កីឡាជាតិ
ជាតិ
មិនដែលឈ្នះថៃទាល់តែសោះ ចុះរសៀលនេះ U18កម្ពុជាអាចបំបែកកំណត់ត្រាបានដែរឬទេ? សកម្មភាពហ្វឹកហាត់របស់ក្រុមជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជានៅវៀតណាម ត្រៀមប៉ះជាមួយថៃ, រូបភាពពី FFC
× ក្រោយបរាជ័យក្នុងជំនួបបើកឆាក ក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជា ត្រូវបន្តប្រជែងជាមួយ U18 ថៃ នាជំនួបលើកទី២ពូល B នៃពានរង្វាន់ AFF U18 Championship 2019 វេលាម៉ោង៣:៣០នាទីរសៀល(ម៉ោងនៅកម្ពុជា)ថ្ងៃទី៩ សីហានេះ នៅកីឡដ្ឋាន Thanh Long Stadium នៅទីក្រុងហូជីមិញប្រទេសវៀតណាម។ នៅពូល B នេះដែរ ក៏មានការប្រកួត២គូទៀតផងដែរ។
ក្រោយបរាជ័យ ៥-១ ក្រោមថ្វីជើង U18 អូស្ត្រាលីក្នុងជំនួបបើកឆាកពូល B នាំឲ្យក្រុមជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជាត្រូវការឈ្នះថៃ ដែលបានស្មើ ១-១ ជាមួយសិង្ហបុរី ដើម្បីបន្តឱកាសប្រជែងដណ្តើមកៅអីឡើងទៅវគ្គបន្តនៃពានរង្វាន់ AFF U18 Championship ជាលើកដំបូង។ វាមិនមែនជារឿងងាយស្រួលសម្រាប់កម្ពុជាក្នុងការយកឈ្នះនោះឡើយ ដ្បិតថៃជាក្រុមលើកពានច្រើនជាងគេរហូត៥លើកប្រចាំពានរង្វាន់នេះ ខណៈលទ្ធផលល្អបំផុតសម្រាប់កម្ពុជាបានត្រឹមលេខ៣នាវគ្គជម្រុះតាមពូល។
សម្រាប់ការជួបគ្នា៦លើកកន្លងមកកម្ពុជាមិនធ្លាប់យកឈ្នះថៃនោះទេ ពោលគឺពួកគេចាញ់ទាំង៦ប្រកួត។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ការបរាជ័យពីរលើកចុងក្រោយ កម្ពុជាដែលធ្លាប់ចាញ់ថៃចន្លោះពី៥ទៅ៧គ្រាប់ គឺចាញ់ត្រឹមតែ១គ្រាប់ប៉ុណ្ណោះ។ នៅឆ្នាំ២០០៧ កម្ពុជាបានចាញ់ថៃ ៧-០, ឆ្នាំ២០០៩ ៣-០, ឆ្នាំ២០១១ ៥-០, ឆ្នាំ២០១៥ ៦-០ តែនៅឆ្នាំ២០១៦ កម្ពុជាបានចាញ់ថៃ ២-១ និងឆ្នាំ២០១៧ ចាញ់ ១-០។ តាមរយៈលទ្ធផលនេះ យើងអាចវាយតម្លៃបានថា ការប៉ះគ្នាលើកទី៧រវាងក្រុមទាំងពីរ វានឹងក្លាយជាការប្រកួតមួយដ៏តានតឹង និងទាក់ទាញបំផុត។
នៅពូល B នៅថ្ងៃសុក្រនេះដែរ ក៏មានការប្រកួតពីរទៀតផងដែរ ក្នុងនោះក្រុមម៉ាឡេស៊ីក្រោយចាញ់វៀតណាម ១-០ ត្រូវតទល់ជាមួយសិង្ហបុរី ដែលស្មើ ១-១ ជាមួយថៃ នៅវេលាម៉ោង៤:៣០នាទីរសៀលនេះនៅកីឡដ្ឋាន Thong Nhat មុនម្ចាស់ផ្ទះវៀតណាមជួបជើងខ្លាំងអូស្ត្រាលីនៅម៉ោង៧:៣០នាទីយប់នាកីឡដ្ឋានដដែលនេះ។
សម្រាប់ការប្រកួតពូល A កាលពីថ្ងៃព្រហស្បតិ៍ U18 មីយ៉ាន់ម៉ាបានយកឈ្នះហ្វីលីពីន ៤-១ រីឯឥណ្ឌូណេស៊ីលត់ទីម័រខាងកើត ៤-០ ខណៈឡាវ ស៊ី ព្រុយណេ ១-០៕
Tag:
AFF U18 Championship
U18 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com