អន្តរជាតិ
តប​នឹង​ការបន្ទោស​មេដឹកនាំ​ម៉ាឡេស៊ី​, មី​យ៉ាន់​ម៉ា អះអាង​វិញ​ថា ប្រជាធិបតេយ្យ​ខ្លួន​មិន​ដើរ​ថយក្រោយ តែ​ដើរ​យឺត​បន្តិច​
10, Aug 2019 , 8:59 am        
រូបភាព
ជនភៀសខ្លួនក្នុងជំរំមួយកន្លែងនៅរដ្ឋ Rakhine ។ រូបភាព EPA
ជនភៀសខ្លួនក្នុងជំរំមួយកន្លែងនៅរដ្ឋ Rakhine ។ រូបភាព EPA
ដោយ:
​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ បាន​ប្រតិកម្ម​ជាថ្មី​ទៅនឹង​រដ្ឋាភិបាល​ក្រុង​កូ​ឡា​ឡាំ​ពួរ​លើ​ការចោទប្រកាន់ និង​បន្ទោ​សមី​យ៉ាន់​ម៉ា​ពាក់ព័ន្ធ​ករណី​ក្នុង​រដ្ឋ​រ៉ា​ខាន ដែលជា​កន្លែង​ផ្ទុះ​ហិង្សា និង​ការ​ភៀសខ្លួន​របស់​ជនជាតិ​ភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​។ ក្រុង​ណៃ​ពិដោរ អះអាង​ជាថ្មី​ថា ដំណើរការ​នៃ​ការស្តារ​ស្ថានភាព​ឲ្យ​ល្អប្រសើរ​ឡើងវិញ កំពុងតែ​ប្រព្រឹត្តឡើង​តាម​ដំណាក់កាល​ជា​បន្តបន្ទាប់​។​

 
​អ្នកនាំពាក្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា លោក Zaw Htay នៅ​ចុង​សប្តាហ៍​មុន បាន​ថ្លែងថា បញ្ហា​នៅក្នុង​រដ្ឋ​រ៉ា​ខាន ( Rakhine ) បាន​ប៉ះពាល់​ខ្លាំង​ដល់​ដំណើរការ នៃ​ការផ្លាស់ប្តូរ​ប្រជាធិបតេយ្យ​របស់​មី​យ៉ាន់​ម៉ា​។ អ្នកនាំពាក្យ​ថ្លែង​បែបនេះ ដើម្បី​ជា​ផ្នែក​មួយ​ឆ្លើយតប​នឹង​ការចោទប្រកាន់​របស់​នា​យក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ដែល​បាន​លើកឡើងថា វិបត្តិ​រដ្ឋ​រ៉ា​ខាន អាច​ប្រឈម​នឹង​បទល្មើស​ប្រល័យពូជសាសន៍ ឬ​ការសម្លាប់​រង្គាល​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Myanmar Times អ្នកនាំពាក្យ បាន​បញ្ជាក់ថា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​ព្យាយាម​ដោះស្រាយ​បញ្ហា​នៅក្នុង​រដ្ឋ​រ៉ា​ខាន តាំងពី​តំបន់​នេះ​រង​ការវាយប្រហារ​ពី​ក្រុម​ទាហាន​ផ្តាច់ខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​ខែសីហា ឆ្នាំ​២០១៧​មក ហើយ​តំបន់​នេះ ក៏​រង​ការវាយប្រហារ​ជា​បន្ត​បន្ទាប់ពី​ក្រុម​ឧទ្ទាម​ទៀតផង​។ ចំណុច​នេះហើយ លោក អះអាងថា បានធ្វើ​ឲ្យ​ការអភិវឌ្ឍ​នៅ​ទីនោះ​ត្រួវ​ជួប​ឧបសគ្គ ជាពិសេស​នោះ​ការអនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ​តែម្តង​។​
 
