កីឡាជាតិ
ជាតិ
ប្រវត្តិសាស្ត្រ! U18 កម្ពុជាឈ្នះថៃ ៤-៣ ជាលើកដំបូងក្នុងព្រឹត្តិការណ៍ AFF
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម១៨ឆ្នាំកម្ពុជា បានទទួលជ័យជម្នះ ៤-៣ លើ U18 ថៃ នាជំនួបពូល B នៃពានរង្វាន់ AFF U18 Championship ឆ្នាំ២០១៩ នៅកីឡដ្ឋាន Thanh Long ក្រុងហូជីមិញ ប្រទេសវៀតណាម នាថ្ងៃសុក្រ ទី៩ ខែសីហា នេះ។
៤គ្រាប់របស់កម្ពុជា សម្រេចបានដោយការប្រើក្បាលរបស់ខ្សែប្រយុទ្ធ វុធ តុលា នៅនាទី៥៣ តាមរយៈការបញ្ជូនបាល់ពិន័យ (Free Kick) ពីខ្សែបម្រើ អាត អូនតូច និងបាល់ ចូលទីខ្លួនឯងរបស់កីឡាករថៃ Chatmongkol Ruengthanarot (នាទី៧៤) រួមទាំងសៀង ចន្ធាដែលប្តូរចូលនៅតង់ទីពីរ ស៊ុត២គ្រាប់ម្នាក់ឯងនៅនាទី៨៦ និង៨៨។
ពីរគ្រាប់ចុងក្រោយរបស់ចន្ធានេះហើយ ដែលធ្វើឲ្យគោព្រៃកម្ពុជាឈ្នះថៃ ៤-៣។ ២គ្រាប់របស់ថៃធ្វេីបានដោយ Thirapak Prueangna នៅនាទី៧៥ និង Guntapon Keereelang នៅនាទី៩០+៧។
នេះជាជ័យជម្នះមិនធ្លាប់មានពីមុនរបស់ក្រុមយុវជន U18 ឆ្នាំកម្ពុជាជាមួយថៃដែលជាគូប្រជែង។ នាជំនួប៦លើកកន្លងមក ថៃដែលជាម្ចាស់ជើងឯក៥ជំនាន់ បានយកឈ្នះ ៧-០ នៅឆ្នាំ២០០៧, ឈ្នះ ៣-០ នៅឆ្នាំ២០០៩, ឈ្នះ ៥-០ នៅឆ្នាំ២០១១, ឈ្នះ៦-០ នៅឆ្នាំ២០១៥, ឈ្នះ ២-១ នៅឆ្នាំ២០១៦ និងឈ្នះ ១-០ កាលពីឆ្នាំ២០១៧៕
Tag:
AFF U18 Championship
FFC
© រក្សាសិទ្ធិដោយ thmeythmey.com