ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រដ្ឋមន្ត្រី​សុខាភិបាល​លើកទឹកចិត្ត​ឱ្យ​ស្ដ្រី​បំបៅកូន​ដោយ​ទឹកដោះ​ដើម្បីឱ្យ​កូន​មាន​សុខ​ភាពល្អ​និង​រឹងមាំ​
09, Aug 2019 , 9:59 pm        
រូបភាព
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
​សៀមរាប​៖ នៅ​ចុងខែ​កក្កដា កន្លងទៅ កម្ពុជា​បាន​ប្រារព្ធ​ពិធី​សប្ដាហ៍​ពិភពលោក​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​យើងទាំងអស់គ្នា​គាំទ្រ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​» ដែល​កម្មវិធី​នេះ​ធ្វើឡើង​នៅ​ខេត្តសៀមរាប​។ នៅ​ចំពោះមុខ​អ្នកចូលរួម​ក្នុង​ពិធី​នៅថ្ងៃនោះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​កោតសរសើរ​ចំពោះ​ស្ដ្រី​ជា​ម្ដាយ​ដែល​បំបៅកូន​ដោយ​ទឹកដោះ និង​បាន​លើកទឹកចិត្ត​ស្ដ្រី​ជា​ម្ដាយ​ទាំងអស់ ត្រូវ​ចូលរួម​បំបៅកូន​ដោយ​ទឹកដោះ​នេះ​ឱ្យបាន​យ៉ាងហោច​៦​ខែក្រោយ​ពេល​កើត ដើម្បីឱ្យ​កុមារ​មាន​សុខ​ភាពល្អ មាន​ភាពរឹងមាំ និង​ក្លាយជា​ធនធានមនុស្ស​ដ៏​ល្អ​មួយរូប​សម្រាប់​សង្គមជាតិ​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖



 
​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ ហាក់ជា​រឿង​ធម្មតា​សម្រាប់​ស្ដ្រី​ជា​ម្ដាយ​គ្រប់រូប​។ វា​ជា​កិច្ចការ​ដ៏​ងាយស្រួល​សម្រាប់​ស្ដ្រី​ដែលជា​មេផ្ទះ គ្មាន​កិច្ចការ​នៅ​ខាងក្រៅ តែ​វា​អាច​ពិបាក​សម្រាប់​ស្ដ្រី​ភាគច្រើន​នាពេល​បច្ចុប្បន្ន ដែលមាន​ការងារ​និង​រកស៊ី​។ អាច​ថា​នេះ​ជា​មូលហេតុ​មួយ តែ​ពេលខ្លះ​ភាពងាយស្រួល​ឬ​ការផ្សព្វផ្សាយ​នៃ​អាហារ​សម្រាប់​ទារក​ដូចជា​ទឹកដោះគោ​មាន​ភាពទូលំទូលាយ​ពេក ក៏​អាចជា​ដើមហេតុ​មួយ​ដែល​ធ្វើឱ្យ​ស្ដ្រី​បោះបង់​ការ​បំបៅកូន​ដោយ​ទឹកដោះ​ដែរ​។ ស្ដ្រី​មួយចំនួន​គិតថា ទឹកដោះគោ​អាចជួយ​ឱ្យ​កូន​ខ្លួន​លូតលាស់​បានល្អ​ជាង​ទឹកដោះ​ខ្លួនឯង​ក៏មាន ហើយ​និន្នាការ​នេះ​បានធ្វើឱ្យ​ស្ត្រី​កាន់តែច្រើន​យល់ថា ការ​បំបៅ​ដោះ​កូន​មិនមែន​រឿង​សំខាន់​ទៀតឡើយ​។​
 
