អន្តរជាតិ
ចិន ខឹងសម្បារ​ក្រោយ​អ្នកការទូត​អាមេរិក​ជួប​សកម្មជន​ហុងកុង​
09, Aug 2019 , 11:51 am        
រូបភាព
សកម្មជនសិទ្ធិមនុស្សហុងកុង Joshua Wong ដែលបានជួបជាមួយអ្នកការទូតអាមេរិក។ រូបភាព AFP
សកម្មជនសិទ្ធិមនុស្សហុងកុង Joshua Wong ដែលបានជួបជាមួយអ្នកការទូតអាមេរិក។ រូបភាព AFP
​នៅ​ថ្ងៃទី​៨ ខែសីហា ទីក្រុង​ប៉េកាំង បានបង្ហាញ​ការមិន​ពេញចិត្ត​ជាខ្លាំង​ទៅនឹង​ព័ត៌មាន​ពាក់ព័ន្ធ​ជំនួប​រវាង​អ្នកការទូត​អាមេរិក​ប្រចាំ​ហុងកុង និង​សកម្មជន​ប្រឆាំង​ក្នុង​ទីក្រុង​នេះ​យុវជន Joshua Wong ង​ផង​នោះ​។ ជាមួយនឹង​ការខឹង​សម្បារ ប៉េកាំង ក៏បាន​ប្រាប់​ឲ្យ​វ៉ាស៊ីនតោន​បញ្ឈប់​ការ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​។ តប​ពាក្យរិះគន់​របស់​ប៉េកាំង ក្រុង​វ៉ាស៊ីនតោន​ឯណោះ ក៏​វាយបក​ដោយ​ពាក្យ​ធ្ងន់ៗ​វិញ និង​ហៅ​ចិន​ថា​ជា​ប្រទេស​ទុច្ចរិត​ទៅទៀត​។​

 
​ជំនួប​រវាង​អ្នកស្រី Julie Eadeh ប្រធាន​ផ្នែក​កិច្ចការ​នយោបាយ​នៃ​អគ្គ​កុងស៊ុល​អាមេរិក​ប្រចាំ​ហុងកុង និង​សមាជិក​គណបក្ស Demosisto នៅ​ហុងកុង ព្រមទាំង​សកម្មជន​ប្រជាធិបតេយ្យ​វ័យក្មេង Joshua Wong បានធ្វើ​ឲ្យ​មានការ​ឆ្លើយឆ្លង​សម្ដី​គ្នា​ធ្ងន់ៗ​រវាង​ទីក្រុង​ប៉េកាំង និង​ក្រុង​វ៉ាស៊ីនតោន​។ មហាអំណាច​ទាំងពីរ​នេះ កំពុងតែ​មើលមុខ​គ្នា​មិន​ស្រាប់​ផង​លើ​ករណី​ហុងកុង​នេះ ដោយ​ចិន​ចោទ​អាមេរិក​ថា នៅ​ពីក្រោយ​បាតុកម្ម​ជាង​ពីរ​ខែ​មកនេះ​។​
 
​ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​៨ ខែសីហា ក្រសួងការបរទេស​ចិន បានបង្ហាញ​ការមិន​ពេញចិត្ត​របស់ខ្លួន​ទៅកាន់​អាមេរិក​ដោយយោង​លើ​ជំនួប​ដែល​រាយការណ៍​ដោយ​កាសែត​ហុងកុង Takungpao ។ ក្រសួងការបរទេស​ចិន បាន​ប្រាប់​ឲ្យ​អ្នកការទូត​អាមេរិក​នៅ​ឆ្ងាយ​ពី​កុប្បករ​ប្រឆាំង​ចិន ហើយ​ឈប់​ជ្រៀតជ្រែក​កិច្ចការ​ហុងកុង​ជា​បន្ទាប់​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ ក្រោយ​ការតវ៉ា​របស់​ចិន អាមេរិក​ក៏​ចេញមុខ​បកស្រាយ​ភ្លាម​។​
 
​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក Morgan Ortagus បាន​ទាត់ចោល​ការចោទប្រកាន់​របស់​ចិន ហើយ​ថែមទាំង​ចោទ​វិញ​ថា ទម្លាយ​ព័ត៌មាន​សម្ងាត់​របស់​អ្នកការទូត​ខ្លួន​ដូចជា​រូបថត និង​ព័ត៌មាន​កូនៗ​ទៅទៀត​។ ប្រាប់​អ្នក​សារព័ត៌​ម​មាន​នៅឯ​រដ្ឋធានី​វ៉ាស៊ីនតោន អ្នកស្រី Ortagus ក៏​ប្រើពាក្យ​ខ្លាំង​វិញ ហើយ​មិន​គិតថា ការប្រឆាំង​របស់​ចិន ជាការ​តវ៉ា​ផ្លូវការ​ឡើយ តែ​ជា​ទង្វើ​របស់​រដ្ឋ​ទុច្ចរិត​ទៅវិញ ហើយ​អ្វីដែល​ចិន​ធ្វើ​នេះ មិនមែនជា​អ្វីដែល​ប្រទេស​មានការ​ទទួលខុសត្រូវ​ដទៃទៀត ធ្វើ​ឡើយ​។​
 
​ដោយ​ចង់​សំដៅ​ជំនួប​រវាង​មន្ត្រី​ទូត​អាមេរិក និង​អ្នកនយោបាយ​ប្រឆាំង​នៅ​ហុងកុង អ្នកនាំពាក្យ​ដដែល​នេះ​បញ្ជាក់ថា អ្នកការទូត​របស់​អា​មេ​រិ​ក បាន​បំពេញការងារ ហើយ​ក្រសួងការបរទេស​សូម​សរសើរ​កិច្ចការ​នេះ​។ សម្រាប់​អ្នកស្រី Ortagus អ្វីដែល​អ្នកស្រី Julie Eadeh បានធ្វើ គឺជា​អ្វីដែល​អ្នកការទូត​អាមេរិក ធ្វើ​ដូចគ្នា​រាល់ថ្ងៃ​នៅ​ជុំវិញ​ពិភពលោក​។ 
 
​បញ្ហា​នេះ នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ចិន និង​អាមេរិក​កាន់តែ​ល្អក់កករ​ថែមទៀត បន្ថែម​ពីលើ​ភាព​យ៉ាប់យ៉ឺន​នៅពេល​បច្ចុប្បន្ននេះ​។ ទាក់ទង​បញ្ហា​នៅ​ទីក្រុង​ហិរញ្ញវត្ថុ​នេះ អាមេរិក ហាក់​មិន​បន្ធូរដៃ​សោះ ហើយ​តែង​លើកឡើង​ពី​ប្រធានបទ​នេះ​មិនចេះ​ដាច់ ពិសេស​ការធ្វើ​បាតុកម្ម​ប៉ុន្មាន​សប្ដាហ៍​មកនេះ​។ ចិន​ឯណេះ​វិញ ក៏​ប្រាប់​អាមេរិក​ម្ដង​ហើយ​ទៀត​ឲ្យ​ដក​ដៃ​ចេញពី​កិច្ចការ​ហុងកុង​ដែលជា​បញ្ហា​ផ្ទៃក្នុង​របស់ខ្លួន​សុទ្ធសាធ​៕ 

Tag:
 ចិន​
  អាមេរិក​
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com