​អ្នកនាំពាក្យ​ដដែល​នេះ បានកំណត់​សម្គាល់ថា ខណៈពេល​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា កំពុងតែ​ព្យាយាម​ស្តារ​ស្ថិរភាព​នៅ​តំបន់​រង​ប៉ះពាល់​នេះ មី​យ៉ាន់​ម៉ា បាន​ទទួលរង​ការរិះគន់ និង​សម្ពាធ​ជាច្រើន​ពី​សហគមន៍​អន្តរជាតិ​លើ​បញ្ហា​នេះ​។ លោក បន្ថែមថា ប្រៀបធៀប​ជាមួយនឹង​បណ្តា​ប្រទេស​ដែល​កំពុងតែ​ផ្លាស់ប្តូរ​ទៅរក​ប្រជាធិបតេយ្យ មី​យ៉ាន់​ម៉ា ស្ថិតនៅក្នុង​ស្ថានភាព​លំបាក​ខ្លាំង ដ្បិត​វិបត្តិ​រដ្ឋ​រ៉ា​ខាន រុញច្រាន​រដ្ឋាភិបាល​ឲ្យ​ស្ថិតក្នុង​ការសម្រេចចិត្ត​ដ៏​តានតឹង​។
 
​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ បាន​ថ្លែង​បញ្ជាក់​ជាថ្មី​ថា មី​យ៉ាន់​ម៉ា នឹង​នៅតែ​បន្ត​អនុវត្ត​គោលនយោបាយ​តាម​បែបផែន​របស់ខ្លួន ដើម្បី​ធានា​ពី​សុវត្ថិភាព​ប្រជាជន​, នីតិរដ្ឋ​, យុត្តិធម៌ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។ លោក អះអាងថា មី​យ៉ាន់​ម៉ា មិន​ស្ថិតនៅ​ក្នុងចំណោម​បណ្តា​ប្រទេស ដែល​កំពុងតែ​ដើរ​ថយ​នោះទេ ក៏ប៉ុន្តែ​លោក ទទួលស្គាល់ថា ដំណើរការ​នៃ​ការដើរទៅ​មុខរប​ស់មី​យ៉ាន់​ម៉ា មាន​លក្ខណៈ​យឺត​។​
 
​គួរ​ជម្រាប​ផងដែរ​ថា វិបត្តិ​នៅក្នុង​រដ្ឋ​រ៉ា​ខាន ដែល​បាន​បណ្តាល​ឲ្យ​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​ជាង​កន្លះ​លាន​នាក់ ត្រូវ​ភៀសខ្លួន និង​កំពុងតែ​ស្នាក់នៅ​ក្នុង​ជំរំ​បណ្តោះអាសន្នរ​បស់បង់​ក្លា​ដែ​ស បាន​បង្កើតជា​រឿង​ថ្នាំងថ្នាក់​មួយ​រវាង​ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា​។ ម៉ាឡេស៊ី បន្ទោស​មី​យ៉ាន់​ម៉ា និង​ចង់ឃើញ​មី​យ៉ាន់​ម៉ា សកម្ម​ជាង​នេះ ក្នុងការ​ដោះស្រាយ​បញ្ហា​។ 
 
​ក៏ប៉ុន្តែ​រាល់​ការសម្រេច​ផ្សេងៗ​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​សម្រាប់​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ត្រូវធ្វើឡើង​ដោយ​ហ្មត់ចត់ និង​គិតគូរ​បំផុត​។ នោះ​ក៏​ព្រោះតែ​ប្រជាជន​មី​យ៉ាន់​ម៉ា​មួយ​ភាគ រួមទាំង​ព្រះសង្ឃ​ពុទ្ធសាសនិក ប្រឆាំង​ដាច់ខាត​មិន​ឲ្យ​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោ ទទួលស្គាល់​ជនជាតិ​នេះ ជា​ជនជាតិ ឬ​ពលរដ្ឋ​ស្របច្បាប់​របស់​ប្រទេស​ឡើយ​។ ចង់ ឬ​មិន​ចង់ ដើម្បី​ធានា​ពី​សន្តិសុខ​ប្រទេស​ពី​ការ​បាតុកម្ម​តវ៉ា​នានា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ត្រូវអនុវត្ត​គោលនយោបាយ​ស្ទាបស្ទង់​ផង ដែល​ធ្វើ​ឲ្យ​ការអនុវត្ត​មិនអាច​លឿន​បានឡើយ​៕ 

Tag:
 ម៉ាឡេស៊ី​
  មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com