​ទាំង​អង្គការក្រៅរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល បាន​ជំរុញ​ការផ្សព្វផ្សាយ​ពី​សារប្រយោជន៍​នៃ​ការ​បំបៅ​ទឹកដោះ​ម្ដាយ ដើម្បីឱ្យ​ស្ដ្រី​ជា​ម្ដាយ​ទាំងអស់​យល់​។ សារប្រយោជន៍​ទាំងនោះ មាន​សម្រាប់​ទាំង​កុមារ​និង​ម្ដាយ​។ បើតាម​ការរកឃើញរ​បស់​អ្នកស្រាវជ្រាវ ទឹកដោះ​ម្ដាយ​ជួយ​ឱ្យ​កុមារ​លូតលាស់​បានល្អ មាន​សុខភាព​មាំមួន និង​ប្រាជ្ញា​វាងវៃ រីឯ​ស្ដ្រី​វិញ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ដោះ​បានដែរ​។​


រូបភាព៖ រដ្ឋបាលខេត្តសៀមរាប  
 
​លោកស្រី ហ្គ្រេ​ន​ណេ​ត កូដ នាយិកា​ប្រចាំ​ប្រទេស​អង្គការ ហេឡែន ឌេ​ល​ល័​រ​អន្ដរជាតិ​ប្រចាំ​កម្ពុជា និង​តំណាង SUN CSA នៅក្នុង​ពិធី​ប្រារព្ធ​សប្ដាហ៍​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ នៅ​ចុងខែ​កក្កដា​កន្លងទៅ បាន​លើកឡើងថា ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​តែមួយ​មុខ​អាចជួយ​កាត់បន្ថយ​មរណភាព​កុមារ​បាន​ខ្ពស់ ឱ្យ​កុមារ​មាន​សុខ​ភាពល្អ និង​បង្ការ​ពី​ការស្លាប់​កុមារ​បាន​ជាង ៨​ម៉ឺន​នាក់​ពី​កា​ស្លាប់​ជា​រៀងរាល់ឆ្នាំ និង​ការពារ​ម្ដាយ​ពី​ជំងឺមហារីក​ដោះ​បាន​ក្នុង​កម្រិត​ខ្ពស់​។ លោកស្រី ហ្រេ្គ​ន​ណេ​ត កូដ ថា ការងារ​នេះ​បានរួម​ចំណែក​អភិវឌ្ឍន៍ ការលូតលាស់​រូបរាង​កាយ​កុមារ និង​គុណប្រយោជន៍​ផ្សេងៗ​ទៀត​ដែល​យើង​នឹកស្មាន​មិន​ដល់​។​
 
​ជាមួយនឹង​ការលើកទឹកចិត្ត​ឱ្យ​ម្ដាយ​គ្រប់រូប​បំបៅកូន​ដោយ​ទឹកដោះ​ហើយ​នោះ លោកស្រី ហ្គ្រេ​ន​ណេ​ត កូដ ក៏​យល់ថា ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​ពិតជា​មិនមែន​រឿង​ងាយស្រួល​ឡើយ គឺ​ត្រូវការ​ការគាំទ្រ​ពី​គ្រួសារ ឪពុកម្ដាយ ក៏ដូចជា​មិត្តភក្ដិ​។ ក្នុងនោះ កិច្ចការ​នេះ​ក៏ត្រូវ​ការ​ការ​ផ្តល់ព័ត៌មាន​ត្រឹមត្រូវ​ពី​អ្នកផ្តល់​សេវា​សុខភាព និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ផង​។​
 
«​ការងារ​ស្នូល​របស់ SUN CSA កម្ពុជា គឺ​ការការពារ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​មួយចំនួន​ដែល​ធ្វើឡើង​ដោយ​សមាជិក​នៃ SUN CSA យើង​រកឃើញថា​មានការ​ផ្សព្វផ្សាយ​លក់​ផលិតផល​ជំនួស​ទឹកដោះ​ម្ដាយ ដែលមាន​ការរំលោភបំពាន​អនុក្រឹត្យ​១៣៣ ដែល​ធ្វើឱ្យ​ភាន់ច្រឡំ​ទៅលើ​ការ​បំបៅកូន​ដោយ​ស្ដ្រី​មួយចំនួន​គាត់​យល់​ខុស​ថា ទឹកដោះ​ខ្លួនឯង​មិនអាច​បំបៅកូន​ល្អ​ដូច​ទឹកដោះគោ​។ ការសិក្សា​នោះ​ក៏​ឃើញ​មាន​ក្រុមហ៊ុន​មួយចំនួន​បាន​រំលោភបំពាន​ទៅលើ​ស្លាក​សញ្ញា​នៃ​ការផ្សព្វផ្សាយ​លក់​ផលិតផល​ចិញ្ចឹម​ទារក ដែល​ជំនួស​ដោយ​ទឹកដោះ​ម្ដាយ​ទៀតផង​»​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី ហ្រេ្គ​ន​ណេ​ត កូដ​។​
 
