អន្តរជាតិ
ដំណើរ​នៃ​ការទាមទារ​ឯករាជ្យរ​បស់​សិង្ហ​បុរី​ពី​ម៉ាឡេស៊ី​
09, Aug 2019 , 9:39 pm        
រូបភាព
លោក លី ក្វាងយូ បិតាស្ថាបនិកសិង្ហបុរី
លោក លី ក្វាងយូ បិតាស្ថាបនិកសិង្ហបុរី
​មាន​ប្រទេស​ជាច្រើន ដែលមាន​ប្រវត្តិ​ដ៏​វេទនា​ក្នុងការ​ទាមទារ​ឯករាជ្យ​ភាព​ជូន​ប្រទេសជាតិ​របស់​​ខ្លួន​។ ការដាក់​អាណានិគម និង​អាណាព្យាបាល​ពី​សំណាក់​ប្រទេស​ដែលមាន​ឥទ្ធិពល និង​អំណាច​បានធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ ភូមិសាស្ត្រ​ប្រជារាស្ត្រ វប្បធម៌ ជំនឿ​សាសនា ប្រពៃណី​ជាច្រើន​។ ក្នុងនោះ ប្រទេស​កោះ​តូច​មួយ​ដែលមាន​ឈ្មោះថា សិង្ហ​បុរី ក៏បាន​ជួបប្រទះ​កាលៈទេសៈ​ស្រដៀង​គ្នា​នឹង​បណ្តា​ប្រទេស​ជាច្រើន​ទៀត​ក្នុង​ពិភពលោក​ដែរ​។ ហេតុអ្វី​បានជា​ប្រទេសមួយ​នេះ​ត្រូវ​ទាមទារ​យក​ឯករាជ្យភាព​? តើ​មាន​រឿងរ៉ាវ​អ្វីខ្លះ​ដែល​បាន​កើតឡើង​ក្នុងពេលនោះ​?

 
​សិង្ហ​បុរី ជា​ប្រទេស​កោះ​តូច​មួយ មាន​ទីតាំងនៅ​ចុង​ខាងត្បូង​នៃ​ឧបទ្វីប​ម៉ា​ឡេ តែ​ជា​ច្រក​សមុទ្រ​តូច​មួយ​សំខាន់​ក្នុងការ​ធ្វើដំណើរ​តាម​នាវា និង​នាវា​ពី​ផ្នែក​មួយ​ទៅ​ផ្នែក​មួយទៀត​នៃ​ផែនដី​។ នៅ​ចុង​ដែល​វែង​បំផុត ប្រទេស​សិង្ហ​បុរី​មាន​ប្រវែង​រហូត​ទៅដល់​៤៨​គីឡូម៉ែត្រ និង​មាន​ប្រជាជន​រស់នៅ​ដល់​ទៅ​ជាង ៥,៥​លាន​នាក់​។ 
 
​តាម​ការបកស្រាយ​រប​ស់ទស្ស​នាវ​ដ្តី The Economist ប្រវត្តិសាស្ត្រ​ទំនើប​នៃ​ប្រទេស​សិង្ហ​បុរី​បានចាប់ផ្តើម​ឡើង​ក្នុង​សតវត្សរ៍​ទី​១៩ ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​របស់​ចក្រ​ភព​អង់គ្លេស​ម្នាក់​ដែលមាន​ឈ្មោះថា លោក Stanford Raffle ។ លោក Raffle បាន​ចាប់យក​ទឹកដី​នៃ​កោះ​សិង្ហ​បុរី​ជា​ផ្នែក​មួយ​នៃ​ការគ្រប់គ្រង​ដែនសមុទ្រ និង​កន្លែង​ដោះដូរ​ទំនិញ​សម្រាប់​ក្រុមហ៊ុន «​ឥណ្ឌា​ខាងកើត​» ដែលជា​ក្រុមហ៊ុននាំចេញ​នាំចូល​ទំនិញ​មួយ​យ៉ាង​ធំ​របស់​ចក្រភព​អង់គ្លេស​កាលពី​សម័យកាល​នោះ​។ 
 
​សិង្ហ​បុរី គឺជា​ចំណុច​សំខាន់​មួយ​ក្នុង​ចំណុច​សំខាន់់​ចំនួន​បី​ក្នុង​តំបន់​មួយ​នេះ​។ ចំណុច​សំខាន់​ពីរ​ទៀត​មានដូចជា តំបន់​កំពង់ផែ Malaka និង Penang នៃ​ប្រទេស​ម៉ាឡេស៊ី​។ ចក្រភព​អង់គ្លេស បាន​អំពាវនាវ​ឲ្យ​ប្រជាជន​នៅតាម​តំបន់​អាស៊ី​ខាងត្បូង (​មានដូចជា​ជនជាតិ​ឥណ្ឌា​) និង​ប្រជាជន​ដែល​ចង់​ចាក​ចេញពី​ប្រទេស​ចិនដីគោក អាចមក​រស់នៅ និង​ធ្វើការ​លើ​កោះ​មួយ​នេះ​បាន​។ 
 
