សៀមរាប៖ នៅចុងខែកក្កដា កន្លងទៅ កម្ពុជាបានប្រារព្ធពិធីសប្ដាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្ដាយឆ្នាំ២០១៩ ក្រោមប្រធានបទ «យើងទាំងអស់គ្នាគាំទ្រការបំបៅកូនដោយទឹកដោះម្ដាយ» ដែលកម្មវិធីនេះធ្វើឡើងនៅខេត្តសៀមរាប។ នៅចំពោះមុខអ្នកចូលរួមក្នុងពិធីនៅថ្ងៃនោះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានកោតសរសើរចំពោះស្ដ្រីជាម្ដាយដែលបំបៅកូនដោយទឹកដោះ និងបានលើកទឹកចិត្តស្ដ្រីជាម្ដាយទាំងអស់ ត្រូវចូលរួមបំបៅកូនដោយទឹកដោះនេះឱ្យបានយ៉ាងហោច៦ខែក្រោយពេលកើត ដើម្បីឱ្យកុមារមានសុខភាពល្អ មានភាពរឹងមាំ និងក្លាយជាធនធានមនុស្សដ៏ល្អមួយរូបសម្រាប់សង្គមជាតិ។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖
ការបំបៅកូនដោយទឹកដោះម្ដាយ ហាក់ជារឿងធម្មតាសម្រាប់ស្ដ្រីជាម្ដាយគ្រប់រូប។ វាជាកិច្ចការដ៏ងាយស្រួលសម្រាប់ស្ដ្រីដែលជាមេផ្ទះ គ្មានកិច្ចការនៅខាងក្រៅ តែវាអាចពិបាកសម្រាប់ស្ដ្រីភាគច្រើននាពេលបច្ចុប្បន្ន ដែលមានការងារនិងរកស៊ី។ អាចថានេះជាមូលហេតុមួយ តែពេលខ្លះភាពងាយស្រួលឬការផ្សព្វផ្សាយនៃអាហារសម្រាប់ទារកដូចជាទឹកដោះគោមានភាពទូលំទូលាយពេក ក៏អាចជាដើមហេតុមួយដែលធ្វើឱ្យស្ដ្រីបោះបង់ការបំបៅកូនដោយទឹកដោះដែរ។ ស្ដ្រីមួយចំនួនគិតថា ទឹកដោះគោអាចជួយឱ្យកូនខ្លួនលូតលាស់បានល្អជាងទឹកដោះខ្លួនឯងក៏មាន ហើយនិន្នាការនេះបានធ្វើឱ្យស្ត្រីកាន់តែច្រើនយល់ថា ការបំបៅដោះកូនមិនមែនរឿងសំខាន់ទៀតឡើយ។
ទាំងអង្គការក្រៅរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានជំរុញការផ្សព្វផ្សាយពីសារប្រយោជន៍នៃការបំបៅទឹកដោះម្ដាយ ដើម្បីឱ្យស្ដ្រីជាម្ដាយទាំងអស់យល់។ សារប្រយោជន៍ទាំងនោះ មានសម្រាប់ទាំងកុមារនិងម្ដាយ។ បើតាមការរកឃើញរបស់អ្នកស្រាវជ្រាវ ទឹកដោះម្ដាយជួយឱ្យកុមារលូតលាស់បានល្អ មានសុខភាពមាំមួន និងប្រាជ្ញាវាងវៃ រីឯស្ដ្រីវិញកាត់បន្ថយការប្រឈមនឹងជំងឺមហារីកដោះបានដែរ។
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