​ក្រៅពី​លើក​ពី​បញ្ហា​ទាំងអស់នេះ ក្នុងនោះ​លោកស្រី ហ្គ្រេ​ន​ណេ​ត កូដ ក៏​អរគុណ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​នានា ពិសេស​ក្រសួងសុខាភិបាល ដែល​បាន​ផាកពិន័យ​ដល់​ក្រុមហ៊ុន​មួយចំនួន​នាពេល​កន្លង​ដែល​ផ្សព្វផ្សាយ​ខុសពី​អនុក្រឹត្យ​លេខ​១៣៣ ដោយ​ធ្វើឱ្យមាន​ភាព​ភាន់ច្រឡំ​ថា​ទឹកដោះគោ​ឬ​អាហារ​ជំនួយ​ទារក ល្អ​ជាង​ទឹកដោះ​ម្ដាយ​។ 


រូបភាព៖ រដ្ឋបាលខេត្តសៀមរាប  
 
​អ្នកស្រី សុជាតា បុគ្គលិក​អង្គការ World Vision បាន​ឡើង​ចែករំលែក​ពិសោធន៍​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​របស់​អ្នកស្រី​។ ទើបនឹង​ក្លាយជា​ម្ដាយ​លើកដំបូង អ្នកស្រី សុជាតា បាន​ពិភាក្សា​ជាមួយ​ស្វាមី តើ​ថា​អ្វី​ជា​ទ្រព្យ​ដែល​ពួកគេ​អាចឱ្យ​កូន​នៅពេល​កូន​កើតមក​។ ចុងក្រោយ ពួកគេ​រកឃើញថា នឹង​ផ្តល់ឱ្យ​កូន​នូវ​សុខភាព​ល្អ តាមរយៈ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​ជា​ពិធី​ដែល​គូ​ស្វាមីភរិយា​នេះ​រកឃើញថា ដើម្បីឱ្យ​កូន​ខ្លួន​មាន​សុខភាព​ល្អ​។​
 
​ជា​ម្ដាយ​ដែល​លះបង់​ការ​បំបៅកូន​ដោយ​ទឹកដោះ អ្នកស្រី សុជាតា ទទួលស្គាល់​ពី​ផល​លំបាក​ខ្លះៗ​ពេល​បំបៅកូន​ជា​លើកដំបូង តែ​យ៉ាងណា​ដោយមាន​ការតស៊ូ​និង​ការលើកទឹកចិត្ត​ពី​គ្រួសារ មិត្តភក្ដិ ធ្វើឱ្យ​អ្នកស្រី​អាច​ឆ្លងកាត់​បញ្ហា​ទាំងអស់​បាន​។ អ្នកស្រី សុជាតា លើកឡើង​ទៀតថា​៖«...៣​ខែ​ដំបូង​នៅផ្ទះ​អត់​បញ្ហា​ទេ​...​តែ​ពិបាក​ខ្លាំង​ពេល​ត្រឡប់​ចូលធ្វើការ​វិញ បន្ទុក​កាន់តែ​ធ្ងន់ ឧបសគ្គ​គឺ​ពេលវេលា ដោយសារ​កន្លែង​បានផ្តល់​បន្ទប់​ទារកដ្ឋាន​អាចយ​កកូន​ទៅធ្វើ​ការ អ៊ីចឹង​ជា​រៀងរាល់​មួយ​ម៉ោង​ម្ដង​ទៅ​បំបៅកូន ហើយ​ពេលនោះ​ធ្វើ​ផង​និង​បំបៅកូន​ផង ការ​បំបៅកូន​ជាការ​ងារ​ពេញ​ម៉ោង​ដែល​ម្ដាយ​ទាំងអស់​ធ្វើ តែ​អរគុណ​ដែល​ខ្ញុំ​មាន​ចំណែក​ក្នុង​បទពិសោធន៍​នេះ ហើយ​ពិបាក​មែនទែន​សម្រាប់​៦​ខែ​ដំបូង ព្រោះ​ធ្វើការ​ផង​និង​បំបៅកូន ដូច​ធ្វើការ​២​ស្ថាប័ន​ក្នុងពេល​តែមួយ​...»​។​


