ជាតិ
សង្គមជាតិ
ដាច់​ផ្លូវ​មួយ​ខ្សែ​ក្នុងស្រុក​ព្រៃនប់ ដោយសារ​ទឹក​ជន់​លិច​
09, Aug 2019 , 1:45 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក ហ៊ុយ ប៊ុនឡេង
រូបពីហ្វេសប៊ុកលោក ហ៊ុយ ប៊ុនឡេង
​ភ្នំពេញ​៖ ផ្លូវ​មួយ​ខ្សែ ពី​ព្រលានយន្តហោះ​ឆ្ពោះទៅ​សមុទ្រ​រាម ត្រូវបាន​ដាច់ ដោយសារ​ទឹក​ជន់​លិច កាលពី​ថ្ងៃទី​៨ សីហា​។ ផ្លូវ​មួយ​ខ្សែ​នោះ ស្ថិតនៅ​ចំណុច​ភូមិ​រាម ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

 
​អ្នកនាំពាក្យ​ខេត្ត​ព្រះសីហនុ លោក ឃៀង ភារ​ម្យ បាន​ប្រាប់សារព័ត៌មានថ្មីៗថា នៅពេលនេះ អាជ្ញាធរ​កំពុង​ជួយ​សម្រួល​ចរាចរណ៍ និង​រៀបចំ​សណ្ដាប់ធ្នាប់​បណ្ដោះអាសន្ន​នៅ​ទីនោះ​ហើយ​។​«​ទឹក​លិច​ដាច់​ផ្លូវ​លេខ​៤៥ កាលពី​យប់​(​ថ្ងៃទី​៨ សីហា​)​មក​ឥឡូវ ហើយ​ឥឡូវ​ផ្លូវ​នេះ មិន​ធ្វើ​ចរាចរណ៍​បានឡើយ​។ ផ្លូវលំ​ក្នុងភូមិ​រាម​មួយ​ខ្សែ​ទៀត​ក៏​លិច​ដែរ តែ​ពេលនេះ​អាចធ្វើ​ដំណើរ​បាន​» ។ នេះ​ជាការ​បញ្ជាក់​របស់លោក ឃៀង ភារ​ម្យ ដែល​បាន​បន្ថែមថា ខេត្ត​ព្រះសីហនុ​ត្រូវបាន​ជន់​លិច​ទឹក ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ។​
 
​សេចក្ដីជូនដំណឹង​រប​ស់​ក្រសួង​ធនធានទឹក​នៅ​ព្រឹក​ថ្ងៃទី​៩​ខែសីហា​នេះ បាន​បញ្ជាក់ថា ខេត្ត​ព្រះសីហនុ មាន​ភ្លៀង​ធ្លាក់​គំហុក​ជាប់ៗ​គ្នា ចាប់ពី​ថ្ងៃទី​១​ខែសីហា​មកម្ល៉េះ​។ គិត​មកដល់​ថ្ងៃនេះ បរិមាណ​ភ្លៀង​សរុប​មាន​រហូតដល់ ៨១៤​មី​លី​ម៉ែត្រ និង​បន្ត​ធ្លាក់​ទៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត ដែល​បណ្ដាល​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​ធ្ងន់ធ្ងរ​នៅ​ទីនោះ​។ 
 
​ក្រសួង​ធនធានទឹក ក៏បាន​បន្ថែមថា ខេត្តរតនគិរី ក៏​ជួប​បញ្ហា​ទឹកជំនន់​ដែរ ដោយសារ​រងទឹក​ភ្លៀង និង​ទឹក​ទន្លេស្រែពក​ឡើង​យ៉ាងគំហុក ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ស្រុក​ចំនួន​ពីរ គឺ​ស្រុក​កូន​មុំ និង​ស្រុក​លំផាត់​។​
 
​ក្រៅពី​តំបន់​រងគ្រោះ​ទឹកជំនន់ ក៏មាន​តំបន់​មួយចំនួន​កំពុង​ជួប​ភាពរាំងស្ងួត​ទៅវិញ ពិសេស​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ដូចជា​ខេត្តបន្ទាយមានជ័យ ប៉ៃលិន និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕
 
 

Tag:
 ទឹកជំនន់​
  ភ្លៀង​
© រក្សាសិទ្ធិដោយ thmeythmey.com