លោកស្រី ហ្គ្រេនណេត កូដ នាយិកាប្រចាំប្រទេសអង្គការ ហេឡែន ឌេលល័រអន្ដរជាតិប្រចាំកម្ពុជា និងតំណាង SUN CSA នៅក្នុងពិធីប្រារព្ធសប្ដាហ៍នៃការបំបៅកូនដោយទឹកដោះម្ដាយ នៅចុងខែកក្កដាកន្លងទៅ បានលើកឡើងថា ការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខអាចជួយកាត់បន្ថយមរណភាពកុមារបានខ្ពស់ ឱ្យកុមារមានសុខភាពល្អ និងបង្ការពីការស្លាប់កុមារបានជាង ៨ម៉ឺននាក់ពីកាស្លាប់ជារៀងរាល់ឆ្នាំ និងការពារម្ដាយពីជំងឺមហារីកដោះបានក្នុងកម្រិតខ្ពស់។ លោកស្រី ហ្រេ្គនណេត កូដ ថា ការងារនេះបានរួមចំណែកអភិវឌ្ឍន៍ ការលូតលាស់រូបរាងកាយកុមារ និងគុណប្រយោជន៍ផ្សេងៗទៀតដែលយើងនឹកស្មានមិនដល់។
ជាមួយនឹងការលើកទឹកចិត្តឱ្យម្ដាយគ្រប់រូបបំបៅកូនដោយទឹកដោះហើយនោះ លោកស្រី ហ្គ្រេនណេត កូដ ក៏យល់ថា ការបំបៅកូនដោយទឹកដោះម្ដាយពិតជាមិនមែនរឿងងាយស្រួលឡើយ គឺត្រូវការការគាំទ្រពីគ្រួសារ ឪពុកម្ដាយ ក៏ដូចជាមិត្តភក្ដិ។ ក្នុងនោះ កិច្ចការនេះក៏ត្រូវការការផ្តល់ព័ត៌មានត្រឹមត្រូវពីអ្នកផ្តល់សេវាសុខភាព និងអ្នកពាក់ព័ន្ធផ្សេងៗផង។
«ការងារស្នូលរបស់ SUN CSA កម្ពុជា គឺការការពារការបំបៅកូនដោយទឹកដោះម្ដាយ តាមរយៈការសិក្សាស្រាវជ្រាវមួយចំនួនដែលធ្វើឡើងដោយសមាជិកនៃ SUN CSA យើងរកឃើញថាមានការផ្សព្វផ្សាយលក់ផលិតផលជំនួសទឹកដោះម្ដាយ ដែលមានការរំលោភបំពានអនុក្រឹត្យ១៣៣ ដែលធ្វើឱ្យភាន់ច្រឡំទៅលើការបំបៅកូនដោយស្ដ្រីមួយចំនួនគាត់យល់ខុសថា ទឹកដោះខ្លួនឯងមិនអាចបំបៅកូនល្អដូចទឹកដោះគោ។ ការសិក្សានោះក៏ឃើញមានក្រុមហ៊ុនមួយចំនួនបានរំលោភបំពានទៅលើស្លាកសញ្ញានៃការផ្សព្វផ្សាយលក់ផលិតផលចិញ្ចឹមទារក ដែលជំនួសដោយទឹកដោះម្ដាយទៀតផង»។ នេះជាការលើកឡើងរបស់លោកស្រី ហ្រេ្គនណេត កូដ។
ក្រៅពីលើកពីបញ្ហាទាំងអស់នេះ ក្នុងនោះលោកស្រី ហ្គ្រេនណេត កូដ ក៏អរគុណដល់ស្ថាប័នពាក់ព័ន្ធនានា ពិសេសក្រសួងសុខាភិបាល ដែលបានផាកពិន័យដល់ក្រុមហ៊ុនមួយចំនួននាពេលកន្លងដែលផ្សព្វផ្សាយខុសពីអនុក្រឹត្យលេខ១៣៣ ដោយធ្វើឱ្យមានភាពភាន់ច្រឡំថាទឹកដោះគោឬអាហារជំនួយទារក ល្អជាងទឹកដោះម្ដាយ។
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