រូបភាព៖ រដ្ឋបាលខេត្តសៀមរាប  
 
​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នាឱកាស​នោះបាន​កោតសរសើរ​និង​លើកទឹកចិត្ត​ឱ្យ​ស្ដ្រី​ជា​ម្ដាយ​គ្រប់រូប ត្រូវ​បំបៅកូន​ដោយ​ទឹកដោះ​យ៉ាងហោចណាស់​ក៏​កូន​អាយុ​បាន​៦​ខែ​ដែរ ដើម្បី​ធានា​កូន​របស់ខ្លួន​មាន​សុខភាព​ល្អ រឹងមាំ និង​មិន​ងាយ​ឈឺ​។ តែ​ជាមួយ​នោះ លោក ម៉ម ប៊ុនហេង ក៏​យល់ថា​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​នេះ មិន​ងាយស្រួល​ប៉ុន្មាន​ទេ​សម្រាប់​ស្ដ្រី​នាពេល​បច្ចុប្បន្ននេះ ពិសេស​ស្ដ្រី​រកស៊ី​នៅ​ទីផ្សារ​តែម្ដង​។ លោក​រដ្ឋមន្ត្រី​លើកឡើងថា​៖« យើង​ក៏​យល់​ពី​បងប្អូន​នៅ​ទីផ្សារ​ដែល​មិនសូវ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​ទេ ដោយ​ហេតុផល​ជាច្រើន តែ​ទោះជា​យ៉ាងណា​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​បានផ្តល់​អាទិភាព​ដល់​ស្ដ្រី​ជា​កម្មករ​និយោជក ជា​មន្ត្រី​សាធារណ ជា​ស្ដ្រី​មាន​ជីវភាព​ក្រីក្រ គឺ​បានផ្តល់​ប្រាក់ឧបត្ថម្ភ​ពេល​សម្រាល ហើយ​ក្រីក្រ​ក៏បាន​ប្រាក់ឧបត្ថម្ភ ពិនិត្យ​ផ្ទៃពោះ​៤​ដង ក្នុង​ម្ដង​ទទួលបាន​ថវិកា​៤​ម៉ឺន​រៀល សម្រាល​២០​ម៉ឺន​រៀល ក្រោយ​សម្រាល​១០​ដង​ម្ដង​បាន​៤​ម៉ឺន​រៀល​ទៀត​ចំពោះ​ស្ដ្រី​ក្រីក្រ ដូច្នេះ​ក៏​ជាការ​លើកទឹកចិត្ត​មួយ​ក្នុងការ​ឧបត្ថម្ភ​ដល់​អាហារូបត្ថម្ភ​ជូន​ដល់​ស្ដ្រី​និង​កុមារ​»​។​
 
