ជាតិ
បាក់ឌុប
ចំណុច​អ្វីខ្លះ​ដែល​បេក្ខជន​បាក់​ឌុប​ត្រូវ​ចៀសវាង​ពេល​ប្រឡង​?
09, Aug 2019 , 10:39 pm        
រូបភាព
​ដោយ​៖ ឃុន សម្ផស្ស
 
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីប្រកាស​ស្តី​ពីបទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ​សម្រាប់​បេក្ខជន​ដែល​ត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) សម័យ​ប្រឡង​១៩ សីហា ឆ្នាំ​២០១៩​។ បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ​ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី ហង់ ជួន ណា​រ៉ុ​ន កាលពី​ថ្ងៃទី​១៥ ខែកក្កដា នេះ​ក្នុង​គោលបំណង​រក្សា​សណ្តាប់ធ្នាប់​របៀបរៀបរយ​ក្នុងការ​ប្រឡង​។

 
«​មិនត្រូវ​មកដល់​មណ្ឌល​ប្រឡង​ក្រោយ​ជួង​ទី​ពីរ​»​។ នេះ​ជាការ​ប្រការ​គួរ​យកចិត្តទុកដាក់​បំផុត​ក្នុងនាម​ជា​បេក្ខជន​ប្រឡង​ម្នាក់​ដែល​ក្រសួង​បាន​រំលឹក និង​ដាក់​កំហិត​។ ការ​ស្លៀកពាក់​ឯកសណ្ឋាន​កងក​ម្លាំ​ង​ប្រដាប់អាវុធ ការយក​ជាតិ​ផ្ទុះ ទូរ​សព្ទ​ដៃ និង​ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ ត្រូវបាន​ហាមឃាត់​ដាច់ខាត​។​
 
​សម្ភារ​សិក្សា​ដូចជា​សៀវភៅ និង​សំណៅ​ឯកសារ​គ្រប់​រូបភាព កា​តាប កាបូប​យួរដៃ ថង់ និង​ទឹកលុប​ពណ៌​ស ជាដើម​នោះ ក៏​មិន​ត្រូវមាន​វត្តមាន​នៅជាប់​ជាមួយ​បេក្ខជន​ប្រឡង​នោះដែរ​។ ជាមួយគ្នានេះ រដ្ឋមន្ត្រី​អប់រំ បាន​ក្រើនរំលឹក​ទាក់ទង​នឹង​ការបង្ហាញ​អាកប្បកិរិយា​មិន​គប្បី​មួយចំនួន​ដូចជា ចូល​បន្ទប់​ប្រឡង​មុន​អនុរក្ស​ហៅ​ឈ្មោះ ការប្រើ​ពាក្យសម្តី​មិន​សមរម្យ ការបដិសេធ ការប្រឆាំង​តបត ឬ​បាតុភាព​បង្កដោយ​ពាក្យ​សំដៅ និង​កាយ​ចំពោះ​អ្នកត្រួតពិនិត្យ​។​
 
​អ្វីដែល​គួរ​ចៀសវាង​បន្ថែមទៀត​នោះ គឺ​មិន​ត្រូវធ្វើ​ចម្លើយ​វិញ្ញាសា នៅលើ​សន្លឹក​កិច្ចការ​ណា​ដែល​គ្មាន​ហត្ថលេខា​របស់​អនុរក្ស​, មិនត្រូវ​ចម្លង​ប្រធាន​វិញ្ញ​សា​ចូលក្នុង​ក្រដាស​ដទៃ​, មិនត្រូវ​បោះ​ប្រធាន​វិញ្ញាសា​ចេញ​ក្រៅ​បន្ទប់​ប្រឡង​, មិនត្រូវ​ងើបឈរ ឬ​ងាកឆ្វេង ស្តាំ ដោយ​គ្មាន​ការអនុញ្ញាត​ពី​អនុរក្ស​, មិនត្រូវ​ប្តូរ​គ្នា​នូវ​សន្លឹក​កិច្ចការ ឬ​ក្រដាស​ព្រាង​, មិនត្រូវ​ធ្វើ​សញ្ញា​សម្គាល់​លើ​សន្លឹក​កិច្ចការ​, មិនត្រូវ​លាក់ ឬ​ហែក​សន្លឹក​កិច្ចការ​របស់ខ្លួន​, មិនត្រូវ​បំផ្លាញ ឬ​ធ្វើ​ឲ្យ​ខូចខាត​សម្ភារៈ​ក្នុង​បន្ទប់​ប្រឡង​, មិនត្រូវ​ឲ្យ​អ្នកដទៃ​ប្រឡង​ជំនួស ឬ​សរសេរ​បំពេញបន្ថែម​លើ​សន្លឹក​កិច្ចការ​៕​

Tag:
 អប់រំ​
 ​ប្រឡង
© រក្សាសិទ្ធិដោយ thmeythmey.com