អន្តរជាតិ
ប្រមុខ​ណា​តូ​ស្នើ​ឲ្យ​សម្ព័ន្ធមិត្ត​គិតគូរ​ទប់ទល់​ការកើនឡើង​ឥទ្ធិពល​ចិន​
09, Aug 2019 , 7:39 pm        
រូបភាព
ដោយ៖ងួន សុ​ភាវ​ត្តី
 
​ប្រមុខ​បក្សសម្ព័ន្ធ​យោធា​ណា​តូ  នៅ​ថ្ងៃ​ដើម្បី​សប្តាហ៍​នេះ​និយាយថា  ណា​តូ​ត្រូវតែ​គិតគូរ​ពី​ការ​សាយភាយ​ឥទ្ធិពល​របស់​ចិន​លើ​ពិភពលោក ជាពិសេស​នៅ​តំបន់​ខ្លះ​ដែល​អាច​ប៉ះពាល់​ដល់​សមាជិក​ខ្លួន​ផង​។​


 
​អគ្គលេខាធិការ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​លោក Jen Stoltenberg បង្ហាញ​ក្តីបារម្ភ​ពី​ការកើនឡើង​នៃ​ឥទ្ធិពល​ចិន​ពាសពេញ​ពិភពលោក ជាពិសេស​ស​សកម្មភាព​មហាអំណាច​នេះ​នៅក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។​
 
​និយាយ​ក្នុង​កិច្ច​សម្ភាស​នៅ​ទីក្រុង​ស៊ីដនី លោក Stoltenberg និយាយ​ដូច្នេះ​៖ «​នេះ​មិនមែន​ជាការ​ទាញ​ណា​តូ​ចូល​មហាសមុទ្រ​ប៉ាស៊ីហ្វិក តែ​ជាការ​ឆ្លើយតប​ទៅនឹង​ការពិត​ដែលថា​ឥទ្ធិពល​ចិន​កាន់តែ​ចូល​កៀក​យើង​»​។​
 
 ប្រមុខ​ណា​តូ​រូបនេះ​សំដៅលើ ការវិនិយោគ​ច្រើនសន្ធឹក​សន្ធាប់​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​នៅ​អឺរ៉ុប​,  ការកើនឡើង​វត្តមាន​របស់​ចិន​នៅ​តំបន់​អាក់​ទិ​ក និង​នៅ​ទ្វីបអាហ្វ្រិក រួមទាំង​នៅតាម​បណ្ដាញ​អ៊ីនធឺណិត​ថែមទៀត​។ 
 
​លោក​បន្តថា ស្ថានការណ៍​នេះ​ចាំបាច់​ត្រូវមាន​ការដោះស្រាយ​ការ  ហើយ​កន្លងមក​ណា​តូ​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​ក្នុង​តំបន់​ក្នុងនោះ​មាន អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ ជប៉ុន​និង កូរ៉េខាងត្បូង​ផងដែរ​។​
 
​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ធ្លាប់​អះអាង​ច្រើនដង​ហើយ​ថា ការរីកចម្រើន​ខាង​សេដ្ឋកិច្ច និង​យោធា​របស់ខ្លួន​ដែល​មិនបាន​បង្ក​ការគំរាមកំហែង​ដល់​ប្រទេស​ដទៃ​ទេ​។ ការ​ត្រដែត​ឡើង​របស់​ចិន​ខ្លួន​គឺមាន​ភាព​វិជ្ជមាន​ចំពោះ​ពិភពលោក​។ 
 
​ប៉ុន្តែ​ភាព​តានតឹង​បាន​កើនឡើង​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​វ៉ាស៊ីនតោន និង​ប៉េកាំង​ជំរុញ​ឲ្យ​អាមេរិក​ស្វែងរក​វិធានការ​បន្ថែម​ដើម្បី​តបត​ជាមួយ​ចិន​។ កាលពី​សប្តាហ៍​មុន រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Mark Esper និយាយថា លោក​ឲ្យ​មានការ​ពង្រាយ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ផង​។ 
 
​លោក Stoltenberg ក៏បាន​បង្ហើប​ពី​កិច្ចសន្ទនា​ជាមួយ​លោក Esper ជុំវិញ​គម្រោង​ពង្រាយ​មី​ស៊ី​ល​នៅ​អាស៊ី​នេះដែរ​។ លោក Esper បញ្ជាក់ប្រាប់​ប្រមុខ​ណា​តូ​ថា វា​នឹងត្រូវ​ចំណាយពេល​ច្រើន​ដើម្បី​អភិវឌ្ឍ​មី​ស៊ី​ល​ចម្ងាយ​មធ្យម​ថ្មី ហើយ​ការដាក់​ពង្រាយ​អាវុធ​ក្នុង​តំបន់​នេះ​ក៏​ត្រូវការ​ពេលវេលា​។ ម្យ៉ាង​បច្ចុប្បន្ននេះ គ្មាន​ការសម្រេចចិត្ត​ណាមួយ​ត្រូវបាន​ធ្វើឡើង​នៅឡើយ​ទេ​។​
 
​គួររំលឹកថា​ប្រទេស​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​អូស្ត្រាលី ប៉ុន្តែ​ទំនាក់ទំនង​ការទូត​និង​ពាណិជ្ជកម្ម​បាន​ថយចុះ​គួរឱ្យកត់សម្គាល់​នៅពេលដែល​ទីក្រុង​កង់​បេ​រ៉ា​បន្ត​បង្ហាញ​ការព្រួយបារម្ភ អំពី​ឥទ្ធិពល​របស់​ចិន​ក្នុង​តំបន់ និង​បាន​ហាមឃាត់​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន Huawei អភិវឌ្ឍ​បណ្តាញ 5G ក្នុង​ទឹកដី​អូស្ត្រាលី​ផងដែរ​៕
 

Tag:
 ណា​តូ​
  ចិន​
  Jen Stoltenberg
© រក្សាសិទ្ធិដោយ thmeythmey.com