​នៅក្នុង​ឆ្នាំ​១៩៥៩ ចក្រភព​អង់គ្លេស បានប្រគល់​ការគ្រប់គ្រង​ភាគច្រើន​របស់ខ្លួន​មក​ឲ្យ​ប្រទេស​
​សិង្ហ​បុរី​វិញ ដោយ​ក្រោយមក លោក លី ក្វាង​យូ បាន​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​។ ក្នុង​ពេលនេះ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​សិង្ហ​បុរី បាន​គិតថា ដើម្បី​អភិវឌ្ឍ​ប្រទេស​ឲ្យ​បាន​ទៅមុខ សិង្ហ​បុរី​ត្រូវបង្កើត​កិច្ចសហការ​ជាមួយនឹង​ប្រទេស​ម៉ាឡេស៊ី ដែលជា​ប្រទេសជិតខាង​ខ្លួន​។ ក្នុង​ឆ្នាំ​១៩៦៣ ប្រទេស​សិង្ហ​បុរី​បានរួម​សហការ​ជាមួយនឹង «​សហព័ន្ធ​ម៉ា​ឡា​យា​» ឬ​ជា​ភាសា​អង់គ្លេស «Federation of Malaya» ។ ប៉ុន្តែ​កិច្ចសហប្រតិបត្តិការ​មួយ​នេះ មិនបាន​ប្រព្រឹត្តិ​ទៅ​យូរអង្វែង​នោះទេ​។ 
 
​ថ្នាក់ដឹកនាំ​ម៉ាឡេស៊ី កាលសម័យ​នោះ មាន​ភាពមិន​ទុកចិត្ត​ថា ប្រជាជន​ចិន​ដ៏​ច្រើន​លើសលប់​ដែល​រស់​លើ​ទឹកដី​សិង្ហ​បុរី អាចមាន​ឥទ្ធិពល​ខ្លាំង​មកលើ​អរិយធម៌​ម៉ាឡេស៊ី​។ ម្យ៉ាងវិញទៀត ម៉ាឡេស៊ី ក៏បាន​គិត​ដែរ​ថា ប្រទេស​សិង្ហ​បុរី អាច​នឹង​ទាញយក​ផលចំណេញ​ពី​ថវិកាជាតិ​ខ្លួន ក្នុងពេល​ខាងមុខ​តទៅទៀត​។ ដោយសារតែ​ហេតុនេះ ភាព​តានតឹង​មួយ បាន​កើតឡើង​ក្នុង​ឆ្នាំ​១៩៦៤ នៅពេលដែល​បាតុកម្ម​ពូជសាសន៍​មួយ​បាន​ផ្ទុះឡើង ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​បាន​បាត់បង់​ជីវិត​។​
 
​ក្នុង​ឆ្នាំ​១៩៦៥ ម៉ាឡេស៊ី បានសម្រេច​បោះឆ្នោត​ដក​សិង្ហ​បុរី​ចេញពី​កិច្ចសហប្រតិបត្តិការ​ខ្លួន​។ ក្រោយមក លោក លី ក្វាង​យូ នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​១៩៦៥ បានប្រកាស​សិង្ហ​បុរី​ជា​រដ្ឋ​ឯករាជ្យ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ តែ​ទោះបីជា​រឿងរ៉ាវ បាន​កើតឡើង​បែបនេះ​ក៏ពិតមែន សិង្ហ​បុរី បានទទួល​ការរីកចម្រើន​យ៉ាង​រហ័ស​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងទៅនេះ ជាមួយនឹង​ការវិនិយោគ​លើ​សកម្មភាព​កំពង់ផែ​ក្នុង​តំបន់​ផ្លូវ​សមុទ្រ​ម៉ា​ឡា​កា​។ ក្រៅពីនេះ សិង្ហ​បុរី ក៏បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ជាច្រើន​មក​ធ្វើ​វិនិយោគ​ក្នុង​ទឹកដី​ខ្លួន​ផងដែរ​។ 
 
​សព្វថ្ងៃ ប្រទេស​សិង្ហ​បុរី គឺជា​ទីតាំង​សេដ្ឋកិច្ច និង​ទេសចរណ៍​ដ៏​ចម្បង​មួយ​លើ​ឆាក​អន្តរជាតិ​។ ទេសចរណ៍​ជាច្រើន​សែន​នាក់​ក្នុង​មួយឆ្នាំៗ បានធ្វើ​ដំណើរ​កម្សាន្ត និង​លំហែកាយ​ក្នុងប្រទេស​មួយ​នេះ​។ បើទោះបីជា​សិង្ហ​បុរី ជា​ប្រទេសមួយ​ដែល​ពិបាក​រកមើល​ក្នុង​ផែនទី​ពិភពលោក​ក៏ពិតមែន តែ​ប្រជាជន​ជាច្រើន​លាន​នាក់ អាច​ស្គាល់​ច្បាស់​អំពី​ប្រទេសមួយ​នេះ​ជាមួយនឹង​មធ្យោបាយ​ជាច្រើន​ផ្សេងៗ​ទៀត​៕​

© រក្សាសិទ្ធិដោយ thmeythmey.com