ប្រមុខការពារជាតិអាមេរិក និងកូរ៉េខាងត្បូងឯកភាពគ្នាបន្តជំរុញការចរចាការទូតលើបញ្ហានុយក្លេអ៊ែរ កូរ៉េខាងជើង និងផ្លាស់ប្តូរមតិយោបល់គ្នាផងលើការកើនឡើងកម្តៅនៃទំនាក់ទំនងកូរ៉េខាងត្បូង និងជប៉ុនផង ក្នុងជំនួបនៅថ្ងៃសុក្រនេះ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ម៉ាក អេស្ពើ (Mark Esper) បានទៅដល់កូរ៉េខាងត្បូងតាំងពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូង តាំងពីចូលកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ។ លោកបានជួបជាមួយសមភាគីកូរ៉េខាងត្បូងនៅរសៀលថ្ងៃសុក្រនេះពីបញ្ហាតំបន់ និងទំនាក់ទំនងទ្វេភាគីផង។
ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap ផ្សាយថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Jeong Kyeong Doo និងលោក អេស្ពើ បានប្រកាសគាំទ្រដល់ដំណើរការចរចាតាមផ្លូវការទូតដើម្បីបញ្ចប់កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង។ ភាគីទាំងពីរក៏ប្តេជ្ញានឹងបន្តប្រឹងប្រែងដើម្បីធានាឲ្យមានការរំសាយអាវុធនុយក្លេអ៊ែរ កសាងសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េដែរ។
រដ្ឋមន្ត្រីការពារជាតិអាមេរិកបានបង្ហាញការប្តេជ្ញាចិត្តដែរចំពោះសម្ព័ន្ធភាពដែកថែបរវាងអាមេរិក និងកូរ៉េខាងត្បូងដែរ ហើយក៏សន្យាបន្តអនុវត្តឲ្យបានពេញលេញលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រឆាំងកូរ៉េខាងជើង។
ក្រៅពីបញ្ហានុយក្លេអ៊ែរ មន្ត្រីជាន់ខ្ពស់ទាំងពីរក៏ពិភាក្សាពីបញ្ហាផ្សេងទៀតក្នុងនោះមាន វិបត្តិពាណិជ្ជកម្មរវាងកូរ៉េខាងត្បូងជាមួយជប៉ុនផងដែរ ហើយគេមិនដឹងច្បាស់ទេថា ភាគីបានជជែកគ្នាពីបញ្ហាបង់ថ្លៃការពាររបស់កូរ៉េខាងត្បូងដល់អាមេរិកឬអត់ឡើយ។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងបានលើកកង្វល់ប្រាប់សមភាគីអាមេរិក ហើយអះអាងថា ទង្វើរបស់ជប៉ុនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងសន្តិសុខរវាងត្រីភាគីផង។ តាមពិតទៅ តូក្យូ សេអ៊ូល និងវ៉ាស៊ីនតោនមានកិច្ចព្រមព្រៀងព័ត៌មានយោធា និងសន្តិសុខជាតិសម្ងាត់នេះ ដែលជួយសម្របសម្រួលការប្រមូលព័ត៌មានចារកម្មធានាទប់ស្កាត់ការគំរាមកំហែងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។
តាមពិតទៅ ទស្សនកិច្ចរដ្ឋមន្ត្រីការពារជាតិអាមេរិកកើតឡើង បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថាកូរ៉េខាងត្បូងយល់ព្រមបង់វិភាគទានលើមូលដ្ឋានទ័ពអាមេរិកក្នុងកូរ៉េខាងត្បូង។ នៅក្រោមកិច្ចព្រមព្រៀងឆ្នាំនេះ ទីក្រុងសេអ៊ូល យល់ព្រមបង់វិភាគទាន ៩១៥លានដុល្លា ដែលមានការកើនឡើង ៨,២ ភាគរយ ប៉ុន្តែកិច្ចសន្យាត្រូវបញ្ចប់នៅចុងឆ្នាំ២០១៩នេះ។
ទស្សនកិច្ចនេះដែរក៏ធ្វើឡើង ក្រោយពីការសាកល្បងមីស៊ីលចំងាយខ្លីរបស់កូរ៉េខាងជើងដើម្បីព្រមានការធ្វើសមយុទ្ធយោធាអាមេរិក និងកូរ៉េខាងត្បូងដែរ៕