អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
កំណើនសេដ្ឋកិច្ច និង​លំហូរ​វិនិយោគ កាន់តែ​ផ្តល់​ភាព​វិជ្ជមាន​ខ្លាំង ដល់​វិស័យ​អចលនទ្រព្យ​
10, Aug 2019 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​កំណើន​លំហូរ​វិនិយោគ​ផ្ទា​ល់ពី​បរទេស (FDIs) ក្នុង​ឆមាស​ទី​១ ឆ្នាំនេះ បាន​ក្លាយជា​កត្តា​វាស់វែង​ដ៏​រឹងមាំ នៃ​សេដ្ឋកិច្ចកម្ពុជា និង​បង្កើតជា​សញ្ញា​វិជ្ជមាន​ថា វិស័យ​អចលនទ្រព្យ នឹង​នៅ​បន្ត​ភាពខ្លាំង​របស់ខ្លួន សម្រាប់​ឆ្នាំនេះ និង​ឆ្នាំ​បន្ទាប់​។​
​កាលពី​ចុងខែ​កក្កដា​កន្លងទៅ ធនាគារជាតិ​នៃ​កម្ពុជា បាន​ព្យាករ​ថា កម្ពុជា​នឹងមាន​កំណើន​ផ្នែក​សេដ្ឋកិច្ច ៧.១​ភាគរយ ក្នុង​ឆ្នាំ​២០១៩​នេះ ដោយបាន​រួមចំណែក​ខ្លាំង ដោយ​វិស័យ​សំណង់ វិស័យ​អចលនទ្រព្យ និង​វិស័យ​ទេសចរណ៍​ជាដើម​។​
 
​ទន្ទឹមនឹង​នេះដែរ នៅ​ដើមខែ​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​បង្ហាញថា ខ្លួន​បាន​យល់ព្រម​លើ​គម្រោង​ស្នើសុំ​វិនិយោគ ដែលមាន​ទឹកប្រាក់​ចំនួន ៥.២ ពាន់​លាន​ដុល្លារ ក្នុង​ឆមាស​ទីមួយ នៃ​ឆ្នាំនេះ​។ នេះ​គឺជា​ការកើនឡើង ៤៨.៥ ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន​។​
 
​នាយក​ក្រុមហ៊ុន​សេវាកម្ម​អចលនទ្រព្យ​កម្ពុជា CBRE (​ខេ​ម​បូ​ឌា​) អ្នកស្រី អាន សុធី​តា បាន​មានប្រសាសន៍ថា លំហូរ​ចូល​នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត​កាន់តែខ្លាំង​ឡើង របស់​វិនិយោគិន ទៅលើ​បរិយាកាស​អាជីវកម្ម នៅ​កម្ពុជា​។ អ្នកស្រី​បញ្ជាក់ថា កត្តា​នេះ មានន័យថា តម្រូវការ​អចលនទ្រព្យ និង​សេវាកម្ម​ផ្សេងៗ​នៅតែ​កើនឡើង​។ អ្នកស្រី អាន សុធី​តា បន្តថា​៖«​កំណើនសេដ្ឋកិច្ច​រឹងមាំ គឺជា​សញ្ញា​ល្អ សម្រាប់​វិស័យ​អចលនទ្រព្យ​ហើយ​វា​បង្កើត​នូវ​ទំនុកចិត្ត ពី​ភាគី​ពាក់ព័ន្ធ​នានា នៅក្នុង​ឧស្សាហ​កម្មនេះ​»​។​
 
​លោកស្រី​បាន​បន្ថែមទៀតថា ចំនួន​គម្រោង​ស្នើសុំ​វិនិយោគ ដែល​ត្រូវ​បានអនុម័ត​ពី CDC កាន់តែច្រើន មានន័យថា តម្រូវការ​ដី​សម្រាប់​សាងសង់​រោងចក្រ នឹង​កើនឡើង ជាពិសេស​ទីតាំងនៅ​តំបន់​ជុំវិញ និង​ជាយ​រាជធានី​ភ្នំពេញ​។ អ្នកស្រី អាន សុធី​តា បន្តថា​៖ «​ការសាកសួរ​រក​ដី​ទំនេរ ដើម្បី​សាងសង់​រោងចក្រ កំពុង​កើនឡើង ជាពិសេស​តំបន់​ជាយក្រុង ហើយ​យើង​មិនឃើញ​មាន​សញ្ញា​ណាមួយ​ថា អាច​នឹង​ថមថយ​នៅពេល​ឆាប់ៗ​ទេ​»​។​
 
