ស្រីលង្កា ផ្តើម​ភ្ជាប់​គ្នា​កាលពី​ឆ្នាំ​១៩៥២ ប៉ុន្តែ​ចំណង​ការទូត​នេះ ត្រូវបាន​ផ្អាក​មួយរយៈ​ដោយសារ​សង្គ្រាមស៊ីវិល មុនពេល​ផ្សារភ្ជាប់​ឡើងវិញ​កាលពី​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​១៩៩៦ ។​
 
​កាលពី​ថ្ងៃទី​៧ ខែសីហា ផងដែរ សម្តេច ហ៊ុន សែន និង​លោក Maithripala Sirisena បាន​ធ្វើជា​សាក្សី​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ចំនួន​ពីរ​នៅ​វិមាន​សន្តិភាព ដែល​ក្នុងនោះ​មាន អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ច​ពិគ្រោះ​យោបល់ រវាង​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្ម​ក្រុង​កូ​ឡំ​បូ​។​
 
​ក្រៅពី​ជំរុញ និង​ពង្រឹង​ទំនាក់ទំនង​ផ្នែក​អប់រំ វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម សម្តេច ហ៊ុន សែន ក៏បាន​លើកឡើង​ពី​កិច្ចប្រតិបត្តិការ និង​ការជំរុញ​វិស័យ​សាសនា​ផងដែរ ដោយ​ប្រទេស​ទាំងពីរ មាន​ប្រជាជន​ភាគច្រើន​កាន់​ពុទ្ធសាសនា​៕​





Tag:
 ស្រីលង្កា​
  Maithripala Sirisena
© រក្សាសិទ្ធិដោយ thmeythmey.com