​បើតាម​ការលើកឡើងរ​បស់​លោក​រដ្ឋមន្ត្រី​សុខាភិបាល ចាប់ពី​ឆ្នាំ​២០០១​មក កម្មវិធី​ជាតិ​អាហារូបត្ថម្ភ​របស់​ក្រសួងសុខាភិបាល​បាន​ដឹកនាំ​ការ​ប្រារព្ធ​សប្ដាហ៍​ពិភពលោក​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​ជា​រៀងរាល់ឆ្នាំ ដែល​ធ្វើឱ្យ​អត្រា​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​ក្នុងចំណោម​ទារក​ដែលមាន​អាយុ​ក្រោម​៦​ខែ បាន​កើនឡើង​យ៉ាងខ្លាំង​ក្នុង​ចន្លោះ​ឆ្នាំ ២០០០​ដល់​២០១០ គឺ​កើន​ពី​១១​ភាគរយ​ទៅ​៧៤​ភាគរយ​។ ចាប់ពីពេលនោះ​មក​ការ​ប្រារព្ធ​សប្ដាហ៍​ពិភពលោក​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​ក៏ត្រូវ​បាន​បញ្ឈប់​នៅ​ឆ្នាំ​២០១០ ដោយសារ​យល់ថា មានការ​យល់ដឹង​ច្រើន​ក្នុង​សាធារណជន​អំពី​ការអនុវត្ត​បំបៅកូន​ដោយ​ទឹកដោះ​នេះ​។ ដោយឡែក​ក្នុង​ឆ្នាំ ២០១៤ លទ្ធផល​នៃ​ការអង្កេត​ប្រជាសាស្ដ្រ​និង​សុខភាព​បានបង្ហាញ​ឱ្យឃើញ​ថា អត្រា​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​តែមួយ​មុខ​គត់ ចាប់ពី​ពេល​កើត​ដល់​អាយុ​៦​ខែ បាន​ថយចុះ​ចំនួន​៩​ភាគរយ គឺ​ចុះ​ពី​៧៤​ភាគរយ​ដល់​៦៥​ភាគរយ​វិញ ដោយសារតែ​មានការ​កើនឡើង​នូវ​ការប្រើប្រាស់​ផលិតផល​ទឹកដោះគោ​ម្សៅ​ផ្សំ​តាម​រូបមន្ត និង​អាហារ​សម្រាប់​កុមារ​តូច ហើយ​លទ្ធផល​ពិធី​នេះ ក៏​ត្រូវបាន​ប្រារព្ធ​ឡើងវិញ​ជាថ្មី​នៅ​ឆ្នាំ ២០១៥​។​
 
​ឆ្លើយតប​ទៅនឹង​លោកស្រី ហ្គ្រេ​ន​ណេ​ត កូដ នាយិកា​ប្រចាំ​ប្រទេស​អង្គការ ហេឡែន ឌេ​ល​ល័​រ​អន្ដរជាតិ​ប្រចាំ​កម្ពុជា និង​តំណាង SUN CSA ដែល​លើកឡើង​ពី​ការបំពាន​ក្រុមហ៊ុន​មួយចំនួន​លើ​ការផ្សព្វផ្សាយ​ផលិតផល​អាហារ​ជំនួយ​ទឹកដោះ​ម្ដាយ​នោះ លោក ម៉ម ប៊ុនហេង បញ្ជាក់ថា​នឹង​ប្រើប្រាស់​ច្បាប់​ដែល​បានចែង និង​ធ្វើការ​ផាកពិន័យ​ដល់​ក្រុមហ៊ុន​ណា​ដែល​ប្រតិបត្តិ​ការមិន​ត្រឹមត្រូវ​។ សម្រាប់​លោក​រដ្ឋមន្ត្រី ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​ជា​ជ​ម្រើ​ន​ដ៏​ល្អ​មួយ​សម្រាប់​មាតា​ដែល​ចង់ឱ្យ​កូន​មាន​សុខ​ភាពល្អ រឹងមាំ ហើយ​លោក​បន្ត​លើកទឹកចិត្ត​ស្ដ្រី​គ្រប់រូប​ពិសេស​ស្ដ្រី​នៅ​ទីប្រជុំជន ឱ្យ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​យ៉ាងហោច​៦​ខែ​៕

Tag:
 បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​
  ម៉ម ប៊ុនហេង​
  សុខភាព​
  កុមារ​
© រក្សាសិទ្ធិដោយ thmeythmey.com