​រោងចក្រ​បាន​ផ្លាស់ប្តូរ​ទី​តាំងពី​ប្រទេស​ចិន ចូលមក​កម្ពុជា​​បើតាម​អ្នកស្រី សុធី​តា មាន​និន្នាការ​កើនឡើង នៃ​រោងចក្រ​ដែល​ផ្លាស់ប្តូរ​ទី​តាំងពី​ប្រទេស​ចិន មក​ប្រទេស​កម្ពុជា​។ លោកស្រី​បាន​និយាយថា នេះ​កំពុង​បង្កើត​តម្រូវការ​បន្ថែមទៀត​ទាំង​កន្លែង​រោងចក្រ និង​កន្លែង​ការិយាល័យ​។​
 
​ទិន្នន័យ​របស់ CBRE បាន​បង្ហាញថា ក្នុង​រយៈពេល ៦​ខែ​ដំបូង នៃ​ឆ្នាំនេះ ផ្ទៃក្រលា​កា​រិ​យា    ល័យ​ថ្មី​ទំហំ ៦,៥០០ ម៉ែត្រការ៉េ ត្រូវបាន​ជួល​។ នេះ​គឺជា​ការកើនឡើង​ទ្វេដង បើ​ធៀប​នឹង    រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៨​។​
 
​បើ​បូក​បញ្ចូល​ទាំង​អគារ​ការិយាល័យ​បង្កើត​ថ្មី និង​អគារ​ដែលមាន​ស្រាប់ ចំនួន​ការិយាល័យ​សរុប នៅ​ភ្នំពេញ បាន​កើន​ឡើងដល់​ជិត ៣៦០,០០០ ម៉ែត្រការ៉េ គិត​ត្រឹម​ចុងខែ​មិថុនា ឆ្នាំ ២០១៩ នេះ​។​
 
​មានការ​ព្យាករ​ថា កម្ពុជា​នឹង​ដើរតួនាទី​ដ៏​សំខាន់​ជាង​មុន ក្នុង​វិស័យ​ផលិតកម្ម​នាពេលខាងមុខ​។​
​យោងតាម NBC ប្រទេស​កម្ពុជា បាន​នាំចេញ​ទំនិញ ដែលមាន​តម្លៃ​ប្រហែល ៦,៨ ពាន់​លាន​ដុល្លារ នៅ​ឆមាស​ទីមួយ ក្នុងឆ្នាំនេះ​។ តួលេខ​នេះ តំណាង​ឲ្យ​ជិត​ពាក់កណ្តាល នៃ​ផលិតផល​ក្នុងស្រុក​សរុប របស់​ប្រទេស និង​បាន​កើនឡើង ១៣ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​
 
​លោក វ​ង្សី វិសុទ្ធ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​មួយ កាលពី​ខែ​មុន​ថា កំណើន​នៃ​ការនាំចេញ នឹង​នៅតែ​រឹងមាំ​ពេញ​មួយឆ្នាំ​។ លោក វ​ង្សី វិសុទ្ធ បញ្ជាក់ថា​៖«​ក្នុង​រយៈពេល ៦ ខែ​ដំបូង ឆ្នាំនេះ ការនាំចេញ​មិនមាន​ការធ្លាក់ចុះ​នោះទេ​។ កំណើន​នាំចេញ​គឺ​ខ្លាំង​។ វិស័យ​កាត់ដេរ កំពុងដំណើរការ​ល្អ ដោយសារ​ការនាំ​ចូល​វត្ថុធាតុដើម បាន​កើនឡើង​»​។​
 
​ទោះជា​យ៉ាងណាក៏ដោយ ស្របពេល​មាន​សកម្មភាព​វិជ្ជមាន លើ​កត្តា​វាស់វែង​ពី​សុខុមាលភាព​សេដ្ឋកិច្ចកម្ពុជា ក៏​ប្រឈម​នឹង​ហានិភ័យ​មួយចំនួន​ផងដែរ​។ ការ​ប្រឈម​នឹង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ (EBA) របស់​សហភាព​អឺរ៉ុប អាច​ប៉ះពាល់​ដល់​កំណើន​ឧស្សាហកម្ម​។​
 
​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ សហភាព​អ៊ឺរ៉ុប​បានប្រកាសថា ខ្លួន​បានចាប់ផ្តើម​រាប់​ថយក្រោយ​រយៈពេល ១៨ ខែ ដើម្បី​សម្រេច​ពី​ការដក EBA ពី​កម្ពុជា ក្រោម​ហេតុផល​ស្ថានភាព​សិទ្ធិមនុស្ស កាន់តែ​អាក្រក់​នៅក្នុង​ប្រទេស​។​
 
​ការបាត់បង់​កិច្ចព្រមព្រៀង EBA អាច​ប៉ះពាល់​ដល់​ឧស្សាហកម្ម​កាត់ដេរ របស់​ប្រទេស​កម្ពុជា​ដែលមាន​ចំនួន ១៦ ភាគរយ នៃ​ទំហំ​សេដ្ឋកិច្ច​របស់​ប្រទេស​៕
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com