អ្នកស្រី សុជាតា បុគ្គលិកអង្គការ World Vision បានឡើងចែករំលែកពិសោធន៍នៃការបំបៅកូនដោយទឹកដោះរបស់អ្នកស្រី។ ទើបនឹងក្លាយជាម្ដាយលើកដំបូង អ្នកស្រី សុជាតា បានពិភាក្សាជាមួយស្វាមី តើថាអ្វីជាទ្រព្យដែលពួកគេអាចឱ្យកូននៅពេលកូនកើតមក។ ចុងក្រោយ ពួកគេរកឃើញថា នឹងផ្តល់ឱ្យកូននូវសុខភាពល្អ តាមរយៈការបំបៅកូនដោយទឹកដោះម្ដាយជាពិធីដែលគូស្វាមីភរិយានេះរកឃើញថា ដើម្បីឱ្យកូនខ្លួនមានសុខភាពល្អ។
ជាម្ដាយដែលលះបង់ការបំបៅកូនដោយទឹកដោះ អ្នកស្រី សុជាតា ទទួលស្គាល់ពីផលលំបាកខ្លះៗពេលបំបៅកូនជាលើកដំបូង តែយ៉ាងណាដោយមានការតស៊ូនិងការលើកទឹកចិត្តពីគ្រួសារ មិត្តភក្ដិ ធ្វើឱ្យអ្នកស្រីអាចឆ្លងកាត់បញ្ហាទាំងអស់បាន។ អ្នកស្រី សុជាតា លើកឡើងទៀតថា៖«...៣ខែដំបូងនៅផ្ទះអត់បញ្ហាទេ...តែពិបាកខ្លាំងពេលត្រឡប់ចូលធ្វើការវិញ បន្ទុកកាន់តែធ្ងន់ ឧបសគ្គគឺពេលវេលា ដោយសារកន្លែងបានផ្តល់បន្ទប់ទារកដ្ឋានអាចយកកូនទៅធ្វើការ អ៊ីចឹងជារៀងរាល់មួយម៉ោងម្ដងទៅបំបៅកូន ហើយពេលនោះធ្វើផងនិងបំបៅកូនផង ការបំបៅកូនជាការងារពេញម៉ោងដែលម្ដាយទាំងអស់ធ្វើ តែអរគុណដែលខ្ញុំមានចំណែកក្នុងបទពិសោធន៍នេះ ហើយពិបាកមែនទែនសម្រាប់៦ខែដំបូង ព្រោះធ្វើការផងនិងបំបៅកូន ដូចធ្វើការ២ស្ថាប័នក្នុងពេលតែមួយ...»។
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
រដ្ឋមន្ត្រីក្រសួងសុខាភិបាលនាឱកាសនោះបានកោតសរសើរនិងលើកទឹកចិត្តឱ្យស្ដ្រីជាម្ដាយគ្រប់រូប ត្រូវបំបៅកូនដោយទឹកដោះយ៉ាងហោចណាស់ក៏កូនអាយុបាន៦ខែដែរ ដើម្បីធានាកូនរបស់ខ្លួនមានសុខភាពល្អ រឹងមាំ និងមិនងាយឈឺ។ តែជាមួយនោះ លោក ម៉ម ប៊ុនហេង ក៏យល់ថាការបំបៅកូនដោយទឹកដោះម្ដាយនេះ មិនងាយស្រួលប៉ុន្មានទេសម្រាប់ស្ដ្រីនាពេលបច្ចុប្បន្ននេះ ពិសេសស្ដ្រីរកស៊ីនៅទីផ្សារតែម្ដង។ លោករដ្ឋមន្ត្រីលើកឡើងថា៖« យើងក៏យល់ពីបងប្អូននៅទីផ្សារដែលមិនសូវបំបៅកូនដោយទឹកដោះម្ដាយទេ ដោយហេតុផលជាច្រើន តែទោះជាយ៉ាងណាគោលនយោបាយរបស់រដ្ឋាភិបាលបានផ្តល់អាទិភាពដល់ស្ដ្រីជាកម្មករនិយោជក ជាមន្ត្រីសាធារណ ជាស្ដ្រីមានជីវភាពក្រីក្រ គឺបានផ្តល់ប្រាក់ឧបត្ថម្ភពេលសម្រាល ហើយក្រីក្រក៏បានប្រាក់ឧបត្ថម្ភ ពិនិត្យផ្ទៃពោះ៤ដង ក្នុងម្ដងទទួលបានថវិកា៤ម៉ឺនរៀល សម្រាល២០ម៉ឺនរៀល ក្រោយសម្រាល១០ដងម្ដងបាន៤ម៉ឺនរៀលទៀតចំពោះស្ដ្រីក្រីក្រ ដូច្នេះក៏ជាការលើកទឹកចិត្តមួយក្នុងការឧបត្ថម្ភដល់អាហារូបត្ថម្ភជូនដល់ស្ដ្រីនិងកុមារ»។
