អន្តរជាតិ
លោក មហា​ធៀ ទទួលស្គាល់​សារសំខាន់​យុវជន​ក្នុង​ការបន្ត​ទស្សនវិស័យ​ជាតិ​
10, Aug 2019 , 9:59 am        
រូបភាព
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់
ដោយ:
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធៀ មហាម៉ាត់ លើកឡើងថា រដ្ឋាភិបាល​ទទួលស្គាល់​តួនាទី​ដ៏​សំខាន់​របស់​យុវជន​ជំនាន់​ក្រោយ ហើយ​ការរួមចំណែក​របស់​ពួកគេ​មាន​សារសំខាន់​បំផុត​ដើម្បី​បន្ត​ទស្សនវិស័យ​របស់​ម៉ាឡេស៊ី​នាពេល​អនាគត​។

 
​ថ្លែង​ក្នុង​កម្មវិធី​ថ្នាក់ជាតិ​មួយ​កាលពី​ថ្ងៃទី​៤ ខែសីហា លោក មហា​ធៀ មហាម៉ាត់ និយាយថា ការផ្តល់​ឱកាស​ឲ្យ​យុវជន​ទាំងនោះ​ចូលរួម​ក្នុង​ប្រព័ន្ធ​ដឹកនាំ​បែប​ប្រជាធិបតេយ្យ នៅ​អាយុ​ក្មេង​ជាង​មុន គឺជា​រឿង​សំខាន់បំផុត​។ ក្នុងន័យនេះ លោក ចង់​សំដៅទៅ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ​សហព័ន្ធ ដើម្បី​បន្ថយ​អាយុ​បោះឆ្នោត​ពី​២១ ឆ្នាំ​មក ១៨ ឆ្នាំ​វិញ ដែល​បានអនុម័ត​ដោយ​សភា​ជាន់​ទាប​កាលពី​ថ្ងៃទី​១៦ ខែកក្កដា​កន្លងទៅ​។​
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Bernama មេដឹកនាំ​វ័យ​៩៤​ឆ្នាំ​រូបនេះ​អះអាងថា ការធ្វើ​វិសោធន​កម្មនេះ នឹង​បើកឱកាស​កាន់តែ​ធំ​សម្រាប់​មនុស្ស​ដែលមាន​អាយុ ១៨ និង​លើសពីនេះ ក្លាយខ្លួនជា​បេក្ខភាព​សម្រាប់​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​។  
 
​ខណៈ​ក្តីសង្ឃឹម​របស់​ប្រទេសជាតិ​លើ​យុវជន​ជំនាន់​ក្រោយ មាន​កម្រិត​ខ្ពស់ លោក មហា​ធៀ បារម្ភ​ថា យុវជន ដែល​កំពុង​រស់នៅក្នុង​ភាព​សុខដុម ពុំ​ដឹង​ទេ​ថា តើ​មានការ​លះបង់​សាច់ឈាម​ប៉ុន្មាន​ឡើយ ទើប​អាចធ្វើ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី​ឈរ​នៅ​ទីតាំង​នាពេល​បច្ចុប្បន្ននេះ​។  
 
«​អ្នកខ្លះ បាន​ក្លាយជា​មនុស្ស​ដែល​ភ្លេចការ​តស៊ូ​ដ៏​វែងឆ្ងាយ​របស់​ប្រជាជាតិ ។ សម្រាប់​ពួកគេ ភាព​សុខដុម និង​ចំណុច​ល្អៗ ដែល​ពួកគេ​កំពុង​សោយសុខ ជា​រឿង​ធម្មតា ហើយ​បញ្ហា​ប្រទេសជាតិ ពុំមែន​ជា​ទំ​នួ​ស​ខុសត្រូវ​របស់​ពួកគេ​នោះឡើយ​»​។ ត្រង់ចំណុច​នេះ លោក សង្កត់ធ្ងន់ថា ការយល់ឃើញ​បែបនេះ អាច​បំផ្លិចបំផ្លាញ​ប្រទេសជាតិ​បាន​។ 
 
​ជា​ចុងក្រោយ មេដឹកនាំ​ចាស់វស្សា​រូបនេះ បញ្ជាក់ទៀតថា យុវជន​ជំនាន់​ក្រោយ គួរតែ​ប្រកាន់ខ្ជាប់​នូវ​គោល​គំនិត​ចម្បងៗ​ចំនួន​ពីរ​រួមមាន ព្រលឹង​ស្នេហា​ជាតិ និង​ការ​ឲ្យ​តម្លៃ​ខ្លួនឯង​ខ្ពស់ ដ្បិតថា​បុគ្គល​លក្ខណៈ​របស់​ពួកគេ  នឹង​ឆ្លុះបញ្ចាំង​ពី​អត្តសញ្ញាណ​បច្ចុប្បន្ន និង​អនាគត​របស់​ប្រទេសជាតិ​៕
 

Tag:
 ម៉ាឡេស៊ី​
  យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com