អន្តរជាតិ
ឥណ្ឌា ស្នើប៉ាគីស្ថានគិតគូររឿងទម្លាក់ទំនាក់ទំនងការទូតឡើងវិញ បាតុកម្មប្រឆាំងឥណ្ឌានៅប៉ាគីស្ថាន។ រូបភាព AFP
× ទីក្រុងញូវដេលី បានទទូចឲ្យទីក្រុងអ៊ីស្លាម៉ាបាដ គិតគូរឡើងវិញពីការទម្លាក់ទំនាក់ទំនងការទូតទ្វេភាគី និងការកាត់ផ្ដាច់ទំនងពាណិជ្ជកម្មនោះ ក្រោយឥណ្ឌាដកហូតអំណាចស្វ័យភាពពីរដ្ឋកាស្មៀរនោះ។ ឥណ្ឌានៅតែចាត់ទុកការសម្រេចចិត្តនៅដើមសប្ដាហ៍នេះ ជាកិច្ចការផ្ទៃក្នុងរបស់ខ្លួនដដែល។ ក្នុងន័យសម្រាលស្ថានការណ៍ ឥណ្ឌាក៏ប្រាប់ប៉ាគីស្ថានដែរថា វាជាវិធានការដើម្បីអភិវឌ្ឍតំបន់សម្បូរជនមូស្លីមមួយនេះ។
ការសម្រេចចិត្តរបស់ឥណ្ឌាក្នុងការដកហូតឋានៈពិសេសរបស់រដ្ឋកាស្មៀរដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន និងការលើកលែងការហាមឃាត់ជនជាតិឥណ្ឌាផ្សេងទៀតទៅស្នាក់នៅអចិន្ត្រៃយ៍នៅកាស្មៀរ កំពុងក្លាយជាប្រធានបទក្ដៅគគុក ហើយធ្វើឲ្យទំនាក់ទំនងឥណ្ឌា និងប៉ាគីស្ថានធ្លាក់ចុះដល់ដំណាក់កាលទាបបំផុតជាថ្មីទៀត។ ប៉ាគីស្ថាន បានប្រតិកម្មខ្លាំងនឹងចំណាត់ការរបស់រដ្ឋាភិបាលនាយករដ្ឋមន្ត្រី នារិន្ទ្រា ម៉ូឌី ។
ប៉ាគីស្ថាន ដែលកាន់កាប់កាស្មៀរមួយផ្នែកដែរនោះ បានប្រកាសទម្លាក់ទំនាក់ទំនងការទូតជាមួយឥណ្ឌា បណ្ដេញអគ្គរដ្ឋទូតឥណ្ឌាប្រចាំក្រុងអ៊ីស្លាម៉ាបាដឲ្យទៅស្រុកវិញ ហើយអគ្គរដ្ឋទូតប៉ាគីស្ថានដែលគ្រោងចាប់ផ្ដើមការងារនៅរដ្ឋធានីញូវដេលី ក៏ត្រូវបានសកម្មភាពបណ្ដោះអាសន្នដែរ។ លើសពីនោះ ក្រុងអ៊ីស្លាម៉ាបាដ ក៏បានប្រកាសផ្អាកទំនាក់ទំនងពាណិជ្ជកម្ម ហើយប្រព័ន្ធរថភ្លើងទៅកាន់ឥណ្ឌា ក៏ត្រូវផ្អាកដូចគ្នាដែរ។
ឆ្លើយតបនឹងចំណាត់ការធ្ងន់ដៃរបស់ប៉ាគីស្ថាន ឥណ្ឌា មិនប្រើប្រាស់សម្ដីខ្លាំងវិញដែរ។ ក្រសួងការបរទេសឥណ្ឌា បានបង្ហាញការសោកស្ដាយចំពោះការវិធានការរបស់របស់ប៉ាគីស្ថាន និងបានអំពាវនាវឲ្យរដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដ ត្រួតពិនិត្យឡើងវិញរាល់ចំណាត់ការទាំងនេះ សំដៅថែទាំប្រព័ន្ធទំនាក់ទំនងការទូតសព្វថ្ងៃ។ មិនមែនតែប៉ាគីស្ថានឡើយ សូម្បីតែចិនក៏មិនពេញចិត្តនឹងវិធានការរបស់ឥណ្ឌាដែរ ព្រោះវាក៏បានគ្របដណ្ដប់ទឹកដី Ladakh ដែលខ្លួនទាមទារសិទ្ធិគ្រប់គ្រងផង។
និយាយពីទឹកដីកាស្មៀរដែលត្រូវពុះច្រៀកដោយឥណ្ឌា ប៉ាគីស្ថាន និងចិននេះ ទឹកដីរដ្ឋមួយនេះដែលស្ថិតក្រោមការត្រួតត្រារបស់ឥណ្ឌា កំពុងស្ថិតក្នុងស្ថានភាពបិទជិតដដែល។ ក្រុងញូវដេលី បានបិទប្រព័ន្ធទូរសព្ទ អ៊ីនធឺណិត និងទូរទស្សន៍នៅកាស្មៀរ ដាក់បម្រាមគោចរ និងចាប់ចងមនុស្សរាប់រយនាក់។ អ្នកនយោបាយក្នុងស្រុកនៅកាស្មៀរជាច្រើននាក់ ក៏ស្ថិតក្នុងការឃុំខ្លួនក្នុងផ្ទះដើម្បីបញ្ចៀសការប្រមូលផ្ដុំធ្វើបាតុកម្ម។
យោធាឥណ្ឌារាប់ពាន់នាក់ បន្តល្បាតនៅតាមដងផ្លូវក្នុងទឹកដីកាស្មៀរ ខណៈមេដឹកនាំក្នុងតំបន់បានព្រមានពីផលវិបាកដែលកើតឡើងដោយការសម្រេចចិត្តរបស់ក្រុងញូវដេលីដែលទាញកាស្មៀរយកទៅគ្រប់គ្រងដោយផ្ទាល់នោះ។ ទោះជាមានការផ្ដាច់ប្រព័ន្ធទំនាក់ទំនងមែន បាតុកម្មទ្រង់ទ្រាយតូចៗ នៅតែផ្ទុះឡើងនៅទីក្រុង Srinagar ដែលជាទីក្រុងធំនៃតំបន់កាស្មៀរ គ្រប់គ្រងដោយឥណ្ឌា៕
Tag:
ឥណ្ឌា
ប៉ាគីស្ថាន
កាស្មៀរ
© រក្សាសិទ្ធិដោយ thmeythmey.com