បើតាមការលើកឡើងរបស់លោករដ្ឋមន្ត្រីសុខាភិបាល ចាប់ពីឆ្នាំ២០០១មក កម្មវិធីជាតិអាហារូបត្ថម្ភរបស់ក្រសួងសុខាភិបាលបានដឹកនាំការប្រារព្ធសប្ដាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្ដាយជារៀងរាល់ឆ្នាំ ដែលធ្វើឱ្យអត្រាបំបៅកូនដោយទឹកដោះម្ដាយក្នុងចំណោមទារកដែលមានអាយុក្រោម៦ខែ បានកើនឡើងយ៉ាងខ្លាំងក្នុងចន្លោះឆ្នាំ ២០០០ដល់២០១០ គឺកើនពី១១ភាគរយទៅ៧៤ភាគរយ។ ចាប់ពីពេលនោះមកការប្រារព្ធសប្ដាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្ដាយក៏ត្រូវបានបញ្ឈប់នៅឆ្នាំ២០១០ ដោយសារយល់ថា មានការយល់ដឹងច្រើនក្នុងសាធារណជនអំពីការអនុវត្តបំបៅកូនដោយទឹកដោះនេះ។ ដោយឡែកក្នុងឆ្នាំ ២០១៤ លទ្ធផលនៃការអង្កេតប្រជាសាស្ដ្រនិងសុខភាពបានបង្ហាញឱ្យឃើញថា អត្រានៃការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់ ចាប់ពីពេលកើតដល់អាយុ៦ខែ បានថយចុះចំនួន៩ភាគរយ គឺចុះពី៧៤ភាគរយដល់៦៥ភាគរយវិញ ដោយសារតែមានការកើនឡើងនូវការប្រើប្រាស់ផលិតផលទឹកដោះគោម្សៅផ្សំតាមរូបមន្ត និងអាហារសម្រាប់កុមារតូច ហើយលទ្ធផលពិធីនេះ ក៏ត្រូវបានប្រារព្ធឡើងវិញជាថ្មីនៅឆ្នាំ ២០១៥។
ឆ្លើយតបទៅនឹងលោកស្រី ហ្គ្រេនណេត កូដ នាយិកាប្រចាំប្រទេសអង្គការ ហេឡែន ឌេលល័រអន្ដរជាតិប្រចាំកម្ពុជា និងតំណាង SUN CSA ដែលលើកឡើងពីការបំពានក្រុមហ៊ុនមួយចំនួនលើការផ្សព្វផ្សាយផលិតផលអាហារជំនួយទឹកដោះម្ដាយនោះ លោក ម៉ម ប៊ុនហេង បញ្ជាក់ថានឹងប្រើប្រាស់ច្បាប់ដែលបានចែង និងធ្វើការផាកពិន័យដល់ក្រុមហ៊ុនណាដែលប្រតិបត្តិការមិនត្រឹមត្រូវ។ សម្រាប់លោករដ្ឋមន្ត្រី ការបំបៅកូនដោយទឹកដោះម្ដាយជាជម្រើនដ៏ល្អមួយសម្រាប់មាតាដែលចង់ឱ្យកូនមានសុខភាពល្អ រឹងមាំ ហើយលោកបន្តលើកទឹកចិត្តស្ដ្រីគ្រប់រូបពិសេសស្ដ្រីនៅទីប្រជុំជន ឱ្យបំបៅកូនដោយទឹកដោះម្ដាយយ៉ាងហោច